ក្រសួងបរិស្ថានព្រមានចាត់វិធានការតាមផ្លូវច្បាប់លើមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល និងសមាគមមួយចំនួន ដែលធ្វើសកម្មភាពចូលក្នុងតំបន់ការពារធម្មជាតិ ទាំងដែលមិនបានចុះបញ្ជី ឬកិច្ចព្រមព្រៀងត្រឹមត្រូវតាមច្បាប់។
ក្នុងសេចក្ដីថ្លៃងការណ៍របស់ក្រសួងបរិស្ថានចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ឱ្យដឹងថា អង្គការមិនមែនរដ្ឋាភិបាល និងសមាគមមួយចំនួន មិនបានចុះបញ្ជី ឬកិច្ចព្រមព្រៀងត្រឹមត្រូវតាមច្បាប់នោះទេ ប៉ុន្តែ បាននិងកំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យក្នុងតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
ក្រសួងបរិស្ថានអំពាវនាវទៅអង្គការមិនមែនរដ្ឋាភិបាល ឬសមាគម ដែលកំពុងធ្វើសកម្មភាពនៅតំបន់ការពារធម្មជាតិ ឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ ដើម្បីចៀសវាងការប្រឈមមុខដាក់គ្នាតាមផ្លូវច្បាប់។
សេចក្ដីថ្លៃងការណ៍ក្រសួងបរិស្ថានថា៖ «សកម្មភាពបំពានលើច្បាប់យ៉ាងគឃ្លើនបែបនេះ ដោយជ្រកក្រោមស្លាកជាអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ គឺជាចេតនាទុច្ចរិតក្នុងការធ្វើវិទ្ធង្សនាប្រឆាំងនឹងរាជរដ្ឋាភិបាល លើការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិតែប៉ុណ្ណោះ»។
សេចក្ដីថ្លៃងការណ៍ដដែលថា ប្រសិនបើអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមមិនបញ្ឈប់ទេ ក្រសួងនឹងស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយតាមដានពិនិត្យ និងចាត់វិធានការតាមច្បាប់ទៅលើអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមណាដែលធ្វើសកម្មភាពដោយមិនមានច្បាប់ត្រឹមត្រូវ។
វិធានការរបស់ក្រសួងបរិស្ថានលើអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមនេះ ធ្វើឡើងស្របពេលដែលសកម្មជនការពារបរិស្ថាន ព្រះសង្ឃ និស្សិត រួមទាំងប្រជាពលរដ្ឋ បាននាំគ្នាធ្វើយុទ្ធនាការមួយ ដើម្បីស្នើទៅរដ្ឋាភិបាលចេញវិធានការបិទរោងចក្រអារឈើនៅជុំវិញតំបន់ព្រៃឡង់ និងនៅទូទាំងប្រទេស។
ប្រធានគ្រប់គ្រងកម្មវិធីនៃបណ្ដាញយុវជនកម្ពុជា លោក ស ម៉ូរី ដែលបានយកសេចក្ដីថ្លៃងការណ៍របស់ក្រសួងបរិស្ថានទៅផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយបង្ហាញទស្សនៈថា សកម្មជនបរិស្ថាន ឬសហគមន៍ និងអង្គការ សមាគម មិនបានធ្វើសកម្មភាពបំពានលើច្បាប់នោះទេ ប៉ុន្តែ សកម្មភាពដែលពួកគាត់ធ្វើនោះ ដើម្បីជួយការពារព្រៃឈើដែលជាទ្រព្យសម្បត្តិសាធារណ:តែប៉ុណ្ណោះ។
លោកបន្តថា សកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនឈើកាត់ភូមិ និងកាត់មុខទីស្នាក់ការមន្ត្រីឧទ្យានុរក្ស បានកើតឡើងដោយមិនមានការទប់ស្កាត់ឡើយ។
ហ្វេសប៊ុកលោក ស ម៉ូរី៖ «ទស្សនៈខ្ញុំ មិនមានសកម្មជនបរិស្ថាន ឬសហគមន៍ និងអង្គការ សមាគម ធ្វើសកម្មភាពបំពានលើច្បាប់យ៉ាងគឃ្លើនទេ ព្រោះគាត់ជួយការពារព្រៃឈើដែលជាទ្រព្យសម្បត្តិសាធារណ:។ ផ្ទុយទៅវិញ គឺសម្បូរតែអ្នកកាប់ឈើក្នុងតំបន់ការពារ ដឹកឈើកាត់ភូមិ ព្រមទាំងកាត់មុខទីស្នាក់ការមន្ត្រីឧទ្យានុរក្សយ៉ាងគឃ្លើន យ៉ាងគឃ្លើន»។
បើតាមសេចក្ដីថ្លៃងការណ៍ឱ្យដឹងថា បច្ចុប្បន្ននេះ មានតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ សរុបចំនួន ៦០កន្លែង ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណជាង ៧,២លានហិកាតា ស្មើប្រមាណ ៤១% នៃផ្ទៃដីសរុបរបស់ព្រះរាជាណាចក្រកម្ពុជា។
ក្រសួងថា តំបន់ការពារធម្មជាតិ និងអភិរក្ស ៦០កន្លែងនោះ មានមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានចំនួន ១២៦០នាក់ ឈរជើងនៅតាមតំបន់ការពារធម្មជាតិនីមួយៗ បាននិងកំពុងធ្វើសកម្មភាពល្បាត ការពារ និងអភិរក្សធនធានធម្មជាតិ ដោយធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍នៅមូលដ្ឋាន។
របាយការណ៍ក្រសួងបរិស្ថានប្រចាំឆ្នាំ២០១៩ បង្ហាញថា កម្ពុជាមានព្រៃឈើ ៥០ភាគរយគ្របដណ្តប់ទូទាំងប្រទេស ដែលជាអត្រាមានព្រៃឈើខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។
ចំណែករបាយការណ៍អង្គការណាសា កាលពីឆ្នាំ២០១៧ បង្ហាញថា កម្ពុជាមានការកាប់បំផ្លាញព្រៃឈើកាន់តែខ្លាំង ចន្លោះឆ្នាំ២០០១ ដល់២០១៤។ របាយការណ៍បញ្ជាក់ថា ការកាប់បំផ្លាញព្រៃឈើធ្វើឡើងក្រោមរូបភាពផ្តល់ដីសម្បទានសេដ្ឋកិច្ច៕