ក្រសួង​ថា រយៈ​ពេល​​បី​​ថ្ងៃ​នេះ​មិន​​មាន​​អ្នក​​ឆ្លង និង​​មិន​​មាន​​អ្នក​ជា​​សះ​ស្បើយ​​ពី​​ជំងឺ​​កូ​វីដ​១៩​​

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល ប្រកាស​ថា រយៈពេល​បី​ថ្ងៃនេះ មិន​មាន​អ្នក​ឆ្លង និង​មិន​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ១៩នោះ​ទេ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង និង​អ្នកជា​សះស្បើយ​នៅ​ថេរ​ដដែល។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល​ចុះ​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី២០ ដល់​ថ្ងៃ២៣ ខែមេសា កន្លងមក​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ នៅ​ត្រឹមតែ ១២២នាក់​ដដែល ដោយ​មិន​មាន​អ្នក​ឆ្លង​ថ្មី​នោះ​ទេ។ ដោយឡែក ​អ្នកជា​សះស្បើយ​វិញ ក្រសួង​ថា នៅ​ត្រឹមតែ ១១០នាក់​ដដែល។

ក្រសួងសុខាភិបាល អះអាង​ថា គិត​មកដល់​ថ្ងៃនេះ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប ១២២នាក់។ ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ទាំង ១២២នាក់ គឺ​ព្យាបាល​ជាសះស្បើយ​បាន​ចំនួន ១១០នាក់ ហើយ​នៅសល់ ១២នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ និង​ខេត្ត។ 

បើ​ទោះបីជា​កម្ពុជា​រក​មិនឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី ហើយ​អ្នកជា​សះស្បើយ​ជិត​អស់​ក្តី ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន អះអាង​កាលពី​ថ្ងៃទី២០ ខែមេសា កន្លងមក​ថា កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ចំណុច​ផុយ​ស្រួយ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩ ពិសេស​គឺ​ការ​ឆ្លង​ទៅ​ក្នុង​សហគមន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ