សមត្ថកិច្ច​ខេត្តកំពតចាប់ខ្លួន​អ្នកសារព័ត៌មាន​ម្នាក់ ដោយ​ចោទ​ពី​បទ​ញុះញង់​ និង​បរិហារ​បង្កាច់​កេរ្តិ៍​

លោក ហង្ស សុភាព ជា​អ្នកកាសែត​ម្នាក់ប្រចាំខេត្តកំពត និងកែប ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពត ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ (ស្នងការដ្ឋាននគរបាលខេត្តកំពត)

សមត្ថកិច្ច​ខេត្តកំពត បាន​អះអាង​ថា អ្នកកាសែត​ម្នាក់ឈ្មោះ ហង្ស សុភាព ត្រូវ​បាន​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ចោទ​ពី​បទ​ញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារ​បង្កាច់​កេរ្តិ៍ ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ រហូតដល់​បច្ចុប្បន្ន។

លិខិត​បំភ្លឺ​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បានឱ្យ​ដឹង​ថា ​លោក ហង្ស សុភាព ជា​អ្នកកាសែត​នៅ​ស្ថាប័ន​សារព័ត៌មានចំនួន ៣ រួមមាន​ គេហទំព័រ វី​ឌី​សេ​វេន​ញ៉ូវ​ (VD7 NEWS​), FK NEWS និង CTV8។ 

ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពត បញ្ជាក់​ថា ​មូលហេតុ​ឈាន​ទៅ​ចាប់ខ្លួន​អ្នកកាសែត​រូប​នេះ ដោយសារ លោក ហង្ស សុភាព បាន​ចុះផ្សាយ​វាយប្រហារ​លើ​សមត្ថកិច្ច​ខេត្ត​នេះ ដោយ​ថា​ សមត្ថកិច្ច​ខេត្ត​នេះ បាន​ដោះលែង​ជនសង្ស័យឈ្មោះ នាយ សំណាង ដែល​ចោទ​ថា ​បាន​កាប់​លើ​ស្ត្រី​មេម៉ាយ និង​កូនស្រី ០២នាក់ នៅ​ភូមិ​តា​ឡង់ ឃុំ​ត្នោតចុងស្រង់ ស្រុក​បន្ទាយមាស ខេត្តកំពត ដោយ​មិនបាន​ជូនដំណឹង​ទៅ​ក្រុម​គ្រួសារ​ជនរងគ្រោះ។

សេចក្តី​បំភ្លឺ​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​នេះ ឱ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ទៅ​លោក ហង្ស សុភាព ម្តង​ជា​ពីរ​ដង​ថា លោក នាយ សំណាង មិន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ​ឡើយ។ 

ស្នងការ​ដ្ឋាន​នេះ លើកឡើង​ថា​ ជនល្មើស​ជា​អ្នក​ផ្សេង ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ និង​បាន​ហាម​មិន​ឱ្យ​ផ្សាយ​ព័ត៌មាន​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​នីតិវិធី​ក្នុង​ការស៊ើបអង្កេត និង​សិទ្ធិ​អ្នកដទៃ ប៉ុន្តែ​ លោក សុភាព មិនព្រម​ស្តាប់ និង​បាន​ញុះញង់ជនរងគ្រោះ​ឱ្យ​ប្តឹង​មក​លើ​សមត្ថកិច្ច ព្រមទាំង​ថ្នាក់ដឹកនាំ​ថែមទៀត​ផង។ 

ប្រភព​ដដែល​បន្ថែម​ថា រហូតដល់​សមត្ថកិច្ច​ចាប់ខ្លួន​ជនល្មើស​ពិត​ប្រាកដ​ក្នុង​សំណុំរឿង​ហិង្សា​លើ​ស្ត្រី​មេម៉ាយ​បាន កាលពី​ថ្ងៃម្សិលមិញ ហើយ​សមត្ថកិច្ច​ក៏​សម្រេច​ចាប់ខ្លួនលោក ហង្ស សុភាព នៅ​ថ្ងៃនេះ ដើម្បី​ចាត់ការ​តាមច្បាប់។

លិខិត​បំភ្លឺ​បន្ត​ថា៖ «បច្ចុប្បន្ន ជនសង្ស័យ​ឈ្មោះ ហង្ស សុភាព ភេទប្រុស កើត​ឆ្នាំ១៩៧៩ លំនៅ​អចិន្ត្រៃយ៍​ភូមិ ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់ចង្អើរ ខេត្ត​កែប ជា​អ្នកកាសែត VD7​, FK NEWS​, TV8 ដែល​ចុះផ្សាយ បង្កាច់​បង្ខូច​កិត្តិយស​សមត្ថកិច្ច​យ៉ាង​ចាស់ដៃ គឺជា​ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​មានចែង​ក្នុង​មាត្រា ៤៩៥ និង​បរិហារ​បង្កាច់​កេរ្តិ៍ ដែល​មាន​ចែង​ក្នុង​មាត្រា ៣១១ នៃ​ក្រម​ព្រហ្មទណ្ឌ»។

ចាង​ហ្វា​យគេហទំព័រ​វី​ឌី​សេ​វេន​ញ៉ូវ លោក អ៊ិ​ន សា​រុន មានប្រសាសន៍​ថា ​ការ​ចាប់ខ្លួនលោក ហង្ស សុភាព ដែល​ជា​អ្នករាយការណ៍​ព័ត៌មាន​របស់​ខ្លួន​ប្រចាំ​ខេត្តកំពត​ និងខេត្តកែបនោះ ​គឺជា​ការរំលោភ​ទៅ​នឹង​ច្បាប់ស្ដីពីរបប​សារព័ត៌មាន​កម្ពុជា ដោយ​តម្រូវ​ឱ្យ​មានការ​កែតម្រូវ ប្រសិនបើ​អ្នកសារព័ត៌មាន​ផ្សាយ​ខុស។ 

លោក​មានប្រសាសន៍​ថា៖ «ចំពោះ​ការ​ឃាត់ខ្លួន​ភ្នាក់ងារ​សារព័ត៌មាន​របស់ខ្ញុំ​ប្រចាំការ​នៅ​ខេត្តកំពត និង​កែប ហ្នឹង ខ្ញុំ​យល់ថា វា​មានការ​ខុសពី​របប​ច្បាប់​សារព័ត៌មាន​កម្ពុជា ​បាទ! ទាក់ទង​របប​ច្បាប់​សារព័ត៌មាន​ ប្រសិនជាសារព័ត៌មាន​ណាមួយ​ផ្សាយ​ខុសពី​ការពិត សាម៉ីជន ឬក៏​អ្នក​ពាក់ព័ន្ធ​នឹង​ការផ្សាយ​ហ្នឹង អាច​សុំ​បំភ្លឺ ឬក៏​អាច​ឱ្យ​សុំ​បកស្រាយ សារព័ត៌មាន​នឹង​បកស្រាយ។ ប៉ុន្តែ​ ចំពោះ​បញ្ហា​នេះ អត់​ដែលមានដំណឹង​ខាងណា ឱ្យ​អង្គភាព​យើងខ្ញុំ​បកស្រាយ​ទេ»។ 

លោក អ៊ិ​ន សា​រុន បញ្ជាក់​ថា លោក​នឹង​ស្វែងរក​កិច្ច​អន្តរាគមន៍​ទៅ​ក្លឹប​អ្នកកាសែត​កម្ពុជា ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ។ 

របាយការណ៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​កាលពី​ឆ្នាំ២០១៩ ដែល​ចេញ​ដោយ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បាន​ចាត់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​កម្ពុជា ១៤៣ លើ ១៨០ ដោយ​បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ២០១៧មក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ