អ្នកឃ្លាំមើល៖ ថៃ​​ដាក់​​កម្ពុជា​​មាន​​ហានិភ័យ​​ឆ្លង​​កូ​វីដ​១៩ ប៉ះ​ពាល់​​ខ្លាំង​​ដល់​​ពល​រដ្ឋ​​ឆ្លង​ដែន​​រក​​ការ​ងារ​​

បញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលបងប្អូនពលករខ្មែរមកពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ)

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ និងការអភិវឌ្ឍសង្គម​ បង្ហាញ​ការ​ព្រួយបារម្ភ​ថា ករណី​ថៃ​កំណត់​ថា​កម្ពុជា​ជា​ប្រទេស​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​មេរោគ​កូ​វីដ១៩នោះ នឹង​ធ្វើ​ឱ្យ​ការ​បិទ​ព្រំដែន​អូស​បន្លាយ​យូរ​ បង្ក​ការ​លំបាក​ដល់​ពលរដ្ឋខ្មែរ​ក្រីក្រ​ដែល​ត្រូវ​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ។

តាម​សេចក្តី​ប្រកាស ចុះ​ថ្ងៃទី២២ ខែមេសា ប្រទេស ៤ទៀតដែល​ថៃ​ដាក់​ក្នុង​បញ្ជី​ហានិភ័យ​ដែរ​នោះមាន ​ម៉ាឡេស៊ី ឡាវ ឥណ្ឌូ​នេ​ស៊ី និង​មីយ៉ាន់ម៉ា។

ក្រសួងសុខាភិបាល​ថៃ បាន​សំអាង​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា ការសម្រេច​នេះ​ដើម្បី​ការពារ​ការ​ឆ្លង​រាលដាល និង​គ្រប់គ្រង​ជំងឺ​កូ​វីដ១៩នេះ​ក្នុង​ប្រទេស​ខ្លួន​ឱ្យមានប្រសិទ្ធភាព។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ លោក កុយ គួង ហៅ​ការសម្រេច​របស់​ថៃ​នេះ ជា​វិធាន​ផ្ទៃក្នុង​នៃ​ប្រទេស​នី​មួយ​ៗ មិន​ប៉ះពាល់​ទំនាក់ទំនង​ការទូត​ទេ។

លោក​ថា៖ «គេដាក់​ គ្រាន់តែ​ឱ្យអាជ្ញាធរ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ ​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​តែ​ប៉ុណ្ណឹង។ អាហ្នឹង​តាម​ការ​បកស្រាយ​របស់​គេ។ យើង​មិន​មានអី​ភ្ញាក់​ផ្អើល​ទេ»។

អ្នកស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោកបណ្ឌិត មាស នី មានប្រសាសន៍​ថា ការដែល​ថៃ​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩នេះ អាច​ជា​វិធាន​ទប់ស្កាត់​លំហូរ​ចំណាកស្រុក​ចូល​ប្រទេស​ខ្លួន​វិញ​ផង និង​មិន​ជឿ​លើ​វិស័យ​សុខាភិបាល​របស់​ប្រទេសជិតខាង​ខ្លួន​ផង។

លោក​ថា៖ «កត្តា​ធំ​ហ្នឹង​ អាច​គេ​មើលឃើញ​ថា ​ការ​ចន្លោះប្រហោង​នៃ​ការ​ទប់ទល់​ជំងឺ​ហ្នឹង […] ទោះបី​យើង​រក​មិនទាន់​ឃើញ​ករណី​ច្រើន​ក៏ដោយ។ ពិសេស​ទៅទៀត ​សូម្បីតែ​ក្រសួង​របស់​យើង​ក៏​នៅ​តែ​ទទួល​ស្គាល់​ថា ​ការ​ឆ្លង​នៃ​ពួក​កូ​វីដ១៩នេះ ​វា​នៅតែ​មាន​ភាព​ផុយ​ស្រួយ​នៅឡើយ បើ​យើង​ខ្វះ​ការ​ប្រុងប្រយ័ត្ន​នោះ»។

ប៉ុន្តែ ​អ្នកឃ្លាំមើល​រូប​នេះ ផ្តល់​ជា​យោបល់​ថា ដើម្បី​បញ្ចៀស​កម្ពុជា​ពី​ហានិភ័យ​ពី​ការ​គំរាមកំហែង​កូ​វីដ១៩ រដ្ឋាភិបាល​គួរ​ពង្រឹង​ប្រសិទ្ធភាព​ទប់ស្កាត់​ការ​ឆ្លង និង​ដោះស្រាយ​បញ្ហា​ស្បៀង​របស់​ពលរដ្ឋ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ លោ​ក មឿន តុលា បង្ហាញ​ការ​ព្រួយបារម្ភ​ថា ពលរដ្ឋខ្មែរ​អាច​នឹង​ប្រថុយ​គ្រោះថ្នាក់​ចូល​ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ បើ​ការ​ជួយ​របស់​រដ្ឋាភិបាល​មិន​ឆ្លើយតបទៅនឹង​ទំហំ​នៃ​ផល​ប៉ះពាល់​របស់​ពួក​គេ។

លោក​ថា៖ «មនុស្ស​កាលណា​ធ្លាក់​ដល់​រឿង​ក្រពះ ប្រហែលជា​ទុក​រឿង​ក្រពះ​ជា​រឿង​ទី១ ហើយរឿង​សុវត្ថិភាព​សុខភាព​ជា​រឿង​ទី២ ឬទី៣។ ដូចនេះ ​មនុស្ស​អាច​ប្រថុយ​ចេញពីផ្ទះ​ ដើម្បី​ទៅ​រក​ការងារ ឬមុខរបរ​អី។ អ៊ីចឹង ​យើង​ឃើញថា [ពលករ​] អាច​ប្រថុយទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ​ហើយ»។

គិត​ត្រឹម​ថ្ងៃសុក្រ​នេះ កម្ពុជា-ថៃ មិនទាន់​ឯកភាព​គ្នា ដើម្បី​បើក​ច្រកព្រំដែន​ឱ្យដំណើរការ​ឡើងវិញ​នៅឡើយ​ទេ ក្រោយពី​ប្រកាស​បិទកាលពី​ជិត ១ខែមុន។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​លោក ម៉ម ប៊ុ​នហេង បាន​អះអាង​ក្នុង​សន្និ​សី​ទសារ​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា ពលករ​ខ្មែរ​ជិត ៩ម៉ឺន​នាក់ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​មក​ស្រុកកំណើតក្នុង​ពិធី​ចូលឆ្នាំ​ខ្មែរ។ ប៉ុន្តែ​ថា ពួក​គេ​ទាំងនោះ​គ្មាន​នរណា​ម្នាក់​រក​ឃើញ​ឆ្លង​កូ​វីដ១៩ទេ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក ស ខេង អះអាង​ក្នុង​ពិធី​មួយ​កាលពី​ថ្ងៃពុធ​ថា ពលករ​ខ្មែរ​ភាគច្រើន​មក​ពី​ប្រទេស​ថៃ មាន​គម្រោង​ត្រឡប់ទៅវិញ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​ពួក​គេ ខណៈ​កូ​វីដ១៩ នៅ​គំរាមកំហែង​នៅឡើយ។

សាស្ត្រា​ចារ្យ​ផ្នែកការ​ទូត និង​កិច្ចការ​ពិភពលោក​នៅ​សាកល​វិទ្យាល័យ Occidental College សហរដ្ឋអាមេរិក លោកបណ្ឌិត អៀ សុផល មានប្រសាសន៍​ថា នៅ​កម្ពុជា បាន​តេ​ស្ត​ត្រឹមតែ ៥៧៨៦វត្ថុ​សំណាក​ប៉ុណ្ណោះ បើ​ធៀប​ទីក្រុង Los Angeles កន្លែង​លោក​រស់នៅ គេ​ធ្វើតេស្ត​រក​មេរោគ​លើ​វត្ថុ​សំណាក​មនុស្ស ៥៥០០នាក់ក្នុង១ថ្ងៃ ។

លោក​បណ្ឌិត អៀ សុផល យល់ថា ការដែល​ថៃដាក់​កម្ពុជា​ក្នុង​បញ្ជី​ហានិភ័យ អាចម​កពី​ថៃ​មិន​ទុកចិត្ត​ពី​ចំណាត់ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ១៩នេះ។

លោក​ថា៖ «ប្រព័ន្ធ​គាំពារ​សុខភាព​របស់​កម្ពុជាខ្សោយ​ខ្លាំង​ណាស់ ​បើ​ធៀប​ជាមួយ​ប្រទេស​សិង្ហបុរី ហ្វីលីពីន និង​វៀតណាម ដែល​យើង​ដឹង​ថា កម្ពុជា​នឹង​មិន​រក​ឃើញ​នរណា​ម្នាក់​នោះ​ទេ»។ 

ប្រទេស​ថៃ កាលពីដើម​ខែមីនា បាន​ប្រកាស​ដាក់​ប្រទេស៤ ក្នុង​បញ្ជី​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ១៩ដែរ មាន ប្រទេស​ចិន (រួមបញ្ចូល​ហុងកុង និង​ម៉ាកាវ​ផង​ដែរ​) កូរ៉េ​ខាងត្បូង អ៊ីតាលី និង​អ៊ី​រ៉ាក់។

យ៉ាងនេះ​ក្តី គិត​ត្រឹម​ថៃ​សុក្រ​នេះ ប្រទេស​ថៃ​ត្រូវ​បាន​គេ​កត់ត្រា​ថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ខ្ពស់​លំដាប់​ទី៥ នៃ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង ១០ មានន័យថា ​ខ្ពស់​ជាង​កម្ពុជា។

បើ​តាម​កំនត់​ត្រា ថៃ​មាន​អ្នក​ឆ្លង ២៨២៦នាក់ ជាសះស្បើយ ២៣៥២នាក់ និង​អ្នក​ស្លាប់​ចំនួន ៥០នាក់ ខណៈ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ទី៨ មាន​អ្នក​ឆ្លង ១២២នាក់ ព្យាបាល​ជា ១១០នាក់ និង​គ្មាន​អ្នក​ស្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ