សមត្ថកិច្ច​​ចាប់​ខ្លួន​​អតីត​​សកម្មជន​​បក្ស​​សង្គ្រោះ​ជាតិ​​​ម្នាក់​ទៀត​​ជាប់​ពាក់​ព័ន្ធ​​នឹង​​ការ​​ញុះញង់​​

អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ខេត្តស្វាយរៀង​ម្នាក់ទៀត​ឈ្មោះ ញ៉ែម វាន។ (បណ្ដាញសង្គម)

សមត្ថកិច្ច​បាន​ចាប់ខ្លួន​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ខេត្តស្វាយរៀង​ម្នាក់ទៀត​ឈ្មោះ ញ៉ែម វាន ពាក់ព័ន្ធនឹង​ការ​ញុះញង់​ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ។ 

អ្នកនាំពាក្យ​នគរបាល​ជាតិ​ លោក ឆាយ គឹ​មឃឿន បានឱ្យ VOD ដឹង​ថា​ កាលពី​ម្សិលមិញ​ សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ បាន​ចាប់ខ្លួន​លោក ញ៉ែម វាន តាម​ដីកា​តុលាការ​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​បទ​ញុះញង់​ឱ្យ​មានអំពើ​ឧក្រិដ្ឋ​ជាអាទិ៍ ដោយ​មិនបាន​បញ្ជាក់​លំអិត​ពី​ការ​ចាប់ខ្លួន​នេះ​ ដោយសារ​គាត់​ញុះញង់​លើ​រឿង​អ្វី​នោះ​ទេ។ 

លោក​ថា៖ «កាលណា​ចាប់​តាម​ដីកា សមត្ថកិច្ច​អត់​អាច​សម្រេច​អី​បានទេ យក​ទៅ​ជូន​តុ​លា​ការ​ៗជា​អ្នក​សម្រេច។ យក​ទៅណា​ទៅ​ណី ​ជា​រឿង​របស់​តុលាការ»។ 

VOD មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ លោក អាត់ ខែម និង​អ្នកនាំពាក្យ​អយ្យការ​ក្រុងភ្នំពេញ លោក គុជ គឹម​ឡុង ​ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​នោះ​ទេ។

អ្នកសម្របសម្រួល​សមា​គម​អាដ​ហុក​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ​លោក ស៊ុំ ចាន់​គា មានប្រសាសន៍​ថា​ ពិតជា​មានការ​ចាប់ខ្លួន​លោក ញ៉ែម វាន ក្នុង​ខេត្ត​ពិតមែន ដោយ​លោក​ថា​ មានការ​សហការ​គ្នា​ចាប់ខ្លួន​ដោយ​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ និង​នគរបាល​ខេត្ត។

ភរិយា​លោក ញ៉ែម វាន គឺ​អ្នកស្រី ទុយ សា​រ៉ន មានប្រសាសន៍​ថា ​ប្ដី​របស់​អ្នកស្រី​បាន​ជូន​ឪពុកម្ដាយ​របស់​គាត់​ទៅកាន់​ខេត្តព្រះវិហារ​ប្រមាណ ២សប្ដាហ៍​មុន និង​បាត់​ដំណឹង​រហូតដល់​ថ្ងៃម្សិលមិញ​ ទើប​មាន​គេ​ទាក់ទង​មក​ថា ​ប្ដី​របស់​គាត់​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន។ 

អ្នកស្រី​មានការ​បារម្ភ​ចំពោះ​សុវត្ថិភាព​ប្ដី​ជា​ខ្លាំង​ ដោយសារ​រហូតមកដល់​ពេលនេះ ​លោកស្រី​មិនបាន​ឮដំណឹង​អ្វី​សោះ​ពី​ប្ដី​របស់​គាត់។ 

អ្នកស្រី ទុយ សា​រ៉ន៖ «ខ្ញុំ​បារម្ភ ខ្ញុំ​ភ័យ​ណាស់​! មិនដឹង​ថា​យ៉ាង​ម៉េច​យ៉ាងណា​ទេ​? តាំងពី​គេ​ចាប់​មក​ គ្មាន​ដឹង​ដំណឹង​អី​បន្ដិច​ផង»។ 

លោក​ ញ៉ែម វាន ជា​អតីត​សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កន្លង​ សារព័ត៌មាន​អាស៊ី​សេរី​បាន​ចុះផ្សាយ​ថា ​សមត្ថកិច្ច​ខេត្តស្វាយរៀង​បាន​ដាក់​កម្លាំង​ព័ទ្ធ​រក​ចាប់ខ្លួន​លោក​ ក្រោយពី​លោក​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​នេះ​ពី​គម្រោងការ​ពារ​លោក​ សម រង្ស៊ី ចូល​ស្រុក​វិញ។ ទោះជាយ៉ាងណា ​ក្រោយ​ការ​ចុះផ្សាយ ​ស្នងការ​ខេត្តស្វាយរៀង​បាន​ច្រានចោល និង​ថា​ការ​ចុះ​របស់​សមត្ថកិច្ច​នៅពេល​នោះ​ គឺ​គ្រាន់តែ​សម្របសម្រួល​ករណី​សហគមន៍​ប្រជុំ​ដោយ​ពុំ​មានការ​អនុញ្ញាត​ប៉ុណ្ណោះ។ 

ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ១៩ ក្នុង​ប្រទេស​កាលពី​ខែមករា​កន្លងទៅ​រហូតមកដល់​ពេលនេះ​ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​មិន​តិច​ជាង ៤០នាក់​នោះ​ទេ​ ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ។

យោង​តាម​អ្នកនាំពាក្យ​នគរបាល​ជាតិ ​លោក ​ឆាយ គឹ​មឃឿន ប្រាប់VOD គិត​ត្រឹម​ថ្ងៃម្សិលមិញ​ មាន​មនុស្ស​ចំនួន ៤២នាក់​ហើយ​ត្រូវ​បាន​ចាប់ខ្លួន និង​ណែនាំ ក្នុង​នោះ​មនុស្ស​ចំនួន ២២នាក់ ​ត្រូវ​បាន​បញ្ជូន​សំណុំរឿង​បន្ត​ទៅ​តុលាការ។

អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិមនុស្ស (Human Right watch) លោក Phil Robertson បាន​ប្រាប់VOD តាម​សារ​អេឡិចត្រូនិច​អ៊ី​ម៉ែ​លកា​លពី​ម្សិលមិញ​ថា កម្ពុជា​បាន​ធ្វើជា​គំរូ​នូវ​អ្វី​ដែល​មិន​គួរ​ធ្វើ​ក្នុង​ពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ១៩។ លោក​បន្ថែម​ថា​ មនុស្សជា​ច្រើន​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​សារ​រិះគន់​របស់​ពួក​គេ​ចំពោះ​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​លើ​ជំងឺ​កូ​វីដ១៩ ហើយ​ជាពិសេស​គឺ​សកម្មជន​អតីត​បក្ស​ប្រឆាំង​តែម្ដង​ដែល​ជាមុ​ខសញ្ញា។ 

លោក​សរសេរ​ថា៖ «រដ្ឋាភិបាល​កម្ពុជា​មាន​ទាំង​អំណាច និង​ទំនោរ​គ្រប់គ្រង​សិទ្ធិមនុស្ស​ ប៉ុន្តែ​ ជាក់ស្តែង ​វា​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន ​សែន ​ដែល​ពេលនេះ​កំពុង​ទាមទារ​អំណាច​ដែល​គ្មាន​ដែន​កំណត់​បន្ថែម​ទៀត តាមរយៈ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន»។ 

កាលពី​ថ្ងៃទី៩ ខែមេសា កន្លងទៅ ​ឧត្តម​ស្នងការ អ.ស.ប ទទួលបន្ទុក​សិទ្ធិមនុស្ស លោកស្រី មី​ស្យែល បាស្យេ​ឡេ​ត បាន​លើកឡើង​ពី​ក្ដី​បារម្ភ​របស់​លោកស្រី​ចំពោះ​សិទ្ធិ​សារព័ត៌មាន និង​សិទ្ធិ​បញ្ចេញមតិ​របស់​ប្រជាជន​ក្នុង​ពេល​ដែល​ប្រទេស​នី​មួយ​ៗប្រឈម​នឹង​បញ្ហា​វិបត្តិ​កូ​វីដ១៩ ខណៈ​លោកស្រី​ថា ​លោកស្រី​បាន​ទទួល​ព័ត៌មាន​ជាបន្តបន្ទាប់​ពី​ការ​ចាប់​ឃុំខ្លួន ការ​ដាក់ទណ្ឌកម្ម និង​ការ​ចាប់ខ្លួន​អ្នកសារព័ត៌មាន និង​ប្រជាជន ដោយ​គ្រាន់តែ​ពួក​គេ​រាយការណ៍ និង​បញ្ចេញ​យោបល់​នៅ​លើ​បណ្ដាញ​សង្គម ដោយ​លោកស្រី​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា «មតិ​រិះគន់ មិនមែន​ជា​បទល្មើស​នោះ​ទេ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ