កម្មករ-កម្មការនីបម្រើការងារនៅរោងចក្រមួយ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បាននាំគ្នាតវ៉ានៅថ្ងៃនេះ ដើម្បីសុំឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំ បើទោះបីជារដ្ឋាភិបាលប្រកាសផ្អាកថ្ងៃបុណ្យជាតិមួយនេះ ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ ក៏ដោយ។
កម្មកររាប់រយនាក់បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ អាកាសសិត ហ្គាមេន (ACCASETTE GAMRMENT CO.,LTD) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសួនឧស្សាហកម្មវឌ្ឍនៈ២ ក្នុងសង្កាត់ក្រាំពង្រ បាននាំគ្នាតវ៉ារយៈពេលខ្លីប្រហែលជិត ២០នាទី ដើម្បីទាមទារទៅថៅកែអនុញ្ញាតឱ្យពួកគេបានឈប់សម្រាកចំនួន ៨ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមេសា។
កម្មការិនីម្នាក់ដែលសុំមិនប្រាប់ឈ្មោះ ដោយសារបារម្ភពីសុវត្ថិភាពការងារ បានប្រាប់វីអូឌីថា ក្រុមកម្មករចង់ឈប់សម្រាកនៅផ្ទះបានជួបជុំជាមួយគ្រួសារមួយរយៈ និងចង់នៅដាច់ដោយឡែកពីក្រុមមនុស្សជាច្រើនផ្សេងទៀតដូចនៅក្នុងរោងចក្រ ដើម្បីបង្ការជំងឺកូវីដ១៩ផងដែរ។
កម្មការិនីរូបនេះ និយាយថា ការធ្វើការងារនៅក្នុងរោងចក្របច្ចុប្បន្ន គឺធ្វើទាំងភ័យខ្លាច ដោយសារជួបជុំមនុស្សច្រើនជារៀងរាល់ថ្ងៃ ដោយមិនដឹងថា អ្នកណាខ្លះមានផ្ទុកជំងឺកូវីដ១៩នោះទេ។ អ្នកស្រីថា នៅក្នុងរោងចក្រមិនប្រាកដថា មានសុវត្ថិភាពនោះដែរ។
អ្នកស្រីបន្ថែមថា៖ «ពួកយើងដឹងថា ជំងឺហ្នឹងវាកាចសាហាវ ប៉ុន្តែ ពួកយើងចង់ឈប់នៅផ្ទះសម្រាកមួយរយៈដើម្បីឱ្យវាសប្បាយចិត្ត។ ណាមួយធ្វើនៅរោងចក្រ ខ្លាចអ្នកផ្សេងមកគេមានជំងឺឆ្លងដែរ ព្រោះធ្វើការនៅរោងចក្រ ក៏នៅតែជួបជុំគ្នាដែរ។ អីចឹង ចេះតែភ័យខ្លាច ចង់នៅផ្ទះមួយរយៈ ព្រោះពួកយើងអត់ចង់ដើរទៅណាទេ ព្រោះនៅទីនេះជាកន្លែងជំងឺអីចឹង គឺខ្លាចហ្មង។ ពួកយើងធ្វើការនៅរោងចក្ររាល់ថ្ងៃទាំងភ័យខ្លាចដែរ»។
បើតាមកម្មការិនីដដែលនេះ ការតវ៉ានៅព្រឹកមិញនេះ គឺភាគីរោងចក្រមិនទាន់ហ៊ានសម្រេច និងឆ្លើយតបទេដោយប្រាប់ថា រង់ចាំការពិភាក្សាជាមួយតំណាងក្រសួងនៅរសៀលម៉ោង ៣ថ្ងៃនេះ។
កាលពីថ្ងៃទី៧ ខែមេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសផ្អាកការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ ដោយតម្រូវឱ្យមន្រ្តីរាជការ និងបុគ្គលិកឯកជនធ្វើការតាមធម្មតា ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩។ លោកបន្តថា រដ្ឋាភិបាលនឹងសងថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃវិញ នៅពេលដែលកូវីដ១៩ បាត់ទៅវិញ។
លោកលើកឡើងថា៖ «ចឹងកន្លែងដែលមានសុវត្ថិភាពបំផុតនៅពេលនេះ នៅតាមរោងចក្រ នៅតាមក្រុមហ៊ុន នៅតាមស្ថាប័ន គឺជាជម្រើសសុវត្ថិភាពបំផុតហើយ។ បើទុកបណ្តោយឱ្យដើរលេង សភាពការណ៍នេះ ក្រោយចូលឆ្នាំខ្មែរហើយ អាចនឹងមានហានិភ័យខ្ពស់បំផុត។ អីចឹងទេ សូមបងប្អូន មន្រ្តីរាជការរបស់យើង ក៏ដូចជាកម្មករកម្មការិនីរបស់យើង មេត្តាយោគយល់ចំពោះការលំបាករបស់ប្រទេសជាតិ។»
ក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី៩ ខែមេសានេះ ក្រសួងការងារបានដាក់ចេញនូវវិធានការបន្ថែមទៀតចំពោះរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដើម្បីបង្ការជំងឺកូវីដ១៩ ក្នុងអំឡុងពេលលើកការឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ក្នុងសេចក្តីជូនដំណឹងដដែលនេះ ក្រសួងការងារបានតម្រូវឱ្យកម្មករនិយោជិតទាំងអស់ ត្រូវបន្តធ្វើការងារដូចថ្ងៃធម្មតានៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថានរបស់ខ្លួន ហើយថា ក្នុងករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកដោយខ្លួនឯងៗក្នុងអំឡុងពេលបុណ្យចូលឆ្នាំនេះ គឺកម្មកររូបនោះនឹងត្រូវដាក់ក្នុងវិធានចត្ថាឡឺស័កសុខាភិបាល ពោលគឺ ដាក់កម្មកររូបនោះ ដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ មុនចូលបំពេញការងារវិញ និងមិនទទួលបានប្រាក់ឈ្នួលឡើយក្នុងរយៈពេលនោះ។
ចំពោះករណីកម្មករនិយោជិតណាដែលឈប់សម្រាកដោយមានការអនុញ្ញាតពីថៅកែ គឺកម្មកររូបនោះ ក៏ត្រូវដាក់ដាច់ដោយឡែករយៈពេល ១៤ថ្ងៃ មុនចូលបំពេញការងារវិញដែរ ប៉ុន្តែ ត្រូវទទួលបានប្រាក់ឈ្នួលក្នុងអំឡុងពេលដាក់ដាច់ដោយឡែកនោះ។
បើតាមកម្មករ គឺភាគច្រើនកម្មករដែលបម្រើការងារនៅតាមបណ្តារោងចក្រនានាក្នុងតំបន់សេដ្ឋពិសេសសួនឧស្សាហកម្មវឌ្ឍនៈ២ ក្នុងសង្កាត់ក្រាំពង្រ ខណ្ឌដង្កោនោះ បានស្នើទៅថៅកែសុំឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំដែរ។
កាលពីថ្ងៃទី៨ ខែមេសា សម្ព័ន្ធសហជីពចលនាកម្មករ បានចេញសេចក្តីជូនដំណឹងមួយប្រាប់ដល់កម្មករទាំងអស់ ត្រូវអនុវត្តនូវវិធានការរបស់រដ្ឋាភិបាល ដើម្បីបញ្ចៀសករណីវិវាទ និងវិធានការផ្លូវច្បាប់នានា។
សហជីពមួយនេះ បានអំពាវនាវដល់កម្មករដែលសមាជិករបស់ខ្លួនទាំងអស់ត្រូវរក្សាភាពស្ងៀមស្ងាត់ និងបន្តធ្វើការងារធម្មតា រួមទាំងអនុវត្តការណែនាំរបស់ក្រសួងសុខភិបាលក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវី១៩៕