ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានព្រមានពីការបាត់បង់ការងារធ្វើ និងមិនទទួលបានសំណងចំពោះកម្មករណាដែលមិនគោរពសេចក្តីណែនាំរបស់ក្រសួងអំពីវិធានការបង្ការជំងឺកូវីដ១៩។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃនេះ បានចេញសេចក្តីណែនាំមួយប្រាប់ទៅម្ចាស់រោងចក្រសហគ្រាស និងកម្មករទាំងអស់ដែលឈប់សម្រាកអំឡុងចូលឆ្នាំ ហើយត្រឡប់មកបំពេញការងារ ឱ្យអនុវត្តវិធានការចត្តាឡីស័ក ដោយដាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ មុនចូលបំពេញការងារ។
ក្នុងសេចក្តីណែនាំដដែលនេះ ក្រសួងការងារបានដាក់កាតព្វកិច្ចចំនួន ៧ចំណុច ឱ្យកម្មករអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដោយព្រមានថា ប្រសិនបើកម្មករណាម្នាក់មិនអនុវត្តតាមកាតព្វកិច្ចទាំង ៧ចំណុចនោះទេ គឺកម្មកររូបនោះអាចត្រូវបានបញ្ឈប់ពីការងារដោយមិនមានការទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗពីថៅកែឡើយ។
កាតព្វកិច្ចទាំង ៧ចំណុចនោះ គឺតម្រូវឱ្យកម្មករបង្ហាញខ្លួននៅតាមរោងចក្រ និងផ្តល់ព័ត៌មានចាំបាច់ជាដាច់ខាតតាមការកំណត់របស់ក្រសួងការងារ ដើម្បីឱ្យរោងចក្រអនុវត្ត រួមទាំងសហការអនុវត្តវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាល។
កម្មករត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលត្រួតពិនិត្យសុខភាពតាមការណែនាំរបស់រដ្ឋបាលរោងចក្រ ស្របតាមការកំណត់របស់អធិការកិច្ចការងារ និងត្រូវស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ នៅនឹងកន្លែងស្នាក់នៅរបស់ខ្លួន ឬមណ្ឌលដែលបានកំណត់ដោយអាជ្ញាធរ។ ហើយត្រូវរក្សាទុក និងបង្ហាញលិខិតបញ្ជាក់ស្ថានភាពសុខភាពរបស់ខ្លួនដែលចេញដោយក្រុមគ្រូពេទ្យ ដើម្បីបង្ហាញទៅរដ្ឋបាលរោងចក្រ និងម្ចាស់ផ្ទះជួល។
លើសពីនេះ កម្មករត្រូវរាយការណ៍ជូនរដ្ឋបាលរោងចក្រតាមទូរសព្ទអំពីស្ថានភាពសុខភាពរបស់ខ្លួនរៀងរាល់ម៉ោង ៨ព្រឹក ដើម្បីឱ្យរដ្ឋបាលរោងចក្រជូនដំណឹងបន្តទៅក្រុមគ្រួសារពេទ្យនៃក្រសួងការងារ។ ហើយថា ក្នុងករណីមានអាការសង្ស័យណាមួយក្នុងអំឡុងពេលធ្វើចត្តាឡីស័កនោះ ត្រូវរាយការណ៍ទៅក្រសួងសុខាភិបាល និងពាក់ម៉ាស់ជាដាច់ខាតនៅកន្លែងបម្រើការងារ បន្ទាប់ពីដាក់ដាច់ដោយឡែករយៈពេល ១៤រួច។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍យល់ស្របចំពោះវិធានការនេះ ប៉ុន្តែ លោកថា កាតព្វកិច្ចទាំង ៧ចំណុចដែលក្រសួងដាក់ឱ្យកម្មករអនុវត្តនោះ វាអាចនឹងលំបាកសម្រាប់កម្មករអនុវត្ត។ ហើយអាចជាលេសមួយសម្រាប់ថៅកែបញ្ឈប់កម្មករក្នុងអំឡុងពេលអត់ការងារធ្វើ ខណៈដែលរោងចក្រមួយចំនួនកំពុងខ្វះវត្ថុធាតុដើមសម្រាប់ដំណើរការផលិតនោះ។
លោកបន្ថែមថា៖ «ឧទាហរណ៍ថា កម្មករ ៥០០នាក់ តេមករដ្ឋបាលម៉ោង ៨ព្រឹកទាំងអស់គ្នា ហើយមិនបានតេមក ឬតេមកមិនចូល អាហ្នឹងគាត់ពិបាកហើយ។ ហើយមួយទៀត ឱ្យគាត់ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព បើគេពិនិត្យចេញក្រដាសឱ្យគាត់មិនអីទេ តែបើគេមិនចេញឱ្យ អាហ្នឹងក៏ពិបាកដែរ។ ហើយករណីដាក់គាត់ឱ្យនៅដាច់ដោយឡែក ប្រសិនបើមានសម្ភារគ្រប់គ្រាន់សម្រាប់គាត់ប្រើប្រាស់មិនអីទេ តែបើអត់ ក៏ពិបាកដែរ។ ហើយបើគាត់នៅបន្ទប់ជួលម្នាក់ឯង ក៏ពិបាកដែរ គាត់មានបន្ទប់ពីណា គាត់នៅជាមួយគ្នាគាត់ដដែលហ្នឹង»។
ប្រធានសហភាពការងាររូបនេះ ស្នើឱ្យក្រសួងត្រូវមានយន្តការច្បាស់លាស់ដោយបញ្ជូនក្រុមគ្រូពេទ្យទៅពិនិត្យតាមដានដល់កន្លែងស្នាក់នៅ និងមណ្ឌលស្នាក់នៅរបស់កម្មករដែលកំពុងអនុវត្តចត្ថាឡីស័កនោះ។ ហើយថា ករណីកម្មកររាយការណ៍ទៅក្រុមគ្រូពេទ្យ និងខាងរដ្ឋបាលរោងចក្រមិនចូល តើពួកគេត្រូវទាក់ទងទៅកន្លែងណាទៀត។
កាលពីថ្ងៃទី១៥ ខែមេសា ក្រសួងសុខាភិបាលស្នើទៅក្រសួងការងារឱ្យដាក់ដាច់ដោយឡែក ១៤ថ្ងៃ និងពិនិត្យតាមដានសុខភាពចំពោះកម្មករ-កម្មការិនីណាដែលបានឈប់សម្រាកអំឡុងបុណ្យចូលឆ្នាំ មុនចូលបំពេញការងារវិញ ដើម្បីបង្ការការឆ្លងរាលដាលមេរោគកូវីដ១៩។
ក្នុងសេចក្តីណែនាំរបស់ក្រសួងការងារនៅថ្ងៃនេះ បានឱ្យដឹងថា កម្មករណាដែលឈប់សម្រាកដោយខ្លួនឯងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំដោយគ្មានការអនុញ្ញាតពីថៅកែនោះ គឺមិនត្រូវទទួលប្រាក់ឈ្នួលឡើយអំឡុងពេលដាក់ដាច់ដោយឡែក ១៤ថ្ងៃនោះ។
ចំណែកកម្មករដែលឈប់សម្រាកដោយមានការអនុញ្ញាតពីថៅកែ ត្រូវទទួលបានប្រាក់ឈ្នួលតែ ៧ថ្ងៃប៉ុណ្ណោះក្នុងអំឡុងពេលដាក់ដាច់ដោយឡែក ១៤ថ្ងៃ ខណៈកម្មករដែលអវត្តមានដោយមានការអនុញ្ញាតពីថៅកែ ដោយសារមានធុរៈពិសេស ដូចជា ប្រពន្ធឆ្លងទន្លេ ឬបងប្អូនសាច់ញាតិទទួលមរណភាព ត្រូវទទួលបានប្រាក់ឈ្នួលពេលចំនួន ១៤ថ្ងៃ។
វីអូឌីបានសុំការបញ្ជាក់បន្ថែមពីគ្រូពេទ្យនៃក្រសួងការងារដែលទទួលបន្ទុកលើកិច្ចការនេះ លោក យី កន្និដ្ឋា ដែរ ប៉ុន្តែ លោកបដិសេធធ្វើអត្ថាធិប្បាយ ដោយបង្វែរឱ្យទៅសួរអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ។
ចំណែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ក៏សុំមិនឆ្លើយពាក់ព័ន្ធករណីនេះដែរ ដោយបង្វែរឱ្យទៅសួរខាងក្រសួងការងារវិញ។ លោកថា ពាក់ព័ន្ធរឿងដាក់កម្មករដាច់ដោយឡែក ១៤ថ្ងៃនោះ គឺក្រសួងការងារជាអ្នករៀបចំ ដោយឡែក សាលារាជធានីភ្នំពេញ គ្រាន់តែត្រៀមសហការ និងអនុវត្តសេចក្តីណែនាំរបស់ក្រសួងការងារ និងក្រសួងសុខាភិបាលប៉ុណ្ណោះ៕









