រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសម្រេចផ្អាកការងារស្នងការរងនគរបាលខេត្តកណ្តាល លោក ស្រេង សុខា បណ្តោះអាសន្ន ចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០តទៅ។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ឱ្យដឹងថា ទោះបីជាលោក ស្រេង សុខា ត្រូវបានក្រសួងមហាផ្ទៃផ្អាកការងារបណ្ដោះអាសន្នក៏ដោយ ប៉ុន្តែ លោក ស្រេង សុខា ត្រូវទៅបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិកជារៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំការសម្រេចជាថ្មី។
សេចក្ដីប្រកាសក្រសួងដដែលថា ការសម្រេចផ្អាកការងារស្នងការរងនគរបាលខេត្តកណ្តាល លោក ស្រេង សុខា បន្ទាប់ពីមានសំណើរបស់អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា ការដែលអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នើសុំឱ្យក្រសួងមហាផ្ទៃផ្អាកការងារលោក ស្រេង សុខា ដោយសារ លោកមានកំហុសពាក់ព័ន្ធនឹងការអនុវត្តតួនាទី។
លោកថា៖ «មន្ត្រី បើមិនមានកំហុស គេអត់សុំឱ្យផ្អាកការងារទេ បានន័យថា គាត់មានកំហុស ពាក់ព័ន្ធនឹងការអនុវត្តមិនបានត្រឹមត្រូវបទបញ្ជា០០៦ របស់កងកម្លាំងនគរបាលជាតិ។អធ្យាស្រ័យ ខាងស្នងការដ្ឋានស្នើសុំ បានក្រសួងចុះពិនិត្យហើយសម្រេច។ ព័ត៌មានចង់ច្បាស់លាស់ពីបញ្ហានេះ ខ្ញុំដឹងថា នាងចង់សួរទៀតហើយ ប៉ុន្តែ ខ្ញុំមិនអាចឆ្លើយតទៀតបាន ដឹងថាខុសអីចំណុចណាៗ សូមទាក់ទងអ្នកនាំពាក្យរបស់នាយកដ្ឋានបុគ្គលិក អាហ្នឹងគេច្បាស់ជាងខ្ញុំ»។
វីអូឌីបានទូរសព្ទ និងផ្ញើសំណួរតាមប្រព័ន្ធតេឡេក្រាមទៅអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងលោក ម៉ែន ប៊ុនរិទ្ធ ដើម្បីសាកសួរបន្ថែម ប៉ុន្តែ គិតមកដល់រសៀលនេះ មិនទាន់មានការឆ្លើយតបនៅឡើយ។
វីអូឌី មិនទាន់អាចសុំការឆ្លើយតបពីស្នងការរងខេត្តកណ្ដាល លោក ស្រេង សុខា បាននៅឡើយទេ ពាក់ព័ន្ធនឹងករណីនេះ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គម លោក សន ជ័យ មើលឃើញថា ការសម្រេចផ្អាកការងារស្នងការរងខេត្តកណ្ដាល អាចជាប់ព័ន្ធអំពើពុករលួយ ខណៈស្នងការរងរូបនេះ ធ្លាប់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU បើកការស៊ើបអង្កេតម្ដងរួចមកហើយ ពាក់ព័ន្ធនឹងការបង្ហាញទ្រព្យសម្បត្តិ។
លោកថា៖ «ទីមួយ ទិដ្ឋភាពច្បាប់ បើសិនជាមានបទល្មើសពុករលួយ គេអនុវត្តតាមច្បាប់ប្រឆាំងអំពើពុករលួយ ប៉ុន្តែថ្មីៗនេះ មានអភិក្រមដែលមានដល់ទៅ ៥ចំណុច។ អ៊ីចឹង សម្រាប់បុគ្គលិកដែលសំញ៉ែងទ្រព្យសម្បត្តិ ហើយត្រូវបានដកតំណែង ពាក់ព័ន្ធនឹងការអនុវត្តអភិក្រមនេះតែម្ដង។ អភិក្រមទី១ គេមើលទៅលើស្ថានភាព មិនឱ្យមន្ត្រីហ្នឹងប្រើប្រាស់តួនាទី ឬសំញ៉ែងទ្រព្យសម្បត្តិក្នុងរូបភាពណាមួយអីហ្នឹង ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់អ្នកបម្រើប្រជារាស្ត្រ»។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU បានប្រកាសបើកការស៊ើបអង្កេតទ្រព្យសម្បត្តិស្នងការរងខេត្តកណ្ដាល លោក ស្រេង សុខា ក្រោយពីមានព័ត៌មានចែករំលែកតាមបណ្ដាញសង្គមហ្វេសប៊ុក ករណីស្នងការរងរូបនេះ បានភ្ជាប់ពាក្យជាមួយស្ត្រីម្នាក់ និងបានជូនថ្លៃបណ្ណាការចំនួន ១០ម៉ឺនដុល្លារ ចិញ្ចៀនពេជ្រ និងរថយន្ដលុច្សស៊ីស ៥៧០ មួយគ្រឿងដែលមានតម្លៃ ២២ម៉ឺនដុល្លារ៕