ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសពន្យារពេលចូលរៀនវិញសម្រាប់ការសិក្សាគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស ដោយមិនកំណត់ពេលរហូតដល់មានការប្រកាសថ្មី ដើម្បីបង្ការជំងឺឆ្លងកូវីដ១៩។
សេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះផ្សាយកាលពីម្សិលមិញ បញ្ជាក់ថា ការណែនាំឱ្យសាលារដ្ឋ និងឯកជនគ្រប់កម្រិតទាំងអស់ពន្យារពេលចូលរៀននេះ ដោយសារតែការរាតត្បាតមេរោគកូវីដ១៩។
ក្រសួងក៏បានជំរុញដល់អាជ្ញាធរដែនដី សហការជាមួយមាតាបិតាសិស្ស សហការគ្នាជំរុញឱ្យសិស្សានុសិស្សរៀនពីចម្ងាយតាមសារអេឡិចត្រូនិច។
សេចក្តីណែនាំរបស់ក្រសួងអប់រំបានបញ្ជាក់ថា ការពន្យារពេលចូលរៀននេះ អនុវត្តរហូតមានការជូនដំណឹងជាថ្មី។
ទោះយ៉ាងណា រយៈពេល ៦ថ្ងៃជាប់គ្នា ក្រសួងសុខាភិបាលប្រកាសថា មិនមានអ្នកឆ្លងមេរោគកូវីដ១៩ថ្មីទេ ចំណែកអ្នកឆ្លងចាស់ព្យាបាលជាបន្តបន្ទាប់។ គិតរហូតដល់ព្រឹកថ្ងៃសៅរ៍នេះអ្នកផ្ទុកកូវីដ១៩មានចំនួន ១២២នាក់ ហើយព្យាបាលជាសះស្បើយមានចំនួន ១០៣នាក់ ចំនួនអ្នកព្យាបាលជាស្មើនឹង ៨៤,៤៣ភាគរយ៕