ថៃបានសម្រេចត្រៀមកញ្ចប់ថវិកា ១.៩ទ្រីលានបាត ឬស្មើនឹង ៨២ពាន់លានដុល្លារ ដើម្បីសង្គ្រោះកំណើនសេដ្ឋកិច្ច ដែលត្រូវបានធនាគារពិភពលោកព្យាករថា នឹងដាំក្បាលចុះ ៥ភាគរយក្នុងឆ្នាំនេះ ក្រោមឥទ្ធិពលនៃវិបត្តិមេរោគរាតត្បាតសកលកូវីដ១៩។
បើតាមសម្រង់សម្តីរដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ ដែលត្រូវបានកាសែត StraitTimes របស់សិង្ហបុរីយកមកចុះផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា កញ្ចប់ថវិកានេះត្រូវបានអនុម័តយល់ព្រមដោយសភាថៃនៅថ្ងៃអង្គារម្សិលមិញ ហើយត្រូវបានបែងចែកប្រើប្រាស់ក្នុងគោលដៅចម្បងពីរ។
តាមប្រភពដដែល រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ លោក Uttama Savanayana បានលើកឡើងប្រាប់ក្រុមអ្នកកាសែតថា ចំណែកទី១ ដែលមាន ១ទ្រីលានបាត ត្រៀមសម្រាប់កិច្ចការសុខភាពសាធារណៈ និងវិធានការសង្គ្រោះផ្សេងៗចំនួន ៦០ភាគរយ និងវិធានការស្តារសេដ្ឋកិច្ច និងបង្កើតការងារឡើងវិញចំនួន ៤០ភាគរយ។
លោក Uttama បន្តថា ចំណែកទី២ ដែលត្រូវបានស្នើដោយធនាគារកណ្តាលមានចំនួន ៩០០ពាន់លានបាត នឹងទុកសម្រាប់ផ្តល់កម្ចីទុនដែលមានការប្រាក់ទាប និងគាំទ្រមូលបត្របំណុលសារជីវកម្មផ្សេងៗ ហើយថា ថវិកាទាំងនេះនឹងចាប់ផ្តើមប្រមូលពីដើមខែឧសភាពីប្រភពក្នុងស្រុកមួយភាគធំ។
វិធានការសេដ្ឋកិច្ចចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីថៃបានអនុម័តកញ្ចប់ថវិកា ១៧ពាន់លានដុល្លារ កាលពីថ្ងៃទី១០ ខែមីនា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលកំពុងរងផលប៉ះពាល់ ជាពិសេសលើវិស័យទេសចរណ៍ និងការនាំចេញ ដែលប្រទេសនេះពឹងអាស្រ័យខ្លាំង។
ដោយឡែក នៅថ្ងៃទី២៥ ខែមីនា ថៃក៏បានបញ្ចេញថវិកា ២០០ពាន់លានបាត សម្រាប់ផ្តល់ឱ្យពលរដ្ឋក្រីក្របាត់បង់ការងារអំឡុងវិបត្តិនេះ ដោយក្នុងម្នាក់ទទួលបាន ៥ពាន់បាតក្នុង១ខែ រយៈពេល ៣ខែ ហើយកម្មវិធីនេះធ្វើឡើងតាមការបើកឱ្យពួកគេចុះឈ្មោះស្នើសុំតាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ចុងខែមិថុនា។
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា លើកឡើងក្នុងសន្និសីទកាសែតមួយថា លោកចាត់ទុកជំងឺកូវីដ១៩ ស្ថិតក្នុងរបៀបវីរៈសំខាន់បំផុតរបស់ជាតិ ហើយថា កញ្ចប់ថវិកាដាក់ចេញសម្រាប់សង្គ្រោះសេដ្ឋកិច្ចនៅពេលនេះ លោកនឹងចាត់ចែងឱ្យតឹងរ៉ឹង និងមានប្រសិទ្ធភាពបំផុត។
ក្រោមវិធានការសេដ្ឋកិច្ចនេះ អភិបាលធនាគារថៃ លោក Veerathai Santiprabhob លើកឡើងក្នុងសន្និសីទកាសែតដាច់ដោយឡែកមួយថា ធនាគារកណ្តាលថៃនឹងផ្តល់កម្ចីការប្រាក់ទាបក្នុងទំហំទឹកប្រាក់ ៥០០ពាន់លានបាត បន្ថែមពីលើការពន្យារពេលសងត្រឡប់ ដើម្បីជួយដល់អាជីវកម្មខ្នាតតូចផ្សេងៗដែលរងគ្រោះដោយសារមេរោគរាតត្បាត។
លោក Veerathai បន្ថែមថា ធនាគារកណ្តាលថៃក៏នឹងកាត់បន្ថយការបង់ចូលមូលនិធិអភិវឌ្ឍន៍ស្ថាប័នហិរញ្ញវត្ថុរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ សម្រាប់រយៈពេល ២ឆ្នាំ ពី ០.៤៦ភាគរយ មកនៅត្រឹម ០.២៣ភាគរយ នៃចំនួនប្រាក់បញ្ញើក្នុងមួយឆ្នាំ ហើយនិងបន្តតាមដានស្ថានភាពវិវត្តនៃការរាតត្បាតយ៉ាងយកចិត្តទុកដាក់។
អាជ្ញាធរថៃ បានដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ចាប់ពីបិទសាលា ផ្សារទំនើប ហាមការប្រមូលផ្តុំ រហូតដល់ដាក់បម្រាមគោលចរទូទាំងប្រទេសនៅពេលយប់ចាប់ពីសប្តាហ៍មុន បន្ទាប់ពីការដាក់ប្រទេសក្នុងគ្រាអាសន្ន មិនអាចទំលាក់តួលេខឆ្លងថ្មីក្នុង១ថ្ងៃក្រោម១០០ករណី។
គិតត្រឹមថ្ងៃពុធនេះ ករណីឆ្លងនៅថៃបានឡើងដល់ជាង ២ពាន់ករណី (២៣៦០ករណី) កើនជាងថ្ងៃម្សិលមិញជាង ១រយករណី (១១១ករណី) ក្នុងនោះករណីស្លាប់ឡើងដល់ ៣០ករណី កើនជាងថ្ងៃម្សិលមិញ ៣ករណី ខណៈមេរោគនេះបានសម្លាប់មនុស្សអស់ជាង ៨ម៉ឺននាក់ កើនលើសថ្ងៃម្សិលមិញ ១ម៉ឺននាក់ ក្នុងចំណោមអ្នកដែលបានឆ្លងជាង ១លាន ៤សែននាក់៕