ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការគោរពសិទ្ធិមនុស្ស ពិសេសសិទ្ធិបញ្ចេញមតិដែលពលរដ្ឋលើកឡើងពីបញ្ហាដែលពួកគេជួបប្រទះ ឬភាពខ្វះចន្លោះផ្សេងៗរបស់រដ្ឋាភិបាល ក្នុងអំឡុងពេលប្រទេសនីមួយៗពេលមានវិបត្តិកូវីដ១៩។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី៩ ខែមេសា ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី មីស្យែល បាស្យេឡេត បានលើកឡើងថា ក្នុងការប្រឈមនឹងវិបត្តិកូវីដ១៩ រដ្ឋាភិបាលប្រទេសជាច្រើនកំពុងប្រឈមនឹងការសម្រេចចិត្តដ៏លំបាក ដើម្បីឆ្លើយតបនឹងភាពអាសន្ននៃសុខភាពសាធារណៈក្នុងប្រទេសរបស់ខ្លួន ទោះជាយ៉ាងណា បើទោះបីស្ថិតក្នុងស្ថានភាពបែបនេះក្ដី រដ្ឋទាំងនោះមិនត្រូវអនុវត្តវិធានការរបស់ខ្លួនដោយមិនគិតពីកាតព្វកិច្ចសិទ្ធិមនុស្សនោះឡើយ។
លោកស្រី បានបង្ហាញក្ដីបារម្ភរបស់ខ្លួនជាខ្លាំងចំពោះសិទ្ធិសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិរបស់ប្រជាជនក្នុងពេលដែលលោកស្រីទទួលបានព័ត៌មានជាបន្តបន្ទាប់ពីដាក់ទណ្ឌកម្ម និងការចាប់ខ្លួនអ្នកសារព័ត៌មាន និងប្រជាជន ដោយគ្រាន់តែពួកគេរាយការណ៍ និងបញ្ចេញយោបល់នៅលើបណ្ដាញសង្គម។
ក្នុងសេចក្តីថ្លែងការណ៍ លោកស្រីលើកឡើងថា៖ «វិធានការមិនច្បាស់លាស់ដែលត្រូវបានបង្កើតឡើងប្រយុទ្ធប្រឆាំងនឹងការចោទប្រកាន់ពី “ការផ្សាយព័ត៌មានមិនពិត” អាចត្រូវបានអនុវត្តចំពោះការរិះគន់ណាមួយ។ ហើយនៅក្នុងប្រទេសខ្លះ យើងបានឃើញរបាយការណ៍ពីអ្នកសារព័ត៌មានមួយចំនួន ត្រូវបានគេដាក់ទោសទណ្ឌ ព្រោះតែរាយការណ៍អំពីកង្វះម៉ាស់មុខ បុគ្គលិកសុខាភិបាលត្រូវបានស្តីបន្ទោសដោយសារតែការនិយាយថា ពួកគេខ្វះសម្ភារការពារ ហើយប្រជាជនសាមញ្ញត្រូវបានចាប់ខ្លួនដោយសារតែការបង្ហោះលើបណ្តាញសង្គមអំពីជំងឺរាតត្បាតនេះ។ មតិរិះគន់ មិនមែនជាបទល្មើសនោះទេ»។
លោកស្រីជំរុញរដ្ឋាភិបាលទាំងអស់ បង្កើនលទ្ធភាពទទួលបានព័ត៌មាន និងស្ថិតិឱ្យបានត្រឹមត្រូវ ដោយថា ការបង្ហាញតម្លាភាព គឺមានសារៈសំខាន់បំផុត ហើយអាចជួយសង្គ្រោះជីវិតមនុស្សនៅក្នុងវិបត្តិសុខភាពនេះបាន។
អ្នកនាំពាក្យនគរបាលជាតិ លោក ឆាយ គឹមឃឿន បានឱ្យ VOD ដឹងថា ចាប់តាំងពីមានការផ្ទុះមេរោគកូវីដ១៩ រហូតដល់ថ្ងៃពុធនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនមនុស្សចំនួន ៤២នាក់ហើយ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញ៉ង់ឱ្យមានចលាចលសង្គម។ លោកបន្ថែមថា ក្នុងចំនោមមនុស្សទាំងនោះ មាន ២០នាក់ ត្រូវបានបញ្ជូនខ្លួនទៅបន្តនីតិវីធីនៅតុលាការ ហើយក្រៅពីនេះ ត្រូវបានណែនាំ និងដោះលែងឱ្យត្រលប់ទៅផ្ទះវិញ។
លោកមានប្រសាសន៍ថា៖ «ធម្មតា នគរបាលយុត្តិធម៌ធ្វើអីក៏ត្រូវឆ្លងកាត់តុលាការដែរ សូម្បីតែនាំខ្លួនមកសាកសួរ ក៏ត្រូវសុំពីព្រះរាជអាជ្ញាដែរ។ សាកសួរហើយ យើងត្រូវរាយការណ៍ទៅព្រះរាជអាជ្ញា ដើម្បីពិនិត្យសម្រេចថា ត្រូវបញ្ជូនខ្លួនបន្ត ឬក៏ត្រូវអប់រំដោះលែង គឺយើងអនុវត្តតាមនីតិវិធីទាំងអស់ មិនមែនចេះតែធ្វើទេ»។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១០ ខែមេសា អង្គការសិទ្ធិមនុស្ស Human Right Watch បានចាត់ទុកការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់នេះ ជាការរំលោភដល់សិទ្ធិសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិតនៅកម្ពុជា និងជំរុញដល់រដ្ឋាភិបាលកម្ពុជាឱ្យគោរពសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ សិទ្ធិសារព័ត៌មាន ឱ្យបានតាមនូវអ្វីដែលខ្លួនបានផ្ដល់សច្ចាប័ន។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ Human Right Watch លោក Phil Robertson បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានសារៈសំខាន់ក្នុងការដោះស្រាយវិបត្តិសុខភាពសាធារណៈ ពីព្រោះប្រជាជនត្រូវការព័ត៌មានដើម្បីការពារខ្លួន និងវាយតម្លៃការឆ្លើយតបរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលម្ចាស់ជំនួយបរទេស គួរតែជំរុញរដ្ឋាភិបាលកម្ពុជាដើម្បីបញ្ឈប់ការយាយី និងការចោទប្រកាន់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដែលគ្រាន់តែបំពេញ[ការងារ]របស់ខ្លួន ក្នុងការរាយការណ៍អំពីអ្វីដែលរដ្ឋាភិបាលកំពុងនិយាយ និងធ្វើ ក្នុងពេលមានវិបត្តិកូវីដ-១៩»។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន មានប្រសាសន៍ប្រាប់ VOD ថា ក្នុងស្ថានភាពនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្នុងប្រទេស ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺពុំមានការប៉ះពាល់នោះទេ ផ្ទុយទៅវិញ គឺមានការជ្រោមជ្រែងឡើងនៃសិទ្ធិទៅវិញទេ។ លោកបន្ថែមថា ចំពោះករណីនៃការចាប់ខ្លួនមនុស្សមួយចំនួនដែលបានបង្ហោះសារនៅលើបណ្ដាញសង្គមនោះ គឺជាការអនុវត្តច្បាប់ដើម្បីការពារស្ថិរភាពសង្គមសុទ្ធសាធ មិនមែនជាការបំពាននូវសិទ្ធិមនុស្សនោះទេ។
លោក កត្តា អ៊ន៖ «បុគ្គលមួយចំនួនដែលផ្សព្វផ្សាយព័ត៌មានមិនពិត ដែលញុះញ៉ង់ឱ្យបង្កចលាចល ដែលញុះញង់ឱ្យមានបញ្ហាភ័យខ្លាចនៅក្នុងចំណោមប្រជាពលរដ្ឋ។ រដ្ឋាភិបាលសមត្ថកិច្ចរបស់យើង បានឃាត់ខ្លួនអប់រំណែនាំ ហើយក៏លែងទៅវិញ ហើយក៏មានអ្នកខ្លះត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ នេះជាការអនុវត្តច្បាប់ វាមិនមែនជាការបង្កើតឡើងនូវទិដ្ឋភាព ដើម្បីរំលោភនូវសិទ្ធិមនុស្សនោះទេ។ តែជាការនាំគ្នាគោរពច្បាប់ ជាការគោរពផលប្រយោជន៍ជាតិ គោរពសង្គម គោរពគ្នាទៅវិញទៅមក ដែលនេះជាការគោរពសិទ្ធិមនុស្សទៅវិញទេ»។
កាលពីខែឧសភា ឆ្នាំ២០១៨ កន្លងទៅ រដ្ឋាភិបាលបានសម្រេចឱ្យក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ ធ្វើការជាមួយគ្នា ក្នុងការតាមដាន ស្រាវជ្រាវ ស្វែងរកការធ្វើអាជីវកម្ម និងការផ្សព្វផ្សាយល្មើសច្បាប់តាមគេហទំព័រ និងបណ្តាញសង្គម ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ខណៈអ្នកតាមដានរិះគន់ថា ច្បាប់នេះនឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយដែលមិនមានទំនោរទៅរករដ្ឋាភិបាល។
របាយការណ៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៩ ដែលចេញដោយអង្គការអ្នកកាសែតគ្មានព្រំដែន បានចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានកម្ពុជា ១៤៣ លើ ១៨០ ដែលបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៧មក (ឆ្នាំ២០១៧ កម្ពុជាទទួលបានចំណាត់ថ្នាក់ ១៣២)៕