ក្រុមហ៊ុន​នៅ​វៀត​ណាម​ខាត​ចំណូល​យ៉ាង​តិច​៣០​ភាគ​រយ​ដោយ​សារ​ជំងឺ​កូវីដ​១៩​

បុរសម្នាក់កាន់ Tablet មួយដែលសរសេរថា The Impact of COVID-19 on Business Vietnam។ (indochina-research.com)

របាយការណ៍ថ្មីមួយលើកឡើងថា ក្រុមហ៊ុននៅក្នុងប្រទេសវៀតណាមមួយចំនួនបានខាតបង់ប្រាក់ចំណូលយ៉ាងហោចណាស់ ៣​០​ភា​គរយ ​នៅឆ្នាំ២០២០នេះ ហើយមួយចំនួនកំពុងប្រឈមហានិភ័យលំហូរសាច់ប្រាក់ និងបាត់បង់ការបញ្ជាទិញដោ​យសារជំងឺកូវីដ១៩។

របាយការណ៍ស្ទង់មតិរបស់ Indochina Research ចេញកាលពីថ្ងៃសុក្រសប្តាហ៍មុន បានរកឃើញថា ជំងឺកូវីដ១៩ បានបណ្តាលឱ្យក្រុមហ៊ុននៅវៀតណាមពាក់កណ្តាលបាត់បង់ចំណូលពីការលក់យ៉ាងហោច ៣០ភា​គរយក្នុងឆ្នាំនេះ ដោ​យអតិថិជនរ​បស់ពួកគេពន្យារពេល ឬលុបចោលការបញ្ជាទិញ។

តាមលទ្ធផលស្ទង់មតិក្នុងរបាយការណ៍រកឃើញទៀតថា នៅក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ មានក្រុមហ៊ុន ២៦ភាគរយ ​ប៉ាន់ប្រមាណថា ពួកគេនឹងខាតបង់ចំណូ​ល ៦០ភាគរយឡើង ក្រុមហ៊ុន ២៦ភាគរយ នឹងខាតចន្លោះពី ៣១ ទៅ ៦០ភាគរយ ហើយក្រុមហ៊ុន ៤៨ភាគរយទៀតនឹងខាតក្រោ​​ម ៣០ភាគរយ។

ការសិក្សារបស់ក្រុមហ៊ុនស្រាវជ្រាវប្រចាំតំបន់ឥណ្ឌូចិនមួយនេះរកឃើញបន្ថែមថា ក្រុមហ៊ុនដែលបានចូ​ល​រួមផ្តល់ការស្ទង់មតិពាក់កណ្តាលប្រឈមនឹងបញ្ហាខ្វះទុនបង្វិលសម្រាប់ប្រតិបត្តិការរយៈពេល ៣ខែ ហើ​យក្រុមហ៊ុន ១០ភាគរយទៀត ប្រឈមនឹងបញ្ហានេះក្នុងរយៈពេលដ៏ខ្លីត្រឹម ១ខែ។

ការសិក្សាថ្មីនេះ ធ្វើឡើងសម្រាប់សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅក្នុងប្រទេសវៀតណាម CC​IF តាមការស្រង់មតិពីក្រុមហ៊ុនចំនួន ១១៦ តាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា។ ក្នុ​ង​នោះ​ មានក្រុមហ៊ុន អាជីវកម្ម ឬ​សហគ្រា​សខ្នាតធំ (មានបុគ្គលិកលើសពី ៥០០នាក់) ១៣ភាគរយ ក្រុមហ៊ុនខ្នាតតូច និងមធ្យម SME (មា​​ន​បុ​គ្គលិកចន្លោះពី១១ ទៅ​៥០០នាក់) ៥៩ភាគរយ និងក្រុមហ៊ុនខ្នាតមីក្រូ (មានបុគ្គលិកតិចជាង ១០នាក់) ២៨ភាគរយ​។

តាមទិន្នន័យសម្រង់មតិ ក្រុមហ៊ុនទាំងអស់នោះត្រូវការសាច់ប្រាក់បង្វិលប្រមាណ ១១លានដុល្លារនៅដំ​ណាច់​​ខែមិថុនា និងប្រ​មាណ ២២លានដុល្លារនៅដំណាច់ឆ្នាំ។

ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុនេះ ៤៥ភាគរយនៃក្រុមហ៊ុនទាំង ១១៦ កំពុងពិចារណាកាត់បន្ថយកម្លាំងបុគ្គលិករបស់ពួកគេ ដោយក្នុងនោះ មានក្រុមហ៊ុន ៧៧ភាគរយ គ្រោងកាត់ដល់ ២០ភាគរយ ក្រុមហ៊ុន ១៧ភាគរយ គ្រោងកាត់ពី ៤០ ទៅ ៦០ភាគរយ និងក្រុមហ៊ុន ៧ភាគរយទៀត គ្រោងកាត់ចាប់ពី ៦១ភាគរយឡើង។

ប្រភពដដែលឱ្យដឹងដែរថា ក្រុមហ៊ុនរំពឹងថា រដ្ឋាភិបាលនឹងជួយពួកគេបន្ទាបការប្រាក់ឥណទានដែលពួកគេខ្ចីពីធ​នា​គារ (៥៣ភា​គរយ) ហើយពន្យារពេល ឬលុបចោលថ្លៃចំណាយលើទឹក/ភ្លើង (៥១ភាគរយ) ពន្ធលើប្រាក់ចំណេញរបស់ក្រុមហ៊ុន ថ្លៃឈ្នួលជួ​លទីតាំងបើកអាជីវកម្ម ប្រា​ក់ធានារ៉ា​ប់រងរបបសន្តិសុខសង្គម ពន្ធគយ និងពន្ធលើប្រាក់ចំណូលបុគ្គលិក ជាដើម។

យ៉ាងនេះក្តី ៧៥ភាគរយនៃស្ថាប័នឯកជនទាំងនេះ មិនទាន់បានដាក់សំណើទៅកាន់អាជ្ញាធររដ្ឋាភិបាល ដើម្បីស្នើសុំការគាំទ្រដល់ពួកគេនៅឡើយ។

វៀតណាម កាលពីសប្តាហ៍មុន បានដាក់ចេញគោលនយោបាយសារពើពន្ធ Circle 01 ដើម្បីឱ្យស្ថាប័នផ្តល់ក​ម្ចីឥណទានក្នុងស្រុកនានា ត្រូវបន្ទាបការប្រាក់ និងពន្យារពេលសងត្រឡប់ដល់អតិថិជនរបស់ពួកគេ ជាមួយកញ្ចប់ទុនមូលនិធិជា​ង ១២ពាន់លា​នដុល្លារ។

ដោយឡែក តាមប្រភពពីសារព័ត៌មានសេដ្ឋកិច្ច Bloomberg ចុះផ្សាយនៅថ្ងៃម្សិលមិញ បានឱ្យដឹងថា រដ្ឋាភិបាលវៀតណាមកំពុងរៀបចំកញ្ចប់ថវិកាសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចចំនួន ១៨០ទ្រីលានដុង (ស្មើនឹង ៧.៧ពាន់លានដុល្លារ) សម្រាប់ជួយក្រុមហ៊ុនក្នុងស្រុក និង ៦១ទ្រីលានដុង (ស្មើនឹង ២.៦ពាន់លានដុល្លារ) ដើម្បីសង្គ្រោះពលរដ្ឋកំពុងជួបបញ្ហាផ្នែកសេដ្ឋកិច្ចដោ​យសារវិបត្តិជំងឺកូវីដ១៩។

គិតត្រឹមថ្ងៃពុធនេះ បើតាមតួលេខពី WorldOMeters ករណីឆ្លងជំងឺកូវីដ១៩ នៅវៀតណាម បានកើនដល់ ២៦៦ករណី កើនជាងថ្ងៃម្សិលមិញ ១ករណី ក្នុងនោះ ករណីជាសះស្បើយមាន ១៦៩ករណី និងកំពុងស្ថិតក្រោមការព្យាបាល ៩៧ករណី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ