កម្មករ​រោង​ចក្រ​មួយ​នៅ​ខេត្ត​កណ្តាល​បន្ត​ដេក​​តវ៉ា ក្រោយ​ថៅកែ​បិទ​ទ្វារ​មិន​ទាន់​ផ្តល់​សំណង​

កម្មករ​-កម្មការិនី​បម្រើការ​ងារ​នៅ​រោង​ចក្រ ​ឌី​កនើធី​ នី​តធើរ​ លីមីត​ធី​ត (Dignity​ Knitter​ Limited​) ស្ថិត​នៅ​ក្រុង​តាខ្មៅ ​ខេត្ត​កណ្ដា​ល ដេកយាមមុខរោងចក្រ ដើម្បីទប់​ស្កាត់មិនឱ្យថៅកែដឹកសម្ភារចេញ ដោយថារោងចក្រនៅជំពាក់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗរបស់ពួកគាត់ជាកម្មករ កាលពីដើមខែមេសា ឆ្នាំ២០២០។ (Sophea Phin)

កម្មករ​-កម្មការនី​បម្រើការ​ងារ​នៅ​រោង​ចក្រ ​ឌី​កនើ​ធី​ នី​តធើរ​ លីមីត​ធី​ត (Dignity​ Knitter​ Limited​) ស្ថិត​ក្នុងឃុំសិត្បូ ​ក្រុង​តាខ្មៅ ​ខេត​កណ្ដា​ល បានបន្តនាំគ្នាដេកយាម និងតវ៉ានៅមុខរោងចក្រទៀត ដើម្បីទប់ស្កាត់មិនឱ្យថៅកែដឹកសម្ភារចេញ ខណៈថៅកែរោងចក្រមួយនេះប្រកាសបិទទ្វារ ដោយមិនបានដោះស្រាយសំណងតាមផ្លូវច្បាប់ជូនពួកគេ។

សកម្មជនសហជីពស៊ីខៅឌូប្រចាំរោងចក្រ ឌីកនើធី នីតធើរ លីមីតធីត អ្នកស្រី សួរ សុជាតិ ប្រាប់វីអូឌីថា បន្ទាប់ពីក្រុមកម្មករនាំគ្នាដេកយាមមុខរោងចក្រជាង៣ខែ មិនឱ្យថៅកែដឹកសម្ភារចេញនោះ កាលពីថ្ងៃទី៨ ខែមេសា ក្រសួងការងារបានកោះហៅតំណាងរោងចក្រ និងតំណាងកម្មករចូលទៅដោះស្រាយគ្នានៅទីស្តីការក្រសួង ប៉ុន្តែ ការជួបចរចាគ្នារកដំណោះស្រាយនេះមិនត្រូវគ្នានោះទេ។

សកម្មជនសហជីពរូបនេះឱ្យដឹងថា ពេលចរចាគ្នានោះ គឺថៅកែបានប្រកាសបិទទ្វាររោងចក្រ ដោយសុំផ្តល់សំណងជូនកម្មករតែ ៣ចំណុចប៉ុណ្ណោះ ក្រោមហេតុផលថា ក្ស័យធនគ្មានលុយសម្រាប់បង់ជូនកម្មករ ប៉ុន្តែភាគីកម្មករមិនព្រម ដោយទាមទារ ៥ចំណុចទៅតាមច្បាប់។ អ្នកស្រី សួរ សុជាតិ បន្ត ក្រោយចរចាមិនត្រូវគ្នា ក្រុមកម្មករបានបន្តដេកយាមមុខរោងចក្រទៀតរហូតមកដល់ថ្ងៃនេះ ដើម្បីការពារកុំឱ្យថៅកែដឹកអីវ៉ាន់ និងសម្ភារចេញពីរោងចក្រ។

អ្នកស្រីបន្ថែមថា៖ «យើងមិនទាន់អាចទទួលសំណងតាមសំណើភាគីក្រុមហ៊ុនបានទេ។ ព្រោះក្រុមហ៊ុនប្រកាសបិទទ្វារ អីចឹងត្រូវទូទាត់សំណងជូនពួកយើងតាមផ្លូវច្បាប់។ ប៉ុន្តែ យ៉ាងណា យើងរង់ចាំជួបពិភាក្សាជាមួយកម្មករសិនថា យើងគួរសងសំណងប៉ុណ្ណាក្នុងស្ថានភាពនេះ ព្រោះពួកយើងក៏កំពុងជួបការលំបាកលើការចំណាយច្រើនដែរ»

វីអូឌីមិនអាចរកការឆ្លើយតបពីភាគីរោងចក្របានទេ ពាក់ព័ន្ធវិវាទការងារនេះ។

អនុប្រធានផ្នែកអន្តរាគមន៍ និងដោះស្រាយបាតុកម្មកូដកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ លោក អ៊ូ រតនា ដែលចុះសម្របសម្រួលដោះស្រាយវិវាទការងារនៅរោងចក្រនេះ មានប្រសាសន៍ថា ដោយសារតែការដោះស្រាយមិនទាន់ត្រូវគ្នានោះ គឺក្រសួងនឹងកោះហៅភាគីទាំងពីរទៅដោះស្រាយនៅទីស្តីការក្រសួងម្តងទៀត នៅថ្ងៃទី១៧ ខែមេសា។ លោកថា ភាគីកម្មករបានសុំពេលទៅពិភាក្សាគ្នាលើសំណើរបស់ក្រុមហ៊ុន ដែលសុំផ្តល់សំណងត្រឹម ៣ចំណុចនោះ។

លោកបន្ថែមថា៖ «ពួកគាត់យកជម្រើសនៃការប្រជុំនេះទៅពិភាក្សារគ្នា ហើយនៅថ្ងៃទី១៧ ខែមេសា គាត់យកចម្លើយមកឆ្លើយតបខាងនិយោជកវិញ។ អីចឹង មិនទាន់សម្រេចថា យ៉ាងណានៅឡើយទេ»

មន្រ្តី​ដោះស្រាយ​វិវាទ​នៅ​សម្ព័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ​ លោក​ ស៊ាង​ យ៉ូ​ត ដែលចូលសម្របសម្រួលដោះស្រាយជាមួយតំណាងក្រសួង តំណាងរោងចក្រ កាលពីថ្ងៃទី៨ ខែមេសា មានប្រសាសន៍ថា តាមផ្លូវច្បាប់ នៅពេលដែលរោងចក្រប្រកាសបិទទ្វារ ថៅកែត្រូវដោះស្រាយសំណងជូនកម្មករចំនួន ៥ចំណុច មានប្រាក់ខែចុងក្រោយ ប្រាក់អតីតភាពការងារ ប្រាក់ជូនដំណឹង ប្រាក់សំណងជំងឺចិត្ត និងប្រាក់ដំណាច់ឆ្នាំដែលនៅសល់។ ប៉ុន្តែ លោកថា ភាគីរោងចក្រសុំផ្តល់សំណងជូនកម្មករចំនួន ៣ចំណុច មានប្រាក់ខែចុងក្រោយ ប្រាក់អតីតភាពការងារ និងប្រាក់ដំណាច់ឆ្នាំដែលនៅសល់ គឺមិនត្រឹមត្រូវនោះទេ។

បើតាមលោក ស៊ាង យ៉ូត រោងចក្រ ឌីកនើធី នីតធើរ លីមីតធីត (Dignity Knitter Limited) មានកម្មករសរុប ១០៤៩នាក់ ហើយថៅកែរោងចក្រនេះ ជំពាក់សំណងកម្មករតាមផ្លូវច្បាប់ប្រហែល ១លាន ៥៩ម៉ឺន ៩ពាន់ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ