កាលពីជាង ១ឆ្នាំមុន លោក ភឿន ដា អាយុ ៣២ឆ្នាំ បានសម្រេចបោះបង់ចោលការងារនៅក្នុងរោងចក្រកាត់ដេរមួយស្ថិតនៅម្ដុំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយទិញម៉ូតូកង់បីឥណ្ឌាមួយគ្រឿងក្នុងតម្លៃដល់ទៅជាង ៣ពាន់ដុល្លារ សម្រាប់ដឹកជញ្ជូនអ្នកដំណើរនៅក្នុងរាជធានីភ្នំពេញ។
ក្នុងរយៈពេលមួយឆ្នាំក្នុងឆ្នាំ២០១៩ លោក ភឿន ដា ប្រាប់ថា មុខរបររត់កង់បីឥណ្ឌាបំពាក់ដោយកម្មវិធីដែលអនុញ្ញាតឱ្យអ្នកដំណើរអាចកក់សំបុត្រសម្រាប់ការធ្វើដំណើរបាននោះ បានផ្ដល់ឱ្យលោកនូវចំណូលមិនក្រោម ១០ម៉ឺនរៀលនោះឡើយក្នុងមួយថ្ងៃៗ ឬអាចរកបានចន្លោះពី ៥០០ ទៅ ៦០០ដុល្លារក្នុងមួយខែៗ។
ប៉ុន្តែ បុរសជាស្វាមី និងជាឪពុករបស់កូនម្នាក់ក្នុងបន្ទុករូបនេះ ប្រាប់ថា ចំណូលបានមកពីការដឹកជញ្ជូនអ្នកដំណើរនេះ បានធ្លាក់ចុះយ៉ាងគំហុក ក្រោយពីវីរុសកូរ៉ូណា ឬ Covid-19 បានផ្ទុះឡើងខ្លាំងនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីពាក់កណ្ដាលខែមីនាកន្លងមក ដែលលោកប្រាប់ថា វាមិនឆ្លើយតបនឹងក្ដីសង្ឃឹមរបស់លោក ដែលចង់កែប្រែជីវភាពគ្រួសារឱ្យកាន់ល្អប្រសើរឡើង។
លោក ភឿន ដា និយាយថា៖ «ពិបាកណាស់បងអើយ! ពិបាកត្រង់ថា មួយថ្ងៃបានតែមួយជើង។ ដូចថ្ងៃនេះអញ្ចឹង តាំងពីព្រឹកដល់យប់បានតែមួយជើង ហើយត្រូវកាត់ទៅលើក្រុមហ៊ុនខ្លះ ថ្លៃហ្គាសខ្លះ»។
កម្ពុជាបានរកឃើញករណីឆ្លងលើមនុស្សចំនួន ១២២នាក់ហើយរហូតមកគិតត្រឹមថ្ងៃទី២០ ខែមេសា ក្នុងចំណោមនោះ ត្រូវបានរកឃើញឆ្លងលើពលរដ្ឋកម្ពុជា ៥១នាក់ និងជនបរទេស ៧១នាក់។ ទោះជាយ៉ាងណា ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា អ្នកឆ្លងវីរុសនេះ ១០៧នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ។
ទន្ទឹមនេះដែរ របាយការណ៍អង្គការសុខភាពពិភពលោកចេញថ្ងៃទី២០ ខែមេសា បង្ហាញថា មនុស្សជាង ២លាន ៤សែននាក់ហើយបានឆ្លងវីរុសរាតត្បាតនេះ ក្នុងនោះ មនុស្សដល់ទៅជាង ១៥ម៉ឺននាក់ បានស្លាប់ដោយសារតែវីរុសដ៏សាហាវនេះ។
ជាវិធានការឆ្លើយតបនឹងវិបត្តិសុខភាពពិភពលោកមួយនេះ កម្ពុជាបានសម្រេចហាមឃាត់ពិធីជួបជុំប្រមូលផ្ដុំមនុស្សច្រើនៗ ដូចជា កម្មវិធីជួបជុំបែបសាសនា ក្លឹបកម្សាន្ត ខារ៉ាអូខេ កម្មវិធីប្រគុំតន្ត្រី រំសាយការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងរឹតត្បិតលើការធ្វើដំណើរដូចជា ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង ហាមឃាត់ជនបរទេសមកពីតំបន់ផ្ទុះការរាតត្បាតខ្លាំងមិនឱ្យចូលប្រទេសកម្ពុជា រឹតត្បិតលើការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជារយៈពេល ១សប្ដាហ៍អំឡុងពេលចូលឆ្នាំថ្មី។
សកម្មភាពធ្វើដំណើរដែលធ្លាប់តែកកស្ទះរៀងរាល់ព្រឹក និងពេលល្ងាចនៅតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ត្រូវបានកាត់បន្ថយយ៉ាងច្រើន និងមិនសូវមមាញឹកនោះឡើយចាប់តាំងពីដើមខែមីនាកន្លងមក ក្រោយពីកម្ពុជាបានប្រកាសរកឃើញករណីឆ្លងវីរុសកូរ៉ូណាកាន់តែច្រើនថែមទៀត។
ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងតែមួយគត់ដែលបានកើតឡើងលើបុរសជនជាតិចិនអាយុ ៦០ឆ្នាំ នៅឯខេត្តព្រះសីហនុ ចាប់ពីចុងខែមករារហូតដល់ដំណាច់ខែកុម្ភៈ។ ប៉ុន្តែ ករណីឆ្លងវីរុសកូរ៉ូណានៅកម្ពុជា ត្រូវបានរកឃើញកាន់តែច្រើនឡើងចាប់តាំងពីដើមខែមីនា ហើយករណីឆ្លងច្រើនបំផុត ត្រូវបានរកឃើញនៅថ្ងៃទី២២ ខែមីនា។
លោក ភឿន ដា និយាយថា អ្នកដំណើរព្រួយបារម្ភពីហានិភ័យកើតឡើងលើសុខភាពរបស់ពួកគេ បន្ទាប់ពីករណីឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសកម្ពុជា បានផ្ទុះឡើងយ៉ាងលឿនកាលពីខែមីនាកន្លងមក។
លោក ភឿន ដា បានប្រាប់ឱ្យដឹងថា ការរីករាលដាលនៃវីរុសកូរ៉ូណា បានចាប់បង្ខំប្រជាពលរដ្ឋ ឱ្យកាត់បន្ថយការធ្វើដំណើរចេញពីផ្ទះ និងរក្សាគម្លាតសង្គម ដែលធ្វើឱ្យលោករកចំណូលបានត្រឹមតែចន្លោះពី ១ម៉ឺន ទៅ ២ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។
លោក ភឿន ដា បង្ហាញក្ដីបារម្ភថា លោកនឹងពិចារណាលក់ម៉ូតូកង់បីរបស់លោក ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងយកសងត្រឡប់បំណុលទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ដែលលោកបានខ្ចីក្នុងទំហំខ្ទង់ ២ពាន់ដុល្លារ កាលពីជាង ១ឆ្នាំមុន សម្រាប់យកមកទិញម៉ូតូកង់បីឥណ្ឌាមួយគ្រឿងនេះ។ លោកបន្ថែមថា ហើយអ្វីដែលលោកអាចធ្វើបាននាពេលខាងមុខ គឺការងាកទៅស្វែងរកការងារក្នុងវិស័យសំណង់ ឬវិលត្រឡប់ចូលរោងចក្រកាត់ដេរវិញ។
លោក ភឿន ដា៖ «បើស្ថានភាពនៅតែអ៊ីចឹង យើងមិនដឹងធ្វើម៉េច? បើយើងរក [ចំណូល] អត់បាន យើងមានតែលក់ [ម៉ូតូ] កង់បីហ្នឹង ដើម្បីដោះស្រាយជីវភាព និងធនាគារ។ បើយើងមិនលក់ បានលុយណាបង់ឱ្យគេ»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA លោក វន់ ពៅ ឱ្យដឹងថា ប្រជាពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា អ្នករត់តាក់ស៊ី និងអ្នករត់ម៉ូតូកង់បី ប្រឈមមុខនឹងការធ្លាក់ចុះប្រាក់ចំណូលយ៉ាងគំហុក បន្ទាប់ពីករណីឆ្លងវីរុសកូរ៉ូណាកាន់តែច្រើនត្រូវបានរកឃើញនៅកម្ពុជា។
បើតាមលោក វន់ ពៅ ស្ថានភាពបែបនេះ មិនត្រឹមតែប៉ះពាល់លើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេក៏កំពុងប្រឈមមុខនឹងបំណុលដែលពួកគេបានខ្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីយកលុយមកទិញម៉ូតូកង់បី។
លោក វន់ ពៅ និយាយថា៖ «វាជាការព្រួយបារម្ភមួយដែរចំពោះការបាត់មុខរបរពីអ្នករត់រ៉ឺម៉ក អ្នករត់កង់បី អ្នករត់តាក់ស៊ី។ គាត់អាចនឹងវិលត្រឡប់ទៅភូមិកំណើត បង្កបង្កើនផល ធ្វើស្រែ ធ្វើចំការវិញ អាហ្នឹងវាអាចជាផលមួយដែរ ប្រសិនបើកូវីដ១៩នៅតែអូសបន្លាយយូរទៅៗនៅប្រទេសកម្ពុជា ជាពិសេសគាត់នឹងអាចលក់រ៉ឺម៉ក់ លក់អី ដើម្បីសងធនាគារ តែការលក់ទៀតសោតហ្នឹង បញ្ហាលក់គឺលក់មិនបានថ្លៃ ស្ថានភាពបែបហ្នឹងគឺគ្មានអ្នកណាទិញនោះទេ»។
ដូចជាអ្វីដែលលោក វន់ ពៅ លើកឡើង លោក រី ស៊ីឡាយ អ្នកទិញ និងលក់កង់បីមួយរូបនៅម្ដុំស្ទឹងមានជ័យ តាមបណ្ដោយផ្លូវសឡា ឱ្យដឹងថា នៅកន្លែងផ្សេងគឺឈប់ទទួលទិញម៉ូតូកង់បីអស់ហើយ តែសម្រាប់លោក គឺនៅទទួលទិញក្នុងតម្លៃថោកជាងមុនពេលផ្ទុះជំងឺកូរ៉ូណានេះ ពី ២០០ ទៅ៣០០ដុល្លារ ហើយទិញក្នុងលក្ខខណ្ឌដែលម៉ូតូកង់បីនោះនៅស្អាត ព្រមទាំងលក់ក្នុងតម្លៃធូរថ្លៃទៀតផង។ លោកបន្តថា ពីមុនគឺលោកបានទិញចូល និងលក់ចេញជារៀងរាល់ថ្ងៃ ប៉ុន្តែ រយៈពេល ២ខែកន្លងមកនេះ គឺមិនបានទទួលទិញនោះទេ។
លោក រី ស៊ីឡាយ ប្រាប់ថា៖ «ភាគរយទិញ និងភាគរយលក់ គឺខុសគ្នាឆ្ងាយ អ្នកលក់ [អ្នករត់រ៉ឺម៉កកង់បី ដែលលក់ម៉ូតូកង់បីវិញ] មួយថ្ងៃ ៥ ទៅ៦ ទៅ៧នាក់ តែអ្នកទិញទៅវិញគឺមួយថ្ងៃសឹងតែអត់មានមួយ ឬក៏មានម្នាក់ពីរនាក់មកសួរអ៊ីចឹង ហើយយើងលក់អត់បានទេ»។
ប្រធានអគ្គនាយកហត្ថាកសិករ (HKL) លោក ហួត អៀងតុង បានប្រាប់ថា គ្រឹះស្ថានរបស់លោកនឹងជួយសម្របសម្រួលទៅដល់ក្រុមប្រជាពលរដ្ឋមានមុខរបរជាអ្នករត់ម៉ូតូកង់បី ដោយលោកថា ពលរដ្ឋក្រុមនេះស្ថិតក្នុងចំណោមពលរដ្ឋ ៣ក្រុមផ្សេងទៀត ដែលធនាគារជាតិកម្ពុជា បានណែនាំឱ្យផ្ដល់ការអនុគ្រោះអំឡុងពេលវិបត្តិសុខភាពសកលនេះ។
លោក ហួង អៀងតុង ប្រាប់ថា៖ «បើសិនពួកគេជាអ្នករត់ម៉ូតូតុកតុកហ្នឹង គឺគាត់ត្រូវទៅជួបជាមួយស្ថាប័នដែលគាត់ខ្ចីប្រាក់ពីគេ ហើយពន្យល់ប្រាប់មូលហេតុគេទៅ ហើយដាក់ពាក្យសុំពន្យារពេលក្នុងការបង់។ យើងជឿថា ស្ថាប័ននីមួយៗប្រាកដជាធ្វើទៅតាមការណែនាំរបស់ធនាគារជាតិហើយ ហើយបើគាត់មិនធ្វើតាម គាត់ប្រាកដជាខុសឆ្គង»។
«គិតរកសំណង់ធ្វើល្អជាង»
សារព័ត៌មាន Business Insider បានចុះផ្សាយកាលពីដើមខែមេសានេះថា ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន ៦៤ នៅទូទាំងពិភពលោក បានសម្រេចផ្អាកដំណើរការជើងហោះហើររបស់ពួកគេទាំងស្រុង ចាប់តាំងពីការផ្ទុះឡើង និងការរីករាលដាលនៃវីរុសកូរ៉ូណាកាលពីដើមឆ្នាំ២០២០នេះ។
កម្ពុជាក៏ដូចបណ្ដាប្រទេសដទៃទៀតនៅលើពិភពលោកផងដែរ បានរងផលប៉ះពាល់បណ្ដាលមកពីវិបត្តិសុខភាពពិភពលោកមួយនេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីដើមខែមីនាកន្លងមកថា ទេសចរណ៍ គឺជាវិស័យដំបូងគេបង្អស់ដែលរងផលប៉ះពាល់។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បង្ហាញថា ភ្ញៀវទេសចរបរទេសចូលមកកម្ពុជា បានធ្លាក់ចុះដល់ទៅ ២៥.១ភាគរយ ចន្លោះពីខែមករា ដល់ខែកុម្ភៈ ឬធ្លាក់ចុះពីចំនួនជាង ១លាន ៨៧ម៉ឺននាក់ កាលពីខែមករា ដល់ខែកុម្ភៈឆ្នាំមុន មកនៅត្រឹមចំនួនជាង ៩៣ម៉ឺននាក់ ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២០នេះ។
ជើងហោះហើរអន្តរជាតិជាច្រើនដែលហោះហើរចូលមកប្រទេស និងជើងហោះហើរក្នុងស្រុកជាច្រើន ត្រូវបានលុបចោល និងផ្អាកជាបន្តបន្ទាប់ចាប់តាំងពីក្រោយការផ្ទុះឡើង និងការឆ្លងរីករាលដាលខ្លាំងនៃវីរុសកូរ៉ូណានេះនៅឯទីក្រុងអ៊ូហាន ក្នុងប្រទេសចិន កាលពីខែមករាដើមឆ្នាំនេះ។ សេចក្ដីជូនព័ត៌មានអំពីជើងហោះហើរដែលត្រូវបានផ្សព្វផ្សាយលើគេហទំព័ររបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បង្ហាញថា ជើងហោះហើរអន្តរជាតិចំនួនត្រឹមតែ ៩ប៉ុណ្ណោះ គ្រោងចុះចតនៅក្នុងកម្ពុជា ក្នុងចំណោមជើងហោះហើរសរុប ១២។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៦ ខែមេសា អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវត្ថា បានថ្លែងថា ភ្ញៀវអន្តរជាតិដែលធ្វើដំណើរតាមជើងហោះហើរចូលមកកម្ពុជា បានធ្លាក់ចុះជាង ២០ភាគរយនៅក្នុងខែមករា មុននឹងវាបន្តធ្លាក់ចុះដល់ទៅជាង ៥០ភាគរយនៅខែកុម្ភៈ។ លោកបន្ថែមថា ស្ថានភាពនេះ បានបន្តធ្លាក់ចុះដល់ទៅជាង ៧០ភាគរយនៅខែមីនា និងធ្លាក់ចុះដល់ទៅជាង ៩០ភាគរយនៅដើមខែមេសានេះ។
លោក ស៊ីន ចាន់សិរីវត្ថា ថ្លែងថា៖ «សួរថា រដ្ឋមានវិធានការអីទេ? រដ្ឋមានវិធានការ ដោយសារការប៉ះពាល់នេះ មិនមែនប៉ះពាល់តែវិស័យទេសចរណ៍ និងដឹកជញ្ជូនទេបាទ! គឺប៉ះពាល់គ្រប់វិស័យទាំងអស់»។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ជា អូន បានប្រាប់ថា ជើងហោះហើរនៅតាមអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា បានធ្លាក់ចុះមកនៅសេសសល់ត្រឹម ២៤ជើងប៉ុណ្ណោះនៅក្នុងថ្ងៃទី២២ ខែមេសា ហើយលោកថា ភាគច្រើននៃជើងហោះហើរទាំងនោះ គឺជាការហោះហើរដឹកជញ្ជូនទំនិញមកពីប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។
លោក ជា អូន មានប្រសាសន៍ថា៖ «អ៊ីចឹង វាធ្លាក់សឹងថា ៩២ ឬ ៩៣ភាគរយ។ សឹងតែថានៅសល់ពីរបីភាគរយអីប៉ុណ្ណឹងទេ ភាគច្រើនតែជា Cargo [ការដឹកជញ្ជូនទំនិញ]»។
បើតាមអ្នកនាំពាក្យរូបនេះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងអន្តរជាតិ សរុប ៤៧ បានបើកដំណើរការជើងហោះហើររបស់ពួកគេភ្ជាប់ជាមួយអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់ប្រទេសកម្ពុជា នៅមុនមានការផ្ទុះឡើង និងការរីករាលដាលនៃវីរុសកូរ៉ូណា។
ការបាត់បង់ភ្ញៀវទេសចរអន្តរជាតិដោយសារវិបត្តិសុខភាពពិភពលោកនេះ បានបង្ខំឱ្យសណ្ឋាគាររាប់សិបកន្លែងនៅខេត្តសៀមរាបដែលជាទីតាំងទាក់ទាញភ្ញៀវទេសចរធំបំផុតរបស់កម្ពុជា បិទទ្វារផ្អាកអាជីវកម្មរបស់ពួកគេ ហើយមនុស្សរាប់ពាន់នាក់ដែលពាក់ព័ន្ធនឹងវិស័យមួយនេះ បាត់បង់ការងារ និងប្រភពចំណូលរបស់ពួកគេ។
អ្នករត់ម៉ូតូកង់បីដែលចូលរួមផ្ដល់សេវាកម្មដឹកជញ្ជូនមួយផ្នែកក្នុងវិស័យផងដែរនោះ ក៏ជួបប្រទះផលលំបាកក្នុងការរកចំណូលផងដែរ អំឡុងពេលដែលពិភពលោកជួបវិបត្តិសុខភាពមួយនេះ។
លោក ម៉ៅ យន អាយុជាង ៤០ឆ្នាំ គឺជាអ្នកបើកបរម៉ូតូកង់បីបំពាក់កម្មវិធីទូរសព្ទសម្រាប់កក់សំបុត្រធ្វើដំណើរ ហើយលោកតែងរង់ចាំទទួល និងផ្ដល់សេវាដឹកជញ្ជូនអ្នកដំណើរនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
នៅមុនឆ្នាំ២០២០នេះ លោក ម៉ៅ យន អាចរកចំណូលបានប្រហែល ១០ម៉ឺនរៀលក្នុងមួយថ្ងៃពីមុខរបរដឹកជញ្ជូនភ្ញៀវ ឬអ្នកដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជួយឱ្យលោកមានលទ្ធភាពបង់ប្រាក់ជាង ៣០០ដុល្លារក្នុងមួយខែ សងត្រឡប់ទៅកម្ចីចំនួន ៥ពាន់ដុល្លារដែលលោកបានខ្ចីពីធនាគារប្រៃសណីយ៍។
លោក ម៉ៅ យន កត់សម្គាល់ឃើញថា ក្រោយវីរុសកូរ៉ូណានេះត្រូវបានរកឃើញកាន់តែច្រើននៅកម្ពុជា ជើងហោះហើរក៏មានតិច ហើយអ្នកដំណើរមករកសេវាដឹកជញ្ជូនរបស់លោកក៏កាន់តែខ្សត់ថែមទៀត។ លោកបន្ថែមថា ប្រសិនស្ថានភាពបែបនេះអូសបន្លាយយូរ លោកនឹងដូរមុខរបរហើយ។
លោក ម៉ៅ យន ប្រាប់ថា៖ «មួយថ្ងៃនេះ តាំងពីព្រឹក មិនទាន់បានអីមួយជើងផង ប្រហែលជាស្អែកមិនដឹងមករត់ ឬក៏មិនមកទេ បើវាអត់ដដែល ធ្វើយ៉ាងម៉េច គិតរកសំណង់ធ្វើវិញល្អជាងបើនៅតែអញ្ចឹង»។
ខណៈដែលឧស្សាហកម្មទេសចរណ៍ និងកម្មករបុគ្គលិកក្នុងវិស័យនេះទទួលបានការគាំពារ និងគាំទ្រខ្លះៗពីរដ្ឋាភិបាលនោះ ក្រុមអ្នករត់ម៉ូតូកង់បីដែលស្ថិតក្នុងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនទទួលបានការគាំពារដូចក្រុមកម្មករស្ថិតក្នុងផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធនោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី៧ ខែមេសាថា រដ្ឋាភិបាលពុំមានលទ្ធភាពជួយដល់ប្រជាពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះឡើយ ហើយលោកបានជំរុញទៅប្រជាពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ លក់យានយន្តរបស់ពួកគេដើម្បីដោះស្រាយបញ្ហាជីវភាព។
លោក ហ៊ុន សែន ថ្លែងថា៖ «រដ្ឋាភិបាលទៅមិនរួចទេ និយាយដោយត្រង់។ គ្រាន់តែអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធនេះ រដ្ឋាភិបាលស្ទើរតែរកលុយមិនបានទៅហើយ។ បន្ថែមទាំងអ្នករត់ម៉ូតូឌុប អ្នករត់ឡានឈ្នួលអីទៀត ងាប់រដ្ឋាភិបាលហើយ!»។
មុខរបរផ្ដល់សេវាដឹកជញ្ជូនដោយបុគ្គលតាមម៉ូតូកង់បីនេះ បានស្រូបទាញកម្លាំងពលកម្មមួយផ្នែកធំនៅក្នុងផ្នែកការងារក្រៅប្រព័ន្ធ ដែលគ្របដណ្ដប់លើកម្លាំងពលកម្មនៅកម្ពុជាដល់ទៅជាង ៩០ភាគរយ នេះបើយោងតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ។ សារព័ត៌មានថ្មីៗដែលបានស្រង់តួលេខរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្សាយថា ម៉ូតូកង់បី ឬត្រីចក្រយានយន្តដល់ទៅ ៣៥,២១៨គ្រឿង នៅទូទាំងប្រទេស ត្រូវបានចុះបញ្ជីមាននៅក្រសួងក្នុងឆ្នាំ២០១៩កន្លងមកនេះ។
ត្រីចក្រយានយន្ត ត្រូវបានបែងចែកជាពីរប្រភេទ មានម៉ូតូកង់បីនាំចូលពីបរទេស និងបំពាក់ដោយកម្មវិធីដែលផ្ដល់ភាពងាយស្រួលដល់អ្នកដំណើរក្នុងការហៅម៉ូតូកង់បីជិះ និងម៉ូតូកង់បីដែលត្រូវបានផលិតឡើងនៅក្នុងស្រុក។
ប្រធានសមាគម IDEA លោក វន់ ពៅ ឱ្យដឹងថា ផ្អែកតាមការស្រាវជ្រាវរបស់សមាគមលោក ម៉ូតូកង់បីខ្មែរ មានចំនួនប្រហែល ១ម៉ឺនគ្រឿង ខណៈម៉ូតូកង់បីបំពាក់ដោយកម្មវិធីកក់សំបុត្រនោះ បានកើនឡើងដល់ចំនួន ៥ម៉ឺនគ្រឿង។
បន្ទាប់ពីម៉ូតូកង់បីដែលភាគច្រើននាំចូលពីប្រទេសឥណ្ឌា បានចូលមកបម្រើផ្នែកដឹកជញ្ជូនយ៉ាងសកម្មក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនដែលបង្កើតកម្មវិធីរកអតិថិជនដែលចង់ធ្វើដំណើរតាមរថឈ្នួល បានបង្កើតឡើងជាច្រើន ដើម្បីធ្វើជាដៃគូជាមួយអ្នករត់រថឈ្នួល ជាពិសេសគឺម៉ូតូកង់បី។
លោក លុយ ឡាវី ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន PassApp Technologies ក៏ទទួលស្គាល់ថា ដៃគូរបស់ក្រុមហ៊ុនកំពុងតែជួបនឹងផលវិបាកដោយសារតែមេរោគកូរ៉ូណានេះផងដែរ។ លោកឱ្យដឹងថា ក្រៅពីដាស់តឿនឱ្យដៃគូរបស់ខ្លួនដែលជាអ្នករត់រថឈ្នួលឱ្យចេះការពារខ្លួនហើយនោះ ថ្នាក់ដឹកនាំក្រុមហ៊ុនក៏កំពុងពិភាក្សាដើម្បីរកវិធីជួយដល់ដៃគូ ដើម្បីសម្រួលការលំបាករបស់ពួកគាត់ផងដែរ។
លោក លុយ ឡាវី ប្រាប់ថា៖ «តាមពិតនៅក្នុង Top management [ថ្នាក់គ្រប់គ្រងជាន់ខ្ពស់] នៅក្នុងក្រុមហ៊ុនតែម្តង គឺយើងកំពុងតែសិក្សាទៅលើការងារហ្នឹង។ យើងដឹងថា ដោយសារមានករណីកូវីដកើតឡើងមក ធ្វើឱ្យចំនួននៃការជិះធ្លាក់ចុះ ភ្ញៀវគឺអត់សូវមាន Booking [កក់]។ អ៊ីចឹង យើងក៏បាន Raise [លើកយក] ការងារហ្នឹងទៅ Top management ហើយយើងក៏បានប្រជុំមួយចំនួនដែរ ហើយព័ត៌មាននៃការកាត់បន្ថយ ឬគួរជួយគាត់តាមរបៀបណា យើងនឹងផ្ដល់ព័ត៌មាននៅពេលឆាប់ៗនេះ»៕
ចំណាំ៖ «ការស្រាវជ្រាវនេះ ផលិតឡើងដោយមានការគាំទ្រពីមូលនិធិ Rosa Luxemburg ក្រោមជំនួយហិរញ្ញវត្ថុរបស់ក្រសួងសហព័ន្ធនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ»។
គាំទ្រដោយ៖