កម្ពុជាប្រកាសថា មិនមានករណីថ្មីនៃការឆ្លងវីរុសកូរ៉ូណាត្រូវបានរកឃើញទៀតនោះឡើយ ហើយក៏មិនមានករណីជាសះស្បើយបន្ថែមទៀតទេ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ។
កម្ពុជាបានប្រកាសពីការរកមិនឃើញករណីឆ្លងវីរុសកូវីដ១៩ថ្មីអស់រយៈពេល ១៤ថ្ងៃមកហើយ បន្ទាប់ពីបានរកឃើញអ្នកឆ្លងវីរុសនេះចំនួន ១២២ករណីនៅទូទាំងប្រទេសរួចមក។
ករណីឆ្លងចុងក្រោយបំផុត ត្រូវបានប្រកាសកាលពីថ្ងៃទី១២ ខែមេសា ដោយបានរកឃើញលើបុរសសញ្ជាតិកាណាដាដើមកំណើតចិន អាយុ ៥០ឆ្នាំ និងនារីជនជាតិវៀតណាម អាយុ ២៤ឆ្នាំ នៅក្នុងសង្កាត់បឹងកេងកង រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាលអះអាងថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមេសានេះ អ្នកឆ្លងជំងឺកូវីដ១៩ សរុប ១២២នាក់។ ក្នុងចំណោម អ្នកឆ្លង ១២២នាក់ ត្រូវបានគ្រូពេទ្យព្យាបាលជាសះស្បើយចំនួន ១១៧នាក់ ហើយនៅសល់ ៥នាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរាជធានី-ខេត្ត៕