សកម្មជន​​បរិស្ថាន​​ចោទ​​អាជ្ញាធរ​​ខេត្ត​​​ព្រះ​វិហារ​​​ថា​ រារាំង​​ពិធី​​​រំឭក​​​ខួប​​​ឃាតកម្ម​​​លើ​​​លោក ឈុត វុទ្ធី

កូនស្រីរបស់លោក ឈុត វុទ្ធី អុជធូបឧទ្ទិសដល់ឪពុកខ្លួន ក្នុងថ្ងៃខួប៧ឆ្នាំនៃការសម្លាប់លោក ឈុត វុទ្ធី នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ សូត សុខប្រាថ្នា

កូនប្រុសសកម្មជនបរិស្ថាន ចោទអាជ្ញាធរស្រុករវៀង ខេត្តព្រះវិហារ រារាំងពួកគេមិនឱ្យប្រារព្ធខួប ៨ឆ្នាំ​នៃការបាញ់សម្លាប់សកម្មជនបរិស្ថានដ៏ល្បីឈ្មោះ លោក ឈុត វុទ្ធី ជាការរឹតត្បិតសេរីភាព។

កូនប្រុសបង្កើតលោក ឈុត វុទ្ធី និងជាប្រធានអង្គការការពារធនធានធម្មជាតិ លោក  ឆឺយ ឧត្តមរស្មី បានប្រាប់វីអូឌីនៅថ្ងៃនេះថា អភិបាលរងស្រុករវៀង និងកងប្រដាប់អាវុធ​ខេត្តព្រះវិហារ បានចុះរារាំង និងគំរាមយកពួកគេប្រមាណជាង ២០នាក់ ទៅឃុំទុក ១៤ថ្ងៃ បើនៅតែរៀបចំពីធីបង្សុកូលរំលឹកខួបលោក ឈុត វុទ្ធី នៅក្នុងព្រៃឡង់ កាលពីវេលាម៉ោង ៧យប់ម្សិលមិញ ក្រោមហេតុផល​ទប់ស្កាត់ការឆ្លងកូវីដ១៩។

លោក ឧត្តមរស្មី ហៅការរាំងរបស់អាជ្ញាធរថា ជាការរឹតត្បិតសេរីភាពជួបជុំ និងការធ្វើពិធីបែបសាសនា។

លោក ឧត្ដមរស្មី ប្រាប់ថា៖ «ខ្ញុំយល់ថា រាល់ដងហើយ គេរកលេស​នេះ​លេស​នោះមិនឱ្យយើងធ្វើ [ពិធីរំលឹកខួបលោក ឈុត វុទ្ធី]។ ឥឡូវថ្មីៗនេះ គេយកលេស​ជំងឺកូវីដ កុំឱ្យយើងប្រមូលផ្តុំគ្នា ទាមទារយុត្តិធម៌ជូនគាត់ ដើម្បីកុំឱ្យពួកយើងចូលព្រៃឡង់ប្រារព្ធពីធីហ្នឹងទេ»

បន្ថែមពីនេះ លោក ឧត្តមរស្មី បង្ហាញការងឿងឆ្ងល់ថា ហេតុអ្វី​មន្ត្រីរដ្ឋាភិបាលនៅតែរារាំងមិនឱ្យពួកគាត់ និងអ្នកគាំទ្រស្រលាញ់លោក ឈុត វុទ្ធី ដើម្បីប្រារព្ធខួបនោះ។ លោកថា ប្រហែលជាមន្ត្រីរដ្ឋាភិបាលមួយចំនួន អាចជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មលើឪពុករបស់លោក ទើបខ្លាចស្រមោលអ្នកស្លាប់ រហូតមិនឱ្យប្រារព្ធពិធីរំលឹកខួប។

វីអូឌីមិនអាចសុំការបំភ្លឺពីអភិបាលរងស្រុករវៀង លោក មួយ វ៉ុន បានទេនៅរសៀលថ្ងៃនេះ។

ចំណែក អភិបាលស្រុករវៀង ខេត្តព្រះវិហារ លោក ហោ ប៊ុនហួរ មានប្រសាសន៍ថា ដើមចមដែលនាំក្រុមការងាររបស់លោក សហការជាមួយសមត្ថកិច្ចចុះប្រាប់សកម្មជនបរិស្ថានមិនឱ្យធ្វើពិធីសាសនាប្រារព្ធខួបលោក ឈុត វុទ្ធី គឺធ្វើតាមការណែនាំរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ មិនមែនរឹតត្បិតសេរីភាពនៃការជួបជុំនោះទេ។

លោក ហោ ប៊ុនហួរ មានប្រសាសន៍ថា៖ «រដ្ឋាភិបាលចេញសេចក្តីណែនាំ [ស.ជ.ណ] ពាក់ព័ន្ធការប្រមូលផ្តុំ ការពារកូវីដ១៩ ហើយកូវីដ១៩ មិនត្រូវរលត់ទេ ធ្វើម៉េចឱ្យគាត់បំបែកហ្វូង​។ គ្នា​សួរនាំគាត់មកពីណា ខេត្តណាខ្លះ»

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ដំណាក់កាលរួមគ្នាទប់ស្កាត់កូវីដ១៩ មន្ត្រីរដ្ឋាភិបាលត្រូវមានការប្រុងប្រយ័ត្នក្នុងការបំពេញបេសកកម្មរបស់ខ្លួន លោកថា អាជ្ញាធរពាក់ព័ន្ធគួរតែមានការចរចាគ្នាឱ្យធ្វើដោយមានការប្រុងប្រយ័ត្ន ប្រសើរជាងហាមមិនឱ្យធ្វើ ដើម្បីចៀសវាងការរិះគន់ពីមហាជន។

លោក អំ សំអាត មានប្រសសន៍ថា៖ «និយាយពីគម្លាតនៃសង្គម និយាយពីគម្លាតនៃការជួបជុំគ្នាក្នុងសម័យកូវីដ១៩ ហើយការចរចាជាការល្អដែរ ជាជាងការហាមឃាត់​ដាច់ណាត់។ វាអាចមានការរិះគន់មួយផ្សេងៗ»

អតីតប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់នៅជិតតំបន់ព្រៃការពារមួយកន្លែង​ ត្រង់ចំណុចវាលបី ក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ (មានរយៈពេល ៨ឆ្នាំហើយ) ខណៈលោកបាននាំអ្នកកាសែត​ ឌឹ ខេមបូឌា ដេលី ពីររូបចុះទៅយកព័ត៌មានអំពីបទល្មើសព្រៃឈើនៅតំបន់នោះ។

​សំណុំ​រឿងឃាតកម្មមួយនេះ​ ត្រូវ​បានតុលាការបិទបញ្ចប់ ​ដោយ​អះអាង​ថា ​អ្នក​ដែល​បាញ់​សម្លាប់លោក ឈុត វុទ្ធី ពេលនោះ​ជាមន្ត្រីកងរាជ​អាវុធហត្ថខេត្តកោះកុងម្នាក់ឈ្មោះ​ អ៊ិន រតនា បន្ទាប់ពី​គណៈកម្មការចំពោះកិច្ចរបស់រដ្ឋាភិបាល​ចុះ​ស៊ើប​​អង្កេត​ករណីនេះ អះអាងថា លោក អ៊ិន រតនា បានបាញ់សម្លាប់ខ្លួនឯង ក្រោយ​ពីបាញ់​សម្លាប់​លោក​ ឈុត វុទ្ធី រួច។ ប៉ុន្តែ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះនៅតែអះអាង យុត្តិធម៌ពិតមិនទាន់ទទួលបាននៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ