ក្រុម​សហ​ជីព​រក​អន្តរា​គមន៍​ពី​លោក ហ៊ុន សែន ជួយ​ដោះ​លែង​សកម្ម​ជន​របស់​ខ្លួន​៨​នាក់​កំពុង​ជាប់​ឃុំ​

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ប្រាប់អ្នកសារព័ត៌មានមុនចាប់ផ្ដើម សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិលើ “សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីសហជីព” ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

ក្រុមសហជីពរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយដោះលែងសកម្មជនរបស់ខ្លួនចំនួន ៨នាក់ដែលកំពុងជាប់ឃុំ ឱ្យមានសេរីភាពឡើងវិញ។

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ សកម្មជនសហជីពចំនួន ៦នាក់របស់សហភាពការងារកម្ពុជា មានលោក សុខ សុខន លោក អេង ផៃ លោក រិទ្ធិ សារៃ លោក រុន វ៉ា លោក លោក សុវណ្ណ វីរៈ និងលោក ឌុល សុវណ្ណ ត្រូវបានសាលាដំបូងខេត្តសៀមរាបសម្រេចឃុំខ្លួនបណ្តោះអាសន្នទៅតាមបណ្តឹងរបស់ក្រុមហ៊ុនព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដោយចោទប្រកាន់ថា «លួចមានស្ថានទំងន់ទោស»

ចំណែកសកម្មជនសហជីពចលនាកម្មករប្រចាំរោងចក្រផលិតកាបូប ស៊ូភៀល នៅខេត្តកំពង់ស្ពឺ អ្នកស្រី សយ ស្រស់ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួនបណ្តោះអាសន្នកាលពីថ្ងៃទី០៣ ខែមេសា ទៅតាមបណ្តឹងរបស់ក្រុមហ៊ុន ក្រោមការចោទថា «ផ្សព្វផ្សាយព័ត៌មានមិនពិត» និងសកម្មជនសហជីពម្នាក់ទៀតប្រចាំរោងចក្រ សាញនីង គឺលោក ម៉ៅ វណ្ណ ក៏ត្រូវបានតុលាការសម្រេចឃុំខ្លួនពាក់ព័ន្ធវិវាទការងារដែរ។

ក្នុងសំណើមួយដាក់ទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ គឺក្រុមសហជីព មានសភាពការងារកម្ពុជា សហភាពចលនាកម្មករ សម្ព័ន្ធសហជីពស៊ីខៅឌូ (C.CAWDU) សម្ព័ន្ធសហជីពកម្ពុជា និងសហជីពផ្សេងៗទៀត បានស្នើទៅលោក ហ៊ុន សែន ជួយអន្តរាគមន៍ដោះលែងសកម្មជនសហជីពចំនួន ៨នាក់នោះ ឱ្យមានសេរីភាពវិញ ដោយឥតលក្ខខណ្ឌ និងបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពសហជីព។

មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី គឺលោក គង់ ចំរើន បានទទួលសំណើពីក្រុមសហជីព ប៉ុន្តែ លោកមិននិយាយអ្វីនោះទេ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍បន្ថែមលើសំណើថា តុលាការខេត្តសៀមរាបបានឃុំខ្លួនសកម្មជនសហជីពរបស់លោក ៦នាក់ នៅរយៈពេលជាង ៦ខែហើយ។ លោកថា ការឃុំខ្លួននោះជារឿងអយុត្តិធម៌មួយសម្រាប់សកម្មជនរបស់លោក ដោយថា តុលាការពុំមានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុកទេ ហើយក៏មិនបានស៊ើបអង្កេតរកមូលហេតុឱ្យបានច្បាស់លាស់ដែរ។

មេសហជីពរូបនេះ បន្តថា ករណីក្រុមហ៊ុនព្រលានយន្តហោះអន្តរជាតិសៀមរាប ប្តឹងសកម្មជនសហជីពទៅតុលាការនេះ កើតឡើងពីការគុំកួន និងរើសអើងសហជីព។ លោកថា កន្លងមក ក្រុមហ៊ុនតែងតែធ្វើទុក្ខបុកម្នេញលើសកម្មជនសហជីព ដោយបានបញ្ឈប់ពីការងារជាហូរហែ ដោយសារ ពួកគេមិនឯកភាពតាមក្រុមហ៊ុនដែលតម្រូវឱ្យធ្វើការពហុជំនាញច្រើនមុខ។

លោកបន្ថែមថា៖ «ក្រុមហ៊ុនព្រលានយន្តហោះអន្តរជាតិហ្នឹង មានជម្លោះជាមួយសហជីពជាញឹកញាប់ ពីការបង្ខំឱ្យកម្មករធ្វើពហុជំនាញ មានន័យថា កម្មករធ្វើការច្រើនមុខក្នុងពេលតែមួយ ប៉ុន្តែ ខាងសហជីព និងកម្មករមិនព្រម ហើយនៅពេលដាច់អនុសញ្ញារួមឆ្នាំចាស់នោះ គាត់មិនតអនុសញ្ញារួមថ្មីទេ។ ដល់អីចឹង កម្មករខាតប្រយោជន៍ច្រើនណាស់។ ហើយដល់អីចឹងទៅ ក្រុមហ៊ុនហ្នឹងបានធ្វើទុក្ខបុកម្នេញ ដោយបញ្ឈប់ថ្នាក់ដឹកនាំសហជីពជាបន្តបន្ទាប់ ៥ ទៅ ៦នាក់ រហូតពេលនេះមិនទាន់បានចូលធ្វើការវិញផងទេ។ រហូតដល់ចុងក្រោយមានរឿងហ្នឹង [ចោទសហជីពលួចអីវ៉ាន់] តែម្តងទៅ។ អីចឹង រឿងប្តឹងផ្តល់នេះ អាចជារឿងគុំកួន»

កាលពីថ្ងៃទី៣ ខែមេសា ក្រុមសហជីពបានចេញសេចក្តីថ្លែងការណ៍រួមមួយបានឱ្យដឹងថា សកម្មជនសហជីពចលនាកម្មករប្រចាំរោងចក្រផលិតកាបូប ស៊ូភៀល នៅខេត្តកំពង់ស្ពឺ អ្នកស្រី សយ ស្រស់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីអ្នកស្រីបង្ហោះសារលើបណ្តាញហ្វេសប៊ុក ដោយសរសេរថា «ថៅកែរោងចក្រ ស៊ូភៀល កំពុងផ្គើននឹងប្រសាសន៍របស់សម្តេច និងសេចក្តីប្រកាសរបស់ក្រសួងការងារ ព្រោះកុំថាឡើយកម្មករធម្មតា សូម្បីកម្មការិនីមានផ្ទៃពោះ ៦ខែ ក៏ថៅកែក្រុមហ៊ុននេះ បញ្ចប់កិច្ចសន្យាការងារដែរ» ដែលភាគីក្រុមហ៊ុនចាត់ទុកការបង្ហោះសារបែបនេះថា បានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងបំពុលព័ត៌មាន។

ប៉ុន្តែ ក្នុងសេចក្តីថ្លៃងការណ៍រួមដដែលនេះ ក្រុមសហជីពបានចាត់ទុកការលើកឡើងរបស់អ្នកស្រី សយ ស្រស់ នោះ មិនមែនជាការបរិហារកេរ្តិ៍ ឬបំពុលព័ត៌មាននោះទេ ដោយថា អ្វីដែលអ្នកស្រីលើកឡើង ប្រហែលអ្នកស្រីទទួលបានព័ត៌មានពីសមាជិក ឬកម្មករដែលរាយការណ៍ឱ្យអ្នកស្រីជួយដោះស្រាយក្នុងនាមជាតំណាងរបស់ពួកគេប៉ុណ្ណោះ។

ក្រុមសហជីពយល់ថា ករណីក្រុមហ៊ុន និងសមត្ថកិច្ចអនុវត្តលើអ្នកស្រី សយ ស្រស់ នោះ គឺជាការគំរាមកំហែងធ្ងន់ធ្ងរ និងមានចេតនាបំបាក់ស្មារតីទៅលើថ្នាក់ដឹកនាំ​ និងសកម្មជនសហជីពតែប៉ុណ្ណោះ ហើយបានទាមទារទៅគ្រប់ថៅកែរោងចក្រ និងអាជ្ញាធរ បញ្ឈប់សកម្មភាពរើសអើង និងធ្វើទុក្ខបុកម្នេញលើថ្នាក់ដឹកនាំ និងសកម្មជនសហជីពតទៅទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ