លោក សុខ ទូច តម្រូវ​​ឱ្យ​​អ្នក​​កាប់​ព្រៃ​​ក្នុង​​តំបន់​​ឧទ្យាន​​តេជោ​​សែន​​ឫស្សី​​ត្រឹប ​ដាំ​​ដើម​ឈើ​​ឡើង​វិញ​​

ប្រធាន​រាជបណ្ឌិត​្យសភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច ចុះត្រួតពិនិត្យ​ស្ថានភាពដី​ព្រៃ​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប កាលពីដើមខែមេសា ឆ្នាំ២០២០។ (សុខ ទូច)

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច បាន​លើកឡើង​ថា ខាង​លោក​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ​ខេត្ត​ ដោយ​តម្រូវ​ឱ្យ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ ៤គ្រួសារ ​ក្នុង​ខេត្តព្រះវិហារ ដែល​បាន​កាប់​រាន​ទន្រ្ទាន​ដី​ព្រៃ​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប ដាំ​ដើមឈើ​ឡើងវិញ បើ​មិន​ដូច្នេះ​ ខាង​លោក​នឹង​ប្តឹង​ពួក​គេ​ទៅ​តុលាការ​តែម្តង។ 

ការ​លើកឡើង​នេះ ក្រោយពេល​ខាង​លោក​បាន​ចុះ​ល្បាត​ព្រៃ​តំបន់​អភិរក្ស​មួយ​នេះ​កាលពី​ថ្ងៃទី១៩ ខែមេសា ដោយ​ប្រទះឃើញ​ស្នាម​កាប់ និង​ដុត​រាន​ព្រៃ​ថ្មី​ៗ អស់​ជាង ៣ហិ​កតា ហើយ​អ្នក​ប្រព្រឹត្តគឺ​ពលរដ្ឋ​ជនជាតិភាគតិច​កួយ ៤គ្រួសារ​ ក្នុង​ឃុំ​ឆែប១ ស្រុក​ឆែប។ ក្រៅពី​នេះ លោក​ថា​ ក៏​មាន​កន្លែង​ផ្សេងទៀត​ក្នុង​តំបន់​ឧទ្យា​ជាតិនេះ​រង​ការ​កាប់​ទន្ទ្រាន​ដែរ ប៉ុន្តែ​ រកមុខ​អ្នក​ប្រព្រឹត្តមិនទាន់​ឃើញ។ 

យ៉ាងនេះ​ក្តី លោក​ថា​ ចំពោះ​ពលរដ្ឋ ៤គ្រួសារ​នោះ លោក​តម្រូវ​ឱ្យ​ពួក​គេ​ដាំ​ដើមឈើ ដែល​ខាង​លោក​ក៏បាន​ផ្តល់​កូនឈើ​ឱ្យ​ពួក​គេ​ដាំ​នៅតំបន់​ដុត​រាន​នោះ​ផង​ដែរ បើ​មិន​ដូច្នេះ​ លោក​នឹង​ប្ដឹងទៅតុលាការ​តែម្តង។ 

លោក​មានប្រសាសន៍​ថា៖ «យើង​រក​ឃើញ​ហើយ​ [ជនល្មើស​] ហើយ​យើង​បាន​ដាក់ពាក្យ​ប្តឹង​ទៅ​ឃុំ ទៅ​ស្រុក ទៅ​ខេត្ត ហើយ​យើង​ឱ្យ​កូនឈើ​ទៀត​ ដាំ​ឡើងវិញ ហើយ​បើ​អត់​ដាំ​ យើង​ប្តឹង​ទៅ​តុលាការ។ កាលណា​យើង​ចាប់​ប៉ះ​ដៃ​យកដៃ ប៉ះ​ជើង​យកជើង វា​ចេះតែ​ធ្វើ​បាន​ហើយ ប៉ុន្តែ​ បើ​យើង​យក​មនុស្សម្នាក់​ទៅ​ដាក់គុក យើង​ឃើញថា ​គ្រួសារ​ជនជាតិ​ហ្នឹង​មានកូន​ច្រើន។ មួយ​គ្រួសារ​បី​បួន អីចឹង ដាក់គុក​ទៅ​បាន​នរណា​ចិញ្ចឹម​នរណា​អី»។ 

លោក​បន្ថែម​ថា សម្រាប់​អ្នក​ចូល​កាប់​ឈើ​លក់​ឱ្យ​ឈ្មួញ​ក៏មានដែរ ប៉ុន្តែ​ ជា​ពលរដ្ឋ​មក​ពី​តំបន់​ឆ្ងាយ ​ឬខេត្ត​ផ្សេង ដោយ​ខាង​លោក​បាន​ចាត់វិធានការ​ជា​ជំ​ហាន​ៗ ទាំង​វិធានការ​អប់រំ​ណែនាំ វិធានការ​ចាប់​យក​សម្ភារ​ និង​បំផ្លាញ​សម្ភារ ព្រមទាំង​វិធានការ​ចាប់ខ្លួន​មនុស្ស ជា​ដើម។ 

លោក សុខ ទូច មានប្រសាសន៍​ទៀត​ថា ព្រៃ​អភិរក្ស​តេជោ​សែន​ឫស្សី​ត្រឹប​នេះ ពលរដ្ឋ​ក៏អាច​រក​ផល​អនុផល​ព្រៃឈើ ដូចជា ​បោច​វល្លិ៍ ដង​ជ័រទឹក យក​ទឹកឃ្មុំ រក​ឫស្ស៊ី ឬទំពាំង ហើយ​ខាង​លោក​ក៏បាន​បង្កើត​មុខរបរ​ដើម្បី​ឱ្យ​ពលរដ្ឋ​ក្បែរ​នោះ​មាន​ប្រាក់ចំណូល​ចិញ្ចឹមជីវិត ជំនួស​ឱ្យ​របរ​ស៊ីឈ្នួល​កាប់​ឈើ ឬរាន​ព្រៃ​ថែមទៀត​ផង។ 

លោក​មានប្រសាសន៍​ពី​ផែនការ​ទៅមុខ​យ៉ាង​ដូច្នេះ​ថា៖ «ដល់​ឥលូ​វហ្នឹង ​ត្រូវ​ធ្វើ​គម្រោង​មួយ​ដើម្បី​ជ្រើសរើសមន្ត្រី​ឧទ្យាន​ដើម្បី​ល្បាត​ យើង​ផ្តល់​ជា​ប្រាក់ខែ​ប្រាក់​អី​ហ្មង​ ដើម្បី​ល្បាត។ ទីពីរ​យើង​ត្រូវ​ចុះឈ្មោះ​បញ្ជី​ព្រៃឈើ​ហ្នឹង កាលណា​ចុះបញ្ជី​ហើយ ​បាត់​ព្រៃឈើ​កន្លែងណា អ្នកល្បាត​ហ្នឹង​ទទួលខុសត្រូវ បើ​អ្នក​កាប់​ យើង​ត្រូវ​ឱ្យ​ដឹង។ ទី៣ យើង​ចាប់ផ្តើមធ្វើ​ផ្លូវ​ព័ទ្ធ ហើយ​រាជរដ្ឋាភិបាល​ក៏​ឯកភាព​ឱ្យ​យើង​ធ្វើ​ផ្លូវ​ព័ទ្ធ​ហើយ»។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ធ្លាប់​លើកឡើង​ប្រាប់​វី.អូ.ឌីថា ​ក្រសួង​នៅតែ​បន្ត​ការពារ​ និង​អភិរក្ស​ធនធាន​ធម្ម​ជាតិ​ដែល​ស្ថិត​ក្រោម​យុត្តាធិការ​របស់​ខ្លួន​ ដែល​មាន​ទំហំ​ជាង ៧លាន​ហិ​កតា។ 

លោក​ថា មន្ត្រី​ឧទ្យានុ​រក្ស​ដែល​បាន​ឈរជើង​នៅ​តាម​តំបន់ការពារធម្មជាតិ​នានា បន្ត​អនុវត្ត​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ សហការ​ជាមួយ​សមាជិក​នៃ​សហគមន៍​ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ការ​លួច​កាប់​ឈើ​ខុសច្បាប់ ក៏ដូចជា​សកម្មភាព​នៃ​ការ​បរបាញ់ និង​ដាក់​អន្ទាក់​ចាប់​សត្វ​ខុសច្បាប់។ ប៉ុន្តែ​ លោក​ទទួលស្គាល់​ថា ​បទល្មើស​តូចតាច​ខ្លះ​នៅតែ​កើតមាន ដែល​ភាគច្រើន​បង្កឡើង​ដោយ​ពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ​ទាំងនោះ។ 

ជាមួយគ្នា​នេះ​ លោក​ថា ក្រសួង​បិ​ស្ថាន​បាន​ និង​កំពុង​អនុវត្ត​ផែនការ​កាត់​ផ្តាច់​មុខរបរ​ពួក​គាត់​ពី​ការ​ពឹង​លើ​ធនធាន​ធម្មជាតិ​ ដោយ​បង្កើត​មុខរបរ​ថ្មី បង្កើន​ចំណូល​ជូន​ពលរដ្ឋ​តាមរយៈ​លើកកម្ពស់​ទេសចរណ៍​ធម្មជាតិ។ 

សកម្មជន​ស្រលាញ់​បរិស្ថាន លោក ម៉ា ចិ​ត្រា លើកឡើង​ថា ការបង្កើត​ជាមុ​ខរ​បរ​ផ្តល់​ប្រាក់ចំណូល​ជូន​ពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​ព្រៃឈើ ជាផ្នែក​មួយដែល​អាច​កាត់បន្ថយ​បទល្មើស​កាប់​ឈើ​ឱ្យ​ឈ្មួញ​ ឬចូល​ទៅ​ទន្ទ្រាន​ដី​ព្រៃ​បាន​ខ្លះ​ដែរ ប៉ុន្តែ​ លោក​ថា​ ការ​ដោះស្រាយ​បញ្ហា​ជីវភាព​ពលរដ្ឋ​នេះ គឺ​ត្រូវ​ធ្វើជា​អន្តរក្រសួង​រដ្ឋាភិបាល។

លោក​មានប្រសាសន៍​បន្ត​ថា៖ «ជា​ទស្សនៈ​របស់ខ្ញុំ ពាក់ព័ន្ធ​ជីវភាព​របស់​ប្រជាពលរដ្ឋ អាហ្នឹង​គឺ​ត្រូវ​ក្រសួង​ច្រើនណាស់​ដែល​ត្រូវ​ធ្វើការ​ពាក់ព័ន្ធ វា​មិនមែន​ជា​រឿង​របស់​តែ​ក្រសួងបរិស្ថាន​មួយ វា​មិនមែន​តែ​រឿង​របស់ក្រ​សួង​កសិកម្ម ឬក្រសួងបរិស្ថាន​ទេ។ សូម្បី​ក្រសួងសេដ្ឋកិច្ច ឬក្រសួង​ពាណិជ្ជកម្មអីហ្នឹង ​ក៏​ខ្ញុំ​គិតថា ​ត្រូវ​ចូលរួម​ដោះស្រាយ​ជីវភាព​ពួក​គាត់​នៅ​មូលដ្ឋាន ដើម្បី​កុំឱ្យ​ពួក​គាត់​យកលេស​ភាព​ក្រីក្រ​ហ្នឹង​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ទៅ​ស៊ីឈ្នួល​កាប់​ឈើ​គេ ឬក៏​ទៅ​ធ្វើការ​ទន្ទ្រាន​ដី​ព្រៃ​ដើម្បី​ដាំដុះ សម្រាប់​ចិញ្ចឹម​គ្រួសារ​អី​ជាដើម»។ 

ព្រៃ​អភិរក្ស ឧទ្យាន​រាជបណ្ឌិត​្យសភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប មានផ្ទៃ​ដី​សរុប​ជាង ១ម៉ឺន​ហិកតា ​(១៤៣៣៤​) ស្ថិតនៅ​ស្រុក​ឆែប ខេត្តព្រះវិហារ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខែមេសា ឆ្នាំ២០១៤​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ