ក្រសួង​យក​សំណាក​មនុស្ស​ជាង​៤០​នាក់​នៅ​ក្នុង​ខណ្ឌ​បឹង​កេង​កង​ទៅ​ធ្វើ​តេស្ត​រក​កូវីដ​១៩​

បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវមួយកន្លែងទល់មុខវិទ្យាល័យបឹងកេងកង ស្ថិតនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រែ៉ន)

មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល អះអាង​ថា ក្រសួង​បាន​យក​សំណាក​មនុស្ស​ជាង ៤០នាក់ ​ដែល​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​ស្ត្រីជន​ជាតិ​វៀតណាម និង​បុរស​ជនជាតិ​កាណាដា​ ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ១៩ នៅក្នុង​ខណ្ឌ​បឹងកេងកង ប៉ុន្តែ​ បើ​តាម​លទ្ធផល គឺ​អវិជ្ជមាន​ទាំងអស់គ្នា។ 

កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាល​បាន​រក​ឃើញ​ស្ត្រីជន​ជាតិ​វៀតណាម និង​បុរស​ជនជាតិ​កាណាដា ស្នាក់នៅ​បន្ទប់​មួយ នៅ​ផ្លូវ​លេខ៣០២ សង្កាត់​បឹងកេងកង១ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ​ ថា​ឆ្លង​ជំងឺ​កូ​វីដ១៩។ ក្រសួងសុខាភិបាល​ថា បុរស​ជនជាតិ​កាណាដា​ដែល​ជា​ស្វាមី​ស្ត្រីជន​ជាតិ​វៀតណាម​ខាងលើ ជា​អ្នកបម្រើ​ការងារ​នៅ​កាស៊ីណូ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​លោក លី សូ​វ៉ាន់ ប្រាប់​វី​អូ​ឌីតា​មប្រព័ន្ធ​តេឡេក្រាម​នៅ​ថ្ងៃនេះ​ថា ស្ត្រីជន​ជាតិ​វៀតណាម និង​បុរស​ជនជាតិ​កាណាដាដែល​ឆ្លង​ជំងឺ​កូ​វីដ១៩នោះ កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់អង្រែក្រោម។

ដោយឡែក​ មនុស្ស​ជាង ៤០នាក់​នោះ ដែលជា​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​ស្ត្រីជន​ជាតិ​វៀតណាម និង​បុរស​ជនជាតិ​កាណាដា លោក​ថា ត្រូវ​បាន​ក្រសួង​យក​សំណាក​ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ១៩ តែ​លទ្ធផល គឺ​អវិជ្ជមាន។ 

លោក​ថា៖ «យើង​នៅតែ​បន្ត​តាមដាន​សុខភាព​គាត់​ជានិច្ច ប៉ុន្តែ ​គ្រាន់តែពេលនេះ គាត់​អវិជ្ជមាន​ទាំងអស់​ហើយ។ ដូច្នេះ នៅ​ខុន​ដូហ្នឹង យើង​បាន​សំអាត​មេរោគ មេ​អី​អស់ហើយ ហានិភ័យ​ទាប​ណាស់។ ចំពោះនៅ​បឹងកេងកង គឺ​គ្មានអ្វី​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​ទេ ប៉ុន្តែ​ ទោះបីជា​យ៉ាងណាក៏ដោយ ​ទាំង​នៅ​បឹងកេងកង១ និង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស គ្រប់តំបន់​ទាំងអស់ ពិតមែន​យើង​អវិជ្ជមានរយៈពេល ៤ថ្ងៃ​ជាប់គ្នា យើង​មិន​ត្រូវ​ភ្លេចខ្លួន​ទេ យើង​នៅតែ​បន្ត​អនុវត្ត​ការងារ តាមដាន ឆ្លើយតប ក៏ដូចជា​ការចូលរួម​ពីប្រជាពលរដ្ឋ​ទាំងអស់ អនាម័យ បន្ត​លាងដៃ​សាប៊ូ ជែល អាល់កុល»។

លោក លី សូ​វ៉ាន់ បន្ត​ថា មន្ត្រី​ជំនាញ​កំពុង​បន្ត​អង្កេតស្រាវជ្រាវ ដើម្បី​ស្វែងរក​ប្រភព​ចម្លង​ទៅ​ស្ត្រីជន​ជាតិ​វៀតណាម និង​បុរស​ជនជាតិ​កាណាដា ដោយ​លោក​បញ្ជាក់​ថា ​ទទួល​តម្រុ​យខ្លះ​ៗហើយ។

លោក​ថា៖ «កំពុង​បន្ត​អង្កេតស្រាវជ្រាវ និង​រក​ឃើញ​ពន្លឺ​ខ្លះ​ៗហើយ គាត់​មាន​ពាក់ព័ន្ធ​នឹង​ករណី​វិជ្ជមាន​រក​ឃើញ​កន្លងមក»។

លោក លី សូ​វ៉ាន់ អំពាវនាវ​ទៅ​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​បន្ត​អនុវត្ត​តាម​សេចក្ដី​ណែនាំរបស់​ក្រសួង និង​រដ្ឋាភិបាល ដូចជា នៅ​ឃ្លាតឆ្ងាយ​ពីគ្នា​ពី១ម៉ែត្រ​កន្លះ ទៅ ២ម៉ែត្រ មិន​ត្រូវ​ជួបគ្នា ហើយ​បើ​មិន​ចាំបាច់​ទេ លោក​ថាកុំ​ចេញក្រៅ​ផ្ទះ។

ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៧ ខែមេសា​នេះ បាន​ច្រានចោល​ព័ត៌មាន​ដែល​បាន​និយាយ​ថា សង្កាត់​បឹងកេងកង​ទី១ ត្រូវ​បាន​បិទ។ បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឱ្យ​ដឹង​ថា មិន​មាន​ករណី​បិទ​សង្កាត់​បឹងកេងកង​ដូច​ការ​ចុះ​ផ្សាយ​របស់​ព័ត៌​មាន​មួយចំនួនឡើយ។ 

យោង​តាម​ទំព័រ​ហ្វ​សប៊ុ​កស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ៖ «សេចក្តី​បដិសេធ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹងកេងកង។ លោក​វរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិការ​នគរបាល​ខណ្ឌ​បឹងកេងកង សូម​ធ្វើការ​បដិសេធ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​មួយចំនួន​ដែល​បាន​និយាយ​ថា ​សង្កាត់​បឹងកេងកង​ទី១ ត្រូវ​បាន​បិទ ជាក់ស្តែង​មិន​មានការ​បិទ​អ្វី​នោះ​ទេ»។

កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុ​នហេង បង្ហាញ​ការ​ព្រួយបារម្ភ​ពី​លទ្ធភាព​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​សហគមន៍ ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​ធ្វើតាម​ការណែនាំ​របស់​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដោយ​ត្រូវ​អនាម័យ នៅ​ឆ្ងាយ​ពីគ្នា ឬផ្អាក​ការ​ជួបជុំ​ធំ​តូច​ជា​បណ្តោះអាសន្ន ជាដើម។

លោក​បន្ត​ថា បើសិន​ពលរដ្ឋ​មិន​ធ្វើតាម​សេចក្ដីណែនាំ​ក្រសួងសុខាភិបាល និង​រដ្ឋាភិបាល នឹង​នាំ​ហានិភ័យ​ខ្ពស់​ដល់​ពលរដ្ឋ​តាម​មូលដ្ឋាន ហើយ​សេចក្តី​ស្លាប់​ដោយសារ​ជំងឺឆ្លង​នេះ​នឹងអាច​កើតមាន​ផង​ដែរ។ 

ក្រសួងសុខាភិបាល​ ឱ្យ​ដឹង​ថា គិត​មក​ត្រឹម​ថ្ងៃនេះ អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ មាន​ចំនួន​សរុប ១២២នាក់។ ក្នុងចំណោម ១២២នាក់​នោះ ព្យាបាល​ជាសះស្បើយ​បាន​ចំនួន ៩៨នាក់ ហើយ​នៅសល់ ២៤នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​រាជធានី​ភ្នំពេញ និង​ខេត្ត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ