កម្មករមួយចំនួនបម្រើការងារនៅរោងចក្រ ប៊ូវឃ័រ (Bowker) ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានថៅកែអនុញ្ញាតឱ្យបម្រើការងារវិញ ក្រោយពីពួកគាត់ត្រូវបង្ខំឱ្យលាឈប់ពីការងារដោយសារទៅចូលឆ្នាំ។
កាលពីសប្តាហ៍មុន កម្មការិនីមួយចំនួនបម្រើការងារនៅរោងចក្រ ប៊ូវឃ័រ (Bowker) ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំបែកចាន ស្រុកអង្គស្នួល ត្រូវថៅកែបញ្ឈប់ពីការងារ ក្រោយពួកគេត្រលប់ពីចូលឆ្នាំ ហើយមកបំពេញការងារវិញ ប៉ុន្តែ នៅថ្ងៃនេះ កម្មករទាំងនោះអះអាងថា ពួកគេត្រូវបានរដ្ឋបាលរោងចក្រហៅឱ្យបម្រើការងារវិញហើយនៅថ្ងៃទី៣០ ខែមេសា។
កម្មការិនីផ្នែកត្រួតពិនិត្យ (QC) ម្នាក់ អ្នកស្រី ឃុំ វ៉ាន់ ប្រាប់វីអូឌីថា រសៀលម៉ោង ៣ថ្ងៃនេះ រដ្ឋបាលរោងចក្របានទូរសព្ទប្រាប់ឱ្យអ្នកស្រីទៅជួប និងប្រាប់ឱ្យអ្នកស្រីចូលបំពេញការងារវិញនៅថ្ងៃទី៣០ ខែមេសា ក្រោយពីដាក់អ្នកស្រីនៅដាច់ឡែកដោយក្នុងបន្ទប់ស្នាក់នៅរយៈពេល ១៤ថ្ងៃ។
អ្នកស្រីបន្ថែមថា៖ «ឥលូវខ្ញុំសប្បាយចិត្តវិញហើយ។ ព្រោះខ្ញុំទទួលបានការងារធ្វើវិញហើយ។ យើងអាចទទួលបានលុយវិញហើយ។ ពីមុនយើងដេកពិបាកចិត្តរឿងជំងឺកូវីដផង និងពិបាកចិត្តរឿងអត់លុយសងគេផង។ នៅក្នុងលិខិតហ្នឹង ខាងរដ្ឋបាលគេឱ្យចូលថ្ងៃទី៣០។ ឥលូវគេឱ្យខ្ញុំនៅបន្ទប់ជួល ១៤ថ្ងៃសិន»។
កម្មការិនីផ្នែកតុកាត់ អ្នកស្រី ភុច សុនី ដែលត្រូវបានថៅកែបញ្ឈប់ពីការងារដោយសារទៅចូលឆ្នាំដែរនោះ ប្រាប់វីអូឌីថា អ្នកស្រីក៏ត្រូវបានរដ្ឋបាលរោងចក្រទូរសព្ទប្រាប់ឱ្យចូលទៅបំពេញការងារវិញ នៅថ្ងៃទី៣០ ខែមេសាដែរ។
កម្មការិនីរូបនេះលើកឡើងថា ប្រសិនបើថៅកែមិនអនុញ្ញាតឱ្យបំពេញការងារវិញទេ គ្រួសារអ្នកស្រីនឹងជួបបញ្ហាជីវភាពធ្ងន់ធ្ងរ ដោយពុំមានលុយបង់សងធនាគារ និងគ្មានលុយសម្រាប់ចំណាយក្នុងគ្រួសារជាដើម។
អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំជាកម្មករចង់ឱ្យខាងក្រសួងការងារពិនិត្យមើលរឿងនេះឡើងវិញ។ ជួយឱ្យពួកខ្ញុំបានធ្វើការងារវិញ។ ព្រោះពួកខ្ញុំជាកម្មករហ្នឹង មិនចង់ឈប់ពីការងារទេ។ យើងចង់ឱ្យរោងចក្រអនុវត្តដែលបានប្រជុំកន្លងមកថា ប្រសិនបើឈប់ គេដាក់ដាច់ដោយឡែក ១៤ថ្ងៃដោយអត់ប្រាក់ឈ្នួល ក៏យើងព្រមដែរ ឱ្យតែបានការងារធ្វើវិញ»។
ប៉ុន្តែ យ៉ាងណា ប្រធានផ្នែកធនធានមនុស្ស នៃរោងចក្រ ប៊ូវឃ័រ (Bowker) លោក សៀង រដ្ឋា សុំមិនឆ្លើយបញ្ជាក់ពាក់ព័ន្ធករណីនេះទេ រង់ចាំសួរយោបល់ពីថ្នាក់លើសិន។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ឱ្យដឹងថា តាមព័ត៌មានដែលអ្នកស្រីទទួលបាន នៅរោងចក្រ ប៊ូវឃ័រ (Bowker) មានកម្មករប្រហែល ៤០នាក់ ដែលត្រូវបានថៅកែបង្ខំឱ្យលាឈប់ពីការងារ។ អ្នកស្រីបន្តថា វាជារឿងល្អមួយ ប្រសិនបើថៅកែរោងចក្រនេះ អនុញ្ញាតឱ្យកម្មករបានចូលបម្រើការងារវិញនោះ។
មេសហជីពរូបនេះ ស្នើទៅក្រសួងការងារត្រូវជួយសម្របសម្រួលដោះស្រាយដល់កម្មករនៅរោងចក្រផ្សេងៗទៀតផងដែរ ដែលកំពុងត្រូវបានថៅកែបញ្ឈប់ពីការងារក្រោមហេតុផលមិនគោរពតាមសេចក្តីណែនាំរបស់រដ្ឋាភិបាល ដើម្បីគេចវេសពីការទូទាត់សំណងផ្សេងៗនោះ។
អ្នកស្រីបន្ថែមថា៖ «យើងសង្ឃឹមថា រដ្ឋាភិបាលក៏ដូចជាក្រសួងការងារព្យាយាមក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ ធ្វើយ៉ាងណាកុំឱ្យជ្រុសហួសហេតុនៃការយកលេសរបស់ក្រុមហ៊ុនក្នុងការគុំកួនទៅលើបងប្អូនកម្មករដោយចេតនា។ ក្រុមហ៊ុនចង់បិទ ឬក៏ចង់ព្យួរការងារ គឺធ្វើឱ្យថៅកែហ្នឹងរួចកាតព្វកិច្ចក្នុងការគិតគូរទូទាត់លុយជូនបងប្អូនកម្មករ»។
កាលពីថ្ងៃទី១៧ ខែមេសា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំមួយប្រាប់ទៅម្ចាស់រោងចក្រ សហគ្រាស និងកម្មករទាំងអស់ដែលឈប់សម្រាកអំឡុងចូលឆ្នាំ ហើយត្រឡប់មកបំពេញការងារ អនុវត្តវិធានការចត្តាឡីស័ក ដោយដាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ មុនចូលបំពេញការងារ។
ក្នុងសេចក្តីណែនាំដដែលនេះ ក្រសួងការងារព្រមានពីការបាត់បង់ការងារធ្វើ និងមិនទទួលបានសំណងចំពោះកម្មករណាដែលមិនគោរពសេចក្តីណែនាំរបស់ក្រសួងអំពីវិធានការបង្ការជំងឺកូវីដ១៩។
អ្នកនាំពាក្យរបស់ក្រសួងការងារ លោក ហេង សួរ បានបង្ហោះសារលើហ្វេសប៊ុក (Facebook) របស់លោកអំឡុងខែមេសានេះថា បើកម្មករណាឈប់សម្រាកពីការងារនៅថ្ងៃចូលឆ្នាំ អាចចាត់ទុកថា បានប្រព្រឹត្តកំហុសធ្ងន់ ហើយក្រុមហ៊ុនអាចបញ្ឈប់ការងារដោយមិនបាច់ទូទាត់សំណងនោះទេ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ការព្រមាន និងវិធានការរបស់ក្រសួងការងារនេះ បានផ្តល់ឱកាស និងជំរុញឱ្យថៅកែរោងចក្របានលេសបន្ថែមទៀត ដើម្បីបញ្ឈប់កម្មករពីការងារក្នុងអំឡុងពេលអត់ការងារធ្វើ ខណៈដែលរោងចក្រមួយចំនួនកំពុងខ្វះវត្ថុធាតុដើមសម្រាប់ដំណើរការផលិតនោះ។
លោកបន្ថែមថា៖ «ចំពោះកំហិតសំខាន់ដែលថា ក្រុមហ៊ុនអាចបញ្ឈប់កម្មករចោលបាននោះ ខ្ញុំគិតថា កាន់តែធ្វើឱ្យក្រុមហ៊ុនហ្នឹងបញ្ឈប់ចោលកម្មករកាន់តែស្រួលទៅៗ ដោយសារតែក្រុមហ៊ុនមួយចំនួនគាត់រកតែលេសបញ្ឈប់កម្មករចោលអំឡុងពេលអត់មានការងារធ្វើផង។ ហើយបើក្រសួងបើកភ្លើងខៀវឱ្យទៀត ដូចចង់និយាយថា ដូចរកអុសប្រទះឈើងាប់បណ្តោយ»។
ប៉ុន្តែ យ៉ាងណា សេចក្តីណែនាំរបស់ក្រសួងការងារ បានឱ្យដឹងថា ចំពោះកម្មករណាដែលឈប់សម្រាកដោយខ្លួនឯងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំដោយគ្មានការអនុញ្ញាតពីថៅកែនោះ គឺមិនត្រូវទទួលប្រាក់ឈ្នួលឡើយអំឡុងពេលដាក់ដាច់ដោយឡែក ១៤ថ្ងៃនោះ។
ចំណែកកម្មករដែលឈប់សម្រាកដោយមានការអនុញ្ញាតពីថៅកែ ត្រូវទទួលបានប្រាក់ឈ្នួលតែ ៧ថ្ងៃប៉ុណ្ណោះក្នុងអំឡុងពេលដាក់ដាច់ដោយឡែក ១៤ថ្ងៃ ខណៈកម្មករដែលអវត្តមានដោយមានការអនុញ្ញាតពីថៅកែដោយសារមានធុរៈពិសេស ដូចជា ប្រពន្ធឆ្លងទន្លេ ឬបងប្អូនសាច់ញាតិទទួលមរណភាព ត្រូវទទួលបានប្រាក់ឈ្នួលពេញចំនួន ១៤ថ្ងៃ៕