លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ឱ្យដឹងថា រដ្ឋាភិបាលទទួលបានថវិកាជាង ១៣លានដុល្លារ ពីសប្បុរសជនដែលបានបរិច្ចាគ សម្រាប់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងដោះស្រាយបញ្ហាផ្សេងៗ។
លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ សប្បុរសជនបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធជាមួយជំងឺកូវីដ១៩ មានចំនួនទឹកប្រាក់ចំនួន ១៣,៥៩៧,២៩៥ ដុល្លារអាមេរិក ដោយមិនទាន់គិតពីជំនួយជាសម្ភារ បរិក្ខារ ដូចជាម៉ាស់ អាល់កុល សាប៊ូ សម្ភារពេទ្យផ្សេងៗទៀត ដែលមានតម្លៃរាប់លានដុល្លារថែមទៀត។
ក្រៅពីការចូលរួមរបស់សប្បុរសជននោះ លោក ហ៊ុន សែន ថា មន្ត្រីពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏បានចូលរួមវិភាគទានតាមរយៈការបរិច្ចាគប្រាក់បៀវត្សទាំងស្រុង ឬ មួយផ្នែកផងដែរ។
លោកបញ្ជាក់ថា គិតត្រឹមថ្ងៃ១៦ ខែមេសា ឆ្នាំ២០២០ មានអ្នកដែលបានចូលរួមបរិច្ចាគចំនួន ១៤ ៧៥១នាក់ និងនៅសល់មួយចំនួនទៀត កំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសាធារណៈ។
ក្រសួងសុខាភិបាល អះអាងថា គិតមកត្រឹមថ្ងៃនេះ អ្នកឆ្លងជំងឺកូវីដ១៩ សរុប ១២២នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន ៩៨នាក់ ហើយនៅសល់ ២៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដដែល។