កម្ពុជា​​រក​​ឃើញ​​មនុស្ស​​២​នាក់​​​មាន​​ផ្ទុក​កូវីដ​​១៩​​ដែល​​ឆ្លង​​បន្ត​ពី​​គូ​សង្សារ​​បរទេស​មួយ​​គូ

ប្រជាពលរដ្ឋចេញចូលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួង​សុខាភិបាល​រក​ឃើញ​ស្រ្តី និង​បុរស​ចំនួន​ ២នាក់​ដែល​មាន​ផ្ទុក​កូវីដ​១៩ ​បាន​ឆ្លង​ពី​គូសង្សារ​ចិន​វៀតណាមមួយ​គូ​ដែល​ទើប​រក​ឃើញ​មាន​ផ្ទុក​កូវីដ​១៩​នា​ដើម​ខែនេះ។

ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​ចុះ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២០នេះ ​ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា​ អ្នក​ដែល​រក​ឃើញ​ពីរ​នាក់​ថ្មី​នេះ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ ដែល​រស់​នៅ​សង្កាត​់ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន​ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែក្រោម រាជធានី​ភ្នំពេញ។

ក្រសួងក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា៖ «បុរស [ជាប្ដី] រូប​នេះ​ ជា​មិត្ត​ភ័ក្រ​បុរស​ជនជាតិ​ចិន​ចូល​មក​កម្ពុជា ​នៅ​ថ្ងៃទី២០​ ខែ​មីនា ឆ្នាំ​២០២០ ជាអ្នក​ឧស្សាហ៍​ធ្វើ​ដំណើរឡើង​ចុះ និង​ក្រោយ​ពី​បាន​ចាក​ចេញ​ពី​កម្ពុជា​ នៅ​ថ្ងៃ​ទី០៣ មេសា ឆ្នាំ​២០២០ ក៏​បាន​រក​ឃើញ​មាន​វីរុស​កូវីដ១៩ ដោយ​អាជ្ញា​ធរ​សុខាភិបាល​នៅ​ប្រទេស​ចិន»។

កាល​ពី​ម្សិលមិញ ក្រសួង​សុខាភិបាល​ក៏បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ស្ត្រី​ជនជាតិ​វៀតណាម​ដែល​ជា​មិត្ត​ស្រី​របស់​ជនជាតិ​ចិន​ដែល​មាន​ផ្ទុក​ជំងឺកូវីដ១៩ ​ក៏​ត្រូវបាន​ធ្វើ​តេស្តឃើញ​វិជ្ជមាន​ផង​ដែរ និង​ត្រូវ​បានដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត។

បើ​តាម​ក្រសួង ​គូសង្សារ​ទាំង​ពីរ​បាន​ចូល​មក​កម្ពុជា ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែមីនា​ មក​ម្ល៉េះ ទោះ​ជា​យ៉ាង​ណា ក្រសួង​ពុំ​បាន​បញ្ជាក់​ប្រវត្តិ​ធ្វើ​ដំណើរ​ ឬ​ប្រវត្តិ​ទំនាក់ទំនងរបស់​ជនជាតិ​ចិន​ និង​វៀតណាម​ទាំង​ពីរ​នាក់​នោះ​ទេ។

គិត​ត្រឹម​ថ្ងៃ​ទី៨ ខែមេសានេះ ប្រទេស​កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវីដ​១៩ ចំនួន​ ១១៧នាក់ ក្នុង​នោះ​ស្រ្តី​មាន ៣៤នាក់ និង​ទារក​ម្នាក់ ខណៈ​ព្យាបាល​ជាសះស្បើយ​មាន ​៦៣នាក់ ​​ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ ៣២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ