អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា ប្រសិនបើរដ្ឋាភិបាលចង់បំពានសិទ្ធិពលរដ្ឋមែននោះ រដ្ឋាភិបាលមិនចាំបាច់ពិបាកចំណាយពេលធ្វើច្បាប់នេះនោះទេ ដោយថា ការប្រកាសរដ្ឋក្នុងភាពអាសន្នគឺរដ្ឋអាចដាក់ចេញវិធានការភ្លាមៗ មិនចាំបាច់គិតពីសិទ្ធិទាំងនោះទេ។
ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ត្រូវបានព្រឹទ្ធសភាអនុម័តហើយកាលពីសប្ដាហ៍មុន ខណៈពេលនេះ ច្បាប់នេះកំពុងស្ថិតក្នុងដំណាក់កាលពិនិត្យរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងគណៈកម្មាធិការសិទ្ធិមនុស្ស លោក ជិន ម៉ាលីន មានប្រសាសន៍ថា ច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន គឺធ្វើឡើងដើម្បីបង្កើតនូវឧបករណ៍គតិយុត្តិមួយដែលគ្រប់គ្រាន់ ដើម្បីអនុវត្តតាមរដ្ឋធម្មនុញ្ញ ក៏ដូចជាការពារនូវសិទ្ធិ និងជីវិតរបស់ពលរដ្ឋ ពង្រឹងប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
លោកបន្ថែមថា៖ «ជាការអនុវត្តទូទៅ បើសិនជារដ្ឋាភិបាលចង់បំពាននូវសិទ្ធិសេរីភាពប្រជាពលរដ្ឋ ហើយរដ្ឋាភិបាលចង់ធ្វើអីតាមចិត្តនៅពេលដែលប្រទេសស្ថិតក្នុងភាពអាសន្ន រដ្ឋាភិបាលមិនចាំបាច់ធ្វើច្បាប់នេះនោះទេ ពីព្រោះនៅពេលគ្មានច្បាប់ រដ្ឋាភិបាលអាចធ្វើអីបានគ្រប់យ៉ាងទាំងអស់ អាចដាក់ចេញនូវវិធានការ អាចធ្វើអ្វីគ្រប់យ៉ាងបានទាំងអស់ បើសិនគ្មានច្បាប់។ ការរៀបចំច្បាប់នេះគឺដើម្បីកម្រិតនូវសិទ្ធិសេរីភាពរបស់រដ្ឋាភិបាល។ ច្បាប់នេះបានកំណត់ថារដ្ឋាភិបាលអាចធ្វើអីបាន និងមិនអាចធ្វើអីបាន ហើយត្រូវទទួលខុសត្រូវយ៉ាងដូចម្ដេចខ្លះ។ អ៊ីចឹងបើរដ្ឋាភិបាលចង់ប្រើប្រាស់អំណាចរបស់ខ្លួនគ្មានដែនកំណត់ ប្រហែលជារដ្ឋាភិបាលនឹងមិនធ្វើច្បាប់នេះនោះទេ»។
យោងតាមរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ២២ថ្មី ចែងថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។
ទោះជាយ៉ាងណា សម្រាប់លោក ជិន ម៉ាលីន បានលើកឡើងថា ការចែងនេះគឺត្រូវការច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នបន្ថែម ដើម្បីគាំទ្រ ខណៈលោកថា កម្ពុជាគួរតែមានច្បាប់នេះតាំងពីឆ្នាំ១៩៩៣មកម៉្លេះ។
លោកបន្ថែមថា៖ «ក៏ប៉ុន្តែ មាត្រានេះមិនបានចែងថា ក្រោយពីប្រកាសដាក់ប្រទេសក្នុងភាពអាសន្នហើយ គឺត្រូវគ្រប់គ្រងប្រទេសជាតិដោយរបៀបណានោះទេ។ អ្នកណាត្រូវធ្វើស្អី? រដ្ឋាភិបាលត្រូវធ្វើស្អីខ្លះ? ប្រជាពលរដ្ឋមានកាតព្វកិច្ចធ្វើស្អីខ្លះ? អ្នកដែលបំពាន ត្រូវមានវិធានការអ្វីខ្លះ អ៊ីចឹងអត់មាន អត់អាចធ្វើអីកើត»។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២ ខែមេសា កន្លងទៅ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បានទាមទារដល់រដ្ឋាភិបាលកម្ពុជាឱ្យទម្លាក់ចោលការអនុម័តច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នវិញ ដោយថា ច្បាប់បានផ្ដល់អំណាចដល់រដ្ឋាភិបាលយ៉ាងធំធេងក្នុងការកម្រិតនូវសិទ្ធិមនុស្ស សិទ្ធិនយោបាយ ដោយបានដៅគោលដៅជាស្រេចទៅលើសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងក្រុមសារព័ត៌មាន។
ប្រធានប្រចាំតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Right Watch លោក ប្រែ៊ត អាដាម (Brad Adams) បានលើកឡើងក្នុងសេចក្តីប្រកាសនោះថា៖ «ជំនួសឱ្យការអនុម័តច្បាប់ដើម្បីការពារសុខភាពសាធារណៈ រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ការការពារជំងឺរាតត្បាត COVID-19 ជាលេស ដើម្បីប្រើអំណាចគ្របដណ្ដប់លើគ្រប់ទិដ្ឋភាពទាំងអស់នៃជីវភាពស៊ីវិល នយោបាយ សង្គម និងជីវិតសេដ្ឋកិច្ច ដោយគ្មានពេលកំណត់ ឬពិនិត្យទៅលើការរំលោភអំណាចនោះទេ»។
ប្រធានក្រុមមេធាវីអមរិន្ទ លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា វាជាការត្រឹមត្រូវក្នុងការធ្វើច្បាប់ដើម្បីបំពេញបន្ថែមដល់រដ្ឋធម្មនុញ្ញ តែលោកយល់ថា សម្រាប់ច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននេះ ហាក់នៅមិនទាន់បំពេញគ្រប់គ្រាន់ដល់រដ្ឋធម្មនុញ្ញនោះទេ។
លោក សុក សំអឿន មានប្រសាសន៍ថា៖ «បើយើងមើលរដ្ឋធម្មនុញ្ញ ហើយនិងច្បាប់នេះ អត់មានខុសគ្នាអីផង។ អត់មានអីជាចម្លែកទេ ក្នុងរដ្ឋធម្មនុញ្ញចែងថា ព្រះមហាក្សត្រមានអំណាចប្រកាសអាសន្នអ៊ីចឹង ក៏ប៉ុន្ដែ ក្នុងពេលអាសន្នហ្នឹង នីតិប្រតិបត្តិមានអំណាចអី នីតិបញ្ញត្តិសល់អំណាចអី តុលាការសល់អំណាចអី គឺអត់មានចែងទេ។ ហើយច្បាប់ភាពអាសន្ននេះ ក៏អត់ចែងដែរ ដូច្នេះ មានដូចអត់មានអ៊ីចឹង។ ទោះបីអត់មានច្បាប់ហ្នឹង ប្រសិនជាព្រះករុណាលោកប្រកាសតាមរដ្ឋធម្មនុញ្ញ ក៏អត់មានខុសអីដែរ»។
លោកជំរុញឱ្យមានការបែងចែកឱ្យច្បាស់ពីតួនាទីនៃអំណាចទាំង៣ ក្នុងពេលគ្រប់គ្រងភាពអាសន្ន ដើម្បីកុំឱ្យមានការបំពានអំណាចពីអង្គនីតិប្រតិបត្តិចំពោះអំណាចផ្សេងទៀតនោះ។
សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសស្ថិតនៅក្នុងគ្រាអាសន្ន មាន ៥ជំពូក និងមាន ១១មាត្រា បានចែងពីការបង្កើនអំណាចរដ្ឋាភិបាល ហើយកាត់បន្ថយសិទ្ធិសេរីភាពមួយចំនួនរបស់ប្រជាពលរដ្ឋទូទៅនៅពេលដែលប្រទេសត្រូវបានដាក់ក្នុងគ្រាអាសន្ន។
ការហាមឃាត់ក្នុងច្បាប់នោះរួមមាន ហាមឃាត់ ឬកម្រិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ ការជួបជុំ ការធ្វើសកម្មភាពការងារ ការចេញពីលំនៅដ្ឋាន ឬទីសំណាក់។ ក្រៅពីនេះ រដ្ឋក៏មានសិទ្ធិកំណត់តម្លៃទំនិញ និងសេវា បិទទីតាំងសាធារណៈ ឬឯកជនណាមួយ ឃ្លាំមើល និងតាមដានទៅគ្រប់ប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍ ហាមឃាត់ ឬកម្រិតការចែកចាយ ឬការផ្សព្វផ្សាយព័ត៌មានដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាជន និងសង្គម។
ជាងនេះទៅទៀត រដ្ឋាភិបាលអាចប្រើប្រាស់កម្លាំងប្រដាប់អាវុធក្នុងការអនុវត្តនូវវិធានការទាំងនេះផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៩ ខែមេសា កន្លងទៅ ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី មីស្យែល បាស្យេឡេត បានលើកឡើងពីក្ដីបារម្ភចំពោះការប្រើប្រាស់អំណាចរដ្ឋក្នុងការឆ្លើយតបនឹងវិបត្តិកូវីដ១៩ ដោយមិនគិតពីកាតព្វកិច្ចសិទ្ធិមនុស្ស បន្ទាប់ពីលោកស្រីទទួលបានព័ត៌មានជាបន្តបន្ទាប់ពីការដាក់ទណ្ឌកម្ម និងការចាប់ខ្លួនអ្នកសារព័ត៌មាន និងប្រជាជន ដោយគ្រាន់តែពួកគេរាយការណ៍ និងបញ្ចេញយោបល់នៅលើបណ្ដាញសង្គម៕