ក្រសួង​សុខា​ភិបាល​បន្ត​ព្រមាន​ពី​លទ្ធភាព​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ក្នុង​សហគមន៍​បើ​ពល​រដ្ឋ​ធ្វេស​ប្រហែស​

មន្ត្រីក្រសួងសុខាភិបាលថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការវិវត្តន៍នៃជំងឺកូវីដ១៩ នៅទីស្ដីការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (សូត សុខប្រាថ្នា)

មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល​ លើកឡើង​ថា ​ទោះបីជា​កម្ពុជា​រក​មិនឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី​ ក្នុងរយៈពេល​ប្រមាណ ១សប្តាហ៍​នេះ ព្រមទាំង​បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​នេះ ជាសះស្បើយ​ជិត​អស់ទៅហើយ​ក្តី ប៉ុន្តែ​ កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ចំណុច​ផុយ​ស្រួយ​នៃ​ការ​ឆ្លង​រាលដាល​ពិសេស​គឺ​ការ​ឆ្លង​ទៅ​ក្នុង​សហគមន៍។ 

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​អ្នកស្រី ឱ វណ្ណ​ឌីន មានប្រសាសន៍​ថា ​ដរាបណា​ស្ថានភាព​ជំងឺ​កូ​វីដ១៩ នៅតែ​បន្ត​រីក​រាលដាល​ខ្លាំង​នៅ​លើ​ពិភពលោក​ដូច​ពេល​បច្ចុប្បន្ន ពលរដ្ឋ​កម្ពុជា​មិន​ត្រូវ​ធ្វេសប្រហែស​នោះ​ឡើយ។ 

លោកស្រី​បន្ថែម​ថា ស្ថិតនៅ​ក្នុង​ចំណុច​ផុយ​ស្រួយ​នេះ កម្ពុជា​នឹងអាច​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ ចូល​ទៅ​ក្នុង​សហគមន៍ ប្រសិនបើ​ពលរដ្ឋ​មានការ​ធ្វេសប្រហែស ​ឬភ្លេចខ្លួន​នោះ។ 

លោកស្រី​មានប្រសាសន៍​បន្ថែម​ថា៖ «អីចឹង ​ខ្ញុំ​ចង់​ជម្រាប​ជូន​ថា ​នៅពេល​ខាងមុខនេះ យើង​មិន​ត្រូវ​ប្រហែស​ទេ។ យើង​នឹងអាច ខ្ញុំ​ប្រើពាក្យ​អីចេះ​ថា ​យើង​នឹងអាច ប្រសិនបើ​បុគ្គល​គ្រប់រូប​ភ្លេចខ្លួន​ហើយ គាត់​បែរជា​គិតថា ​យើង​អស់​មាន​បញ្ហា​កូ​វីដ១៩ហើយ ហើយ​វិធានការ​ការពារ​ខ្លួន​របស់​យើង​នេះ យើង​មិន​បន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ទេ​នោះ។ អីចឹង​ ការ​រាតត្បាត ​ឬយើង​អាច​និយាយ​មួយ​បែប​ទៀត​នោះ ថា​ការ​វាយលុក​វីរុស​កូ​វីដ១៩ហ្នឹង​ នឹងអាច​កើតមានឡើង។ អីចឹង ​ដូច្នេះហើយ​នៅក្នុង​ដំណាក់កាល​ផុយ​ស្រួយ​នេះ​ យើង​មិន​ចង់​ឃើញ យើង​មិន​ចង់ឱ្យ​កើតមាន​នូវ​ការ​ចម្លង​ចូល​ទៅ​ក្នុង​សហគមន៍​យើង​នោះ​ទេ»។ 

ក្រសួងសុខាភិបាល​នៅ​ថ្ងៃនេះ បាន​បញ្ជាក់​ថា​ ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ១៩ ចំនួន ១២២នាក់ គឺ​មាន​អ្នកជំងឺ ១០៧នាក់ ​ឬស្មើ​ជាង ៨៧ភាគរយ​ហើយ ដែល​ត្រូវ​បាន​ព្យាបាល​ឱ្យ​ជាសះស្បើយ នៅឡើយ​តែ ១៥នាក់​ទៀត​ប៉ុណ្ណោះ​ ដែល​កំពុង​សម្រាក​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ។ ក្រសួង​បញ្ជាក់​ទៀត​ថា រយៈពេល ១សប្តាហ៍​ហើយដែល​រក​មិនឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ថ្មី​នោះ​។ 

ប្រធាន​អង្គការសុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា លោកស្រី លី អៃ​ឡាន (Li Ailan​) បានឱ្យ​ដឹង​តាមរយៈ​អ្នកបកប្រែ​នៅក្នុង​សន្និសីទ​កាសែត​នោះ​ថា ការ​ផ្ទុះ​ជំងឺ​កូ​វីដ១៩ជាស​កល អាច​បញ្ចប់​ទៅ​បាន​នៅពេល​ប្រទេស​នៅ​លើ​ពិភពលោក​លែង​មាន​បញ្ហា​ដោយសារ​ជំងឺ​នេះ​បន្ត​ទៀត ឬជំងឺ​នេះ​បាន​បាត់​ពីលើ​ភពផែន​ដី​តែម្តង។ 

លោកស្រី​បន្ត​ថា មាន​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​ បាន​ឆ្លង​រាលដាល​ជំងឺ​នេះ ហើយ​ករណី​ស្លាប់​ក៏​កាន់តែ​ច្រើន​ផង​ដែរ ដោយសារ​ប្រទេស​ទាំងនោះ​ចូល​ដល់កម្រិត​ឆ្លង​រាលដាល​ខ្លាំង​ទៅ​ក្នុង​សហគមន៍​ពួក​គេ។ 

លោកស្រី​ឱ្យ​ដឹង​តាមរយៈ​អ្នកបកប្រែ​ថា៖ «នាងខ្ញុំ​ចង់​ជម្រាប​ថា ជំងឺ​កូ​វីដ១៩នេះ​ ជា​ជំងឺ​ថ្មី​នៅឡើយ ហើយ​នៅ​មានក​ត្តា​ច្រើនណាស់​ដែល​យើង​នៅ​មិនទាន់​ដឹង​អំពី​វីរុស​នេះ។ ប៉ុន្តែ ​អ្វី​ដែល​សំខាន់​នោះ សម្រាប់​ប្រទេស​ដែល​យើង​ឃើញ​មាន​ស្លាប់​ច្រើន គឺ​យើង​សង្កេតឃើញ​ថា ​ប្រទេស​មួយចំនួន​ហ្នឹងគឺ​ស្ថិតនៅ​ក្នុង​ដំណាក់កាល​ទី៣ ដែល​មានការ​រាត​ត្បាត​ទៅ​ក្នុង​សហគមន៍​រួច​បាត់​ទៅ​ហើយ»។

លោកស្រី លី អៃ​ឡាន បាន​លើកឡើង​កាលពី​សប្តាហ៍​មុន​ដោយ​សម្តែង​ក្តី​បារម្ភ​ថា ប្រសិនបើ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ មាន​កាន់តែ​ច្រើន ពិសេស​រាលដាល​ក្នុង​សហគមន៍ កម្ពុជា​អាច​ជួប​បញ្ហា​ប្រឈម​ជាច្រើន ដូចជា បញ្ហា​ខ្វះ​មន្ត្រី​ជំនាញ ខ្វះ​សម្ភារបច្ចេកទេស​វេជ្ជ​សាស្ត្រ និង​ខ្វះ​សមត្ថភាព​គ្រប់គ្រង ​ជាដើម។ 

កាលពី​ថ្ងៃម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ផ្ញើ​សារ​ក្រើនរំលឹក​ពលរដ្ឋ​ជាថ្មី​ទៀត ឱ្យ​មានការ​ប្រុងប្រយ័ត្ន ដោយ​យកចិត្ត​ទុកដាក់​ចំពោះ​សុវត្ថិភាព​សុខភាព​ជាប្រចាំ ហើយ​ត្រូវ​ចងចាំ​គ្រប់ពេល​ថា ជំងឺឆ្លង​កូ​វីដ​-១៩ គឺជា​ជំងឺឆ្លង​រា​តត្បាត​ដ៏​កាច​សាហាវ​បំផុត។

លោក​ថា​ ក្នុង​ពេល​តែមួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ​ ជំងឺ​នេះអាច​បង្ក​វិនាសកម្ម​បាន​យ៉ាង​ឆាប់រហ័ស​បំផុត ហើយ​មកទល់​ពេលនេះ គ្មាន​ថ្នាំលេប ​ឬចាក់​ព្យាបាល​នៅឡើយ​ទេ។ លោក​ក៏​ប្រាប់​ឱ្យ​ពលរដ្ឋ​យក​ជាប់​ជាមួយ​នូវ​ម៉ាស ទឹក​អាល់កុល ឬជែលសម្លាប់​មេរោគ និង​បាក់តេរី ហើយ​ឧស្សាហ៍​លាង​សម្អាត​ដៃ​ជាប្រចាំ។ លោក​ថា សូមកុំ​ឱ្យមានការ​សោក​ស្តាយ​ធ្លាក់​មក​លើ​ខ្លួន​យើង និង​ក្រុម​គ្រួសារ​យើង​ឱ្យ​សោះ ដោយសារតែ​ការ​ធ្វេសប្រហែស និង​មើលស្រាលជំងឺឆ្លង​កូ​វីដ-១៩នោះ។

ក្រសួងសុខាភិបាល​អះអាង​ថា ចាប់តាំងពី​ខែមករា រហូតដល់​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ ក្រសួង​បាន​ធ្វើតេស្ត​ ឬវិភាគ​សំណាក​ពលរដ្ឋ​ចំនួន​ជិត ១ម៉ឺន​នាក់ ​(៩៧៩២​) ដោយ​ក្នុងចំណោម​ពលរដ្ឋ ១លាន​នាក់ កម្ពុជា​បាន​ធ្វើវិភាគ​សំណាក​ពលរដ្ឋ​ចំនួន ៦១២នាក់។ 

ដោយឡែក​ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​មួយ​រូប​ទៀត លោកស្រី យក់ សម្បត្តិ បញ្ជាក់​ថា ​គ្រូពេទ្យ​ជួរមុខដែល​នៅ​ព្យាបាល​អ្នកជំងឺ ​ឬធ្វើការងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ១៩ផ្ទាល់ មាន​ចំនួន ៣ ពាន់​នាក់ ប៉ុន្តែ​ មិន​មាន​គ្រូពេទ្យ​ណា​ម្នាក់​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ១៩ នោះ​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ