កម្ពុជា​បន្ត​ផ្អាក​ទទួល​អ្នកដំណើរ​មក​ពី​ប្រទេស​ចំនួន៦ ដើម្បី​ទប់ស្កាត់​កូ​វីដ១៩​

យន្តហោះកំពុងតែធ្វើការចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាល​កម្ពុជា បានសម្រេច​បន្ត​ផ្អាក​មិន​ឱ្យ​ជនបរទេស​មក​ពី​បណ្តា​ប្រទេស​ចំនួន៦ ចូល​មក​ប្រទេស​កម្ពុជា​ជា​បណ្តោះអាសន្ន រហូតដល់​ស្ថានភាព​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ធូរស្បើយ​ឡើងវិញ។ 

ការសម្រេច​បន្ត​ផ្អាក​ជនបរទេស​មក​ពី​ប្រទេស​ទាំង៦នេះ ចូល​មកកម្ពុជា​ ក្រោយពេល​បំរាម​ដែល​រដ្ឋាភិបាល​ចេញ​ផ្អាក​ពួក​គេ​មិន​ឱ្យ​ចូល​កម្ពុជា​កាលពី​ពាក់កណ្តាល​ខែមីនា ​រយៈពេល ៣០ថ្ងៃ​នោះ ត្រូវ​អស់​សុពលភាព​ត្រឹម​ថ្ងៃសុក្រ​នេះ។ 

លិខិត​ក្រសួង​ការបរទេស​កម្ពុជា​ កាលពី​ថ្ងៃម្សិលមិញ ​ដែល​មាន​ប្រថាប់​អក្សរ​ក្រហម​ដាក់​ថា ​ការប្រញាប់ បាន ផ្ញើ​ជូន​ទៅ​ឯកអគ្គ​រាជ​រដ្ឋទូត អគ្គ​កុងស៊ុល និង​កុងស៊ុល​កិត្តិយស​របស់​កម្ពុជា​ប្រចាំ​នៅ​ប្រទេស ៦នេះ ។ 

លិខិត​នោះ​ឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល បានសម្រេច​ពន្យារ​សុពលភាពនៃ​វិធានការ​ក្នុង​ការ​បន្ត​ផ្អាក​មិន​ឱ្យ​ជនបរទេសដែល​មក​ពី​ប្រទេស​បារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និង​សហរដ្ឋអាមេរិក ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ជា​បណ្តោះអាសន្ន រហូតដល់​ស្ថានភាព​ជំងឺ​កូ​វីដ១៩ បាន​ធូរស្រាល​ឡើងវិញ ដោយមាន​ការវាយតម្លៃ​ពី​ក្រសួង និង​អង្គការសុខភាព​ពិភពលោក​ផង។

លិខិត​ក្រសួង​ការបរទេស​បន្ត​ថា៖ «រាល់​វិធានការ​រឹត​បន្តឹង​ការ​ធ្វើដំណើរ​ទាំងអស់​ខាងលើ​នេះ គឺ​មាន​លក្ខណៈ​ជា​បណ្តោះអាសន្ន នឹង​ត្រូវ​បន្ត​អនុវត្ត​រហូតដល់​ស្ថានភាព​ជំងឺ​កូ​វីដ១៩ មានការ​ធូរស្រាល ក្រោយពី​មានការ​វាយតម្លៃ​រួមគ្នា​រវាង​ក្រសួងសុខាភិបាល និង​អង្គការសុខភាព​ពិភពលោក»។ 

កាលពី​ពាក់កណ្តាល​ខែមីនា ក្រសួងសុខាភិបាល បាន​ចេញ​សេចក្តី​ប្រកាស​មួយ ដោយ​ចាត់វិធានការ​ដាក់​បម្រាម​ផ្អាក​មិន​ឱ្យ​ជនបរទេស​ដែល​មក​ពី​បណ្តា​ប្រទេស​ទាំង៦ ចូល​កម្ពុជា​ឡើយ រយៈពេល ៣០ថ្ងៃ ហើយ​បម្រាម​នោះ​នឹង​អនុវត្ត​ពី​ថ្ងៃទី១៨ ខែមីនា។ 

ក្រសួង​មួយ​នេះ​បញ្ជាក់​ថា ការ​ដាក់​បម្រាម​នោះ ក្រោយពេល​រក​ឃើញ​ជាបន្តបន្ទាប់​វីរុស​កូ​វីដ១៩ កើតឡើង​ទៅលើ​ជនបរទេស​ដែល​មាន​សញ្ជាតិ​ផ្សេង​ៗ ដែល​ទាមទារ​ឱ្យ​មាន​វិធានការ​ការពារ​ និងទប់ស្កាត់​ជាបន្ទាន់​នូវ​ការ​ចម្លងជំងឺ​កូ​វីដ១៩ ចូល​មក​កម្ពុជា​បន្ថែម​ទៀត។ 

គិត​ត្រឹម​ថ្ងៃសុក្រ ទី១៧ ខែមេសា​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ចំនួន១២២ករណី ក្នុង​នោះ​មាន ៩៨នាក់ បាន​ព្យាបាល​ជាសះស្បើយ ស្មើនឹង​ជាង ៨០ភាគរយ ខណៈ​អ្នកជំងឺ​ចំនួន ២៤នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​នៅឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ