ថៅកែរោងចក្រ ឌីកនើធី នីតធើរ លីមីតធីត (Dignity Knitter Limited) ស្ថិតក្នុងឃុំសិត្បូ ក្រុងតាខ្មៅ ខេតកណ្ដាល បានសន្យាផ្តល់សំណងជូនដល់ក្រុមកម្មករ បន្ទាប់ពីពួកគាត់ដេកយាមមុខរោងចក្រអស់រយៈពេលជាង ៣ខែ។
សកម្មជនសហជីពស៊ីខៅឌូប្រចាំរោងចក្រ ឌីកនើធី នីតធើរ លីមីតធីត អ្នកស្រី សួរ សុជាតិ ប្រាប់វីអូឌីថា ក្រុមកម្មករបានតវ៉ា និងដេកយាមមុខរោងចក្រជាង ៣ខែ ដើម្បីទប់ស្កាត់មិនឱ្យថៅកែដឹកសម្ភារចេញ ព្រោះរោងចក្រប្រកាសបិទទ្វារដោយមិនបានដោះស្រាយសំណងតាមផ្លូវច្បាប់។ អ្នកស្រីបន្តថា ក្រោយដេកយាមរយៈពេលជាង ៣ខែ កាលពីថ្ងៃទី១៧ ខែមេសាកន្លងទៅនេះ ភាគីរោងចក្របានសន្យាផ្តល់សំណង ៤ចំណុចជូនកម្មករ។
សកម្មជនសហជីពរូបនេះបញ្ជាក់ថា សំណង ៤ចំណុចដែលថៅកែ Dignity Knitter Limited សន្យាដោះស្រាយជូនកម្មករនោះមានប្រាក់ខែចុងក្រោយ ប្រាក់អតីតភាពការងារ ប្រាក់ជូនដំណឹង និងប្រាក់ដំណាច់ឆ្នាំដែលនៅសល់ ដោយសន្យាទូទាត់ជូនកម្មករនៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ។
អ្នកស្រី សួរ សុជាតិ បន្តថា បើទោះបីជាថៅកែបានសន្យាដោះស្រាយសំណងកម្មករក៏ដោយ គឺក្រុមកម្មករនៅតែបន្តដេកយាមមុខរោងចក្របន្តទៀត រហូតទទួលបានសំណងដល់ដៃគ្រប់ចំនួន។
អ្នកស្រីបន្ថែមថា៖ «បើទោះបីជាខាងក្រុមហ៊ុនគាត់សន្យាថា ឱ្យសំណងយើងមែន តែយើងក៏នៅតែបារម្ភដែរ ព្រោះកន្លងមក ក្រុមហ៊ុនធ្លាប់មិនគោរពកិច្ចសន្យាជាច្រើនដង។ បើទោះបីមានមេធាវីមកដោះស្រាយដឹងលឺ ក៏ក្រុមហ៊ុននៅតែមិនគោរពកិច្ចសន្យា។ អីចឹងហើយបានជាកម្មករគាត់ចេះតែបារម្ភ ហើយកម្មករទាំងអស់សម្រេចថា ពួកយើងនៅតែដេកយាមមុខរោងចក្ររហូតបានដំណោះស្រាយចុងក្រោយ»។
អនុប្រធានផ្នែកអន្តរាគមន៍ និងដោះស្រាយបាតុកម្មកូដកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ លោក អ៊ូ រតនា ដែលចុះដោះស្រាយករណីវិវាទការងារនៅរោងចក្រ Dignity Knitter Limited បញ្ជាក់ថា ថៅកែបានសន្យាដោះស្រាយសំណងជូនកម្មករ ៤ចំណុចពិតមែន ហើយកម្មករក៏យល់ព្រមទទួលសំណងនោះដែរ ប៉ុន្តែ លោកថា ថៅកែមិនទាន់បានឆ្លើយបញ្ជាក់ពីថ្ងៃដែលត្រូវបើកលុយឱ្យកម្មករនៅឡើយទេ។
លោក អ៊ូ រតនា បន្តថា ក្រសួងការងារនឹងខិតខំជំរុញទៅភាគីរោងចក្រឱ្យពន្លឿនទូទាត់លុយជូនកម្មករឱ្យបានឆាប់ ដើម្បីកុំឱ្យកម្មករជួបការលំបាកក្នុងការដេកយាមមុខរោងចក្រតទៅទៀត។
លោកបន្ថែមថា៖ «កម្មករកំពុងរង់ចាំព័ត៌មានពីក្រុមហ៊ុនបញ្ជាក់ថ្ងៃបើកលុយ។ ហើយខាងក្រុមហ៊ុនក៏កំពុងធ្វើការលើរឿងហ្នឹង។ ហើយយើងក៏អត់ទទួលបានព័ត៌មានហ្នឹងនៅឡើយដែរ។ យើងរង់ចាំចម្លើយពីខាងក្រុមហ៊ុនដែរ»។
មន្រ្តីដោះស្រាយវិវាទនៅសម្ព័ន្ធសហជីពស៊ីខៅឌូ លោក ស៊ាង យ៉ូត ដែលចូលសម្របសម្រួលដោះស្រាយវិវាទការងារនៅរោងចក្រនេះដែរ មានប្រសាសន៍ថា ករណីថៅកែពន្យារពេលទូទាត់លុយ និងដោះស្រាយសំណងជូនកម្មករត្រឹមត្រូវតែ ៤ចំណុចនោះ គឺមិនត្រឹមត្រូវឡើយ។
មន្ត្រីសហជីពរូបនេះបន្តថា តាមផ្លូវច្បាប់ នៅពេលដែលរោងចក្រប្រកាសបិទទ្វារ គឺថៅកែត្រូវដោះស្រាយសំណងជូនកម្មករចំនួន ៥ចំណុច មានប្រាក់ខែចុងក្រោយ ប្រាក់អតីតភាពការងារ ប្រាក់ជូនដំណឹង ប្រាក់សំណងជំងឺចិត្ត និងប្រាក់ដំណាច់ឆ្នាំដែលនៅសល់ ប៉ុន្តែ ដោយសារគ្មានជម្រើស កម្មករបង្ខំចិត្តទទួលយកសំណងត្រឹមតែ ៤ចំណុចប៉ុណ្ណោះ។
លោកបន្ថែមថា៖ «ខ្ញុំគិតថា វាមិនសមស្របទេ។ តាមគោលការណ៍ផ្លូវច្បាប់ គឺកម្មករត្រូវទទួលបាន ៥ចំណុច ប៉ុន្តែ ដោយសារកាលៈទេសៈនេះ វាមានបញ្ហាកូវីដ ហើយស្ថានភាពរោងចក្រអត់អីវ៉ាន់ធ្វើអីចឹង។ កម្មករគាត់ក៏សម្រេចចិត្តទទួលយក ៤ចំណុចទាំងបង្ខំ។ ព្រោះបើនៅអូសបន្លាយយូរ ខ្លាចគាត់ទ្រាំអត់បាន ប៉ុន្តែ យក ៤ចំណុចហ្នឹង ក្រុមហ៊ុននៅតែមិនទាន់មានលទ្ធភាពបើកលុយឱ្យកម្មករភ្លាមៗទៀត ដោយសុំពន្យារពេលដល់ខែ ៧ [កក្កដា] ទៀត»។
បើតាមលោក ស៊ាង យ៉ូត រោងចក្រ ឌីកនើធី នីតធើរ លីមីតធីត (Dignity Knitter Limited) មានកម្មករសរុប ១០៤៩នាក់ ហើយថៅកែរោងចក្រនេះ ជំពាក់សំណងកម្មករតាមផ្លូវច្បាប់ប្រហែល ១លាន ៥៩ម៉ឺន ៩ពាន់ដុល្លារ៕