លោក​នាយក​រដ្ឋ​មន្ត្រី​អំពាវ​នាវ​ឱ្យ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​គោរព​ច្បាប់​ប្រទេស​គេ ​​

នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅពលករ-ពលការិនី ដែលកំពុងរស់នៅ និងធ្វើការក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ ឱ្យគោរពតាមច្បាប់ និងបទបញ្ញត្តិទាំងឡាយដែលប្រទេសគេបានដាក់ចេញ រួមទាំងច្បាប់បម្រាមគោលចរ និងបម្រាមជួបជុំគ្នាជាក្រុម ឬជប់លៀងជាក្រុម ដែលពេលនេះប្រទេសគេកំពុងមានការហាមឃាត់តឹងរ៉ឹងបំផុតក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។

សារជូនពរទៅពលរដ្ឋនៅលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ លោកបានអរគុណពលរដ្ឋ​ចំពោះការយកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសយើង។

បន្ថែមពីនេះ លោកក៏បានអំពាវនាវឱ្យពលរដ្ឋដែលកំពុងរស់នៅ និងធ្វើការងារនៅក្រៅប្រទេស កុំធ្វើអ្វីដែលខុសច្បាប់នៅក្នុងប្រទេសគេដែលកំពុងដាក់ក្នុងគ្រាអាសន្នឱ្យសោះ។

ហ្វេសប៊ុកលោក ហ៊ុន សែន បន្តថា៖ «សំខាន់ណាស់នៅពេលនេះ គឺសុវត្ថិភាពសុខភាពអាយុជីវិតបងប្អូនកូនក្មួយពលករពលការិនីផ្ទាល់។ សូមបងប្អូនយោគយល់ និងគោរពច្បាប់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសភាគច្រើនបានដាក់ចេញនូវបទបញ្ញត្តិ និងបម្រាមដ៏តឹងរ៉ឹងក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩»។

​ការអំពាវនាវ​របស់ប្រមុខរដ្ឋាភិបាលនេះ ក្រោយពេលសារព័ត៌មានថៃឈ្មោះ ប៉ាធុមថានី (Pathumthani News) បានចុះផ្សាយ​ថា​ សមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរប្រុសស្រីចំនួន ១៧នាក់ កាលពីល្ងាចថ្ងៃម្សិលមិញ ដោយសារពួកគេប្រមូលផ្តុំគ្នាផឹកគ្រឿងស្រវឹងនៅមុខបន្ទប់ជួល។

សមត្ថកិច្ចថៃបញ្ជាក់ថា ការឃាត់ខ្លួនពលរដ្ឋខ្មែរនេះ ដោយសារពួកគេបាន​បំពានបម្រាមរបស់រដ្ឋាភិបាលថៃដែលហាមមិនឱ្យមានការជួបជុំ​សេពគ្រឿងស្រវឹងអំឡុងពេល​ចូលឆ្នាំ ដើម្បីទប់ស្កាត់ការរីករាល​ដាលនៃជំងឺកូវីដ១៩។

កាលពីថ្ងៃទី១២ ខែមេសា រដ្ឋាភិបាល​ថៃបានដាក់បម្រាមលើការលក់គ្រឿងស្រវឹង ព្រមទាំងបញ្ជាឱ្យបិទហាង ឬដេប៉ូលក់ស្រា និងស្រាបៀរនៅទូទាំង ៧៧ខេត្ត-រាជធានី ទូទាំងប្រទេសថៃ ក្នុងអំឡុងរដូវបុណ្យចូលឆ្នាំថ្មី ដើម្បីបញ្ចៀសការជួបជុំ និងប្រមូលផ្តុំគ្នាផឹកគ្រឿងស្រវឹងដែលនាំឱ្យមានការរីករាលដាលនៃកូវីដ១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ