មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ឱ្យដឹងថា រោងចក្រកាត់ដេរដល់ទៅជាង ១៣០ហើយ បានសម្រេចដាក់ពាក្យព្យួរផលិតកម្មរបស់ពួកគេ ដែលធ្វើឱ្យប៉ះពាល់ដល់ការងាររបស់កម្មករកម្មការិនីជិត ១០ម៉ឺននាក់ ចាប់តាំងពីការផ្ទុះឡើង និងការរីករាលដាលនៃវីរុសកូរ៉ូណា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅរសៀលថ្ងៃនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានប្រាប់អ្នកសារព័ត៌មានថា ចាប់ពីវីរុសកូរ៉ូណា ឬហៅថា កូវីដ១៩ បានផ្ទុះឡើង ថៅកែរោងចក្រកាត់ដេរនៅកម្ពុជាមួយចំនួនធំ បានដាក់ពាក្យឈប់ដំណើរការ និងផ្អាកការងារជាបន្ទាប់។
លោក ហេង សួរ បានថ្លែងបន្តថា តែក្រោយពីមានការសម្រួលពីរាជរដ្ឋាភិបាល ភាគីថៅកែរោងចក្រទាំងនោះ សម្រេចត្រឹមព្យួរការងារមួយរយៈប៉ុណ្ណោះ ដោយមិនឈានទៅដល់ការបិទទាំងស្រុងនោះទេ។
លោក ហេង សួរ ថ្លែងថា៖ «គិតមកដល់ពេលនេះ មានរោងចក្រជាង១៣០ បានដាក់ពាក្យព្យួរ ហើយដែលមានបងប្អូនកម្មករនិយោជិតជិត ១០ម៉ឺននាក់ដែលរងផលប៉ះពាល់ពីការព្យួរនេះ»។
មន្ត្រីរដ្ឋាភិបាលរូបនេះ បានបញ្ជាក់ថា មានរោងចក្រជាច្រើនបានសម្រេចព្យួរការងាររបស់ពួកគេ បន្ទាប់ពីវិបត្តិសុខភាពពិភពលោក បានបង្ខំឱ្យទីផ្សារសម្លៀកបំពាក់ធំៗ ដូចជាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បិទចរាចរណ៍ដឹកជញ្ជូន និងការបញ្ជាទិញ។
កម្ពុជាបានប្រកាសពីការរកឃើញអ្នកឆ្លងវីរុសកូរ៉ូណា ១២២នាក់ចាប់តាំងពីថ្ងៃទី២៧ ខែមករាកន្លងមក ក្នុងនោះពលរដ្ឋកម្ពុជា ៥១នាក់ ក៏ត្រូវបានរកឃើញឆ្លងវីរុសនេះផងដែរ។ តែយ៉ាងណា ក្រសួងសុខាភិបាលបានប្រកាសថា អ្នកផ្ទុកវីរុសនេះ ១១៩នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ៕