នៅថ្ងៃទី២៦ ខែមេសានេះ ជាខួប ៨ឆ្នាំ ដែលសកម្មជនបរិស្ថានដ៏ល្បីឈ្មោះ លោក ឈុត វុទ្ធី ត្រូវខ្មាន់កាំភ្លើងតាមបាញ់សម្លាប់នៅខេត្តកោះកុង ក្រោយសកម្មជនរូបនេះ នាំអ្នកសារព័ត៌មានទៅដល់តំបន់ដែលមានបទល្មើសព្រៃឈើនៅជួរភ្នំក្រវាញ ក្នុងស្រុកមណ្ឌលសីមា និងបានថតគំនរឈើក្នុងក្រុមហ៊ុនមួយនោះ។
ការសម្លាប់លោក ឈុត វុទ្ធី វាបានបន្សល់ទុកចម្ងល់ជាច្រើនដល់អ្នកឃ្លាំមើល ទៅលើភាពមិនច្បាស់លាស់នៃការប្តេជ្ញាការពារធនធានធម្មជាតិរបស់រដ្ឋាភិបាល ព្រោះអ្នកពាក់ព័ន្ធនៃអំពើឃាតកម្មនេះ មិនត្រូវបានវែកមុខយកមកផ្តន្ទាទោសទេ ក្រៅពីទម្លាក់កំហុសទៅលើខ្មាន់កាំភ្លើងម្នាក់ដែលគេអះអាងថា បានបាញ់សម្លាប់ខ្លួនឯង ក្រោយបាញ់សម្លាប់លោក ឈុត វុទ្ធី រួច។
ចម្ងល់នេះ វាបានបន្សល់ទុកនូវសំឡេងរិះគន់ផង និងរលកទាមទាររកយុត្តិធម៌ផង ពីអ្នកចង់ឃើញសង្គមមាននីតិរដ្ឋ និងអ្នកស្រឡាញ់ធនធានធម្មជាតិ។
ជាការកត់សម្គាល់ ឃាតកម្មលើលោក ឈុត វុទ្ធី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២នោះ មិនធ្វើឱ្យសកម្មជនការពារព្រៃឈើដែលនៅរស់រានមានជីវិតបញ្ឈប់សកម្មភាពទេ តែបេសកកម្មនោះហាក់បន្តរងការគំរាមចាត់វិធានការផ្លូវច្បាប់ពីក្រសួងពាក់ព័ន្ធ។
នៅចុងសប្តាហ៍មុន ក្រសួងបរិស្ថាន ព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើមន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាសហគមន៍ការពារព្រៃឈើ ដែលមានគម្រោងចូលព្រៃឡង់ជាថ្មីទៀត ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនោះ ឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់បើមិនចង់ប្រឈមនឹងវិធានការច្បាប់។
តាមលិខិតចុះថ្ងៃទី២៤ ខែមេសា ក្រសួងបរិស្ថានចោទថា គម្រោងចូលព្រៃឡង់ជាថ្មីទៀតរបស់ក្រុមអង្គការ និងប្រជាសហគមន៍ការពារព្រៃឈើដែលមានគម្រោងចូលព្រៃឡង់ជាថ្មីទៀតនោះ ជាបេសកកម្មអនាធិបតេយ្យ បំពានច្បាប់យ៉ាងគឃ្លើន មានចេតនាទុច្ចរិតក្នុងការធ្វើវិទ្ធង្សនាប្រឆាំងរដ្ឋាភិបាល លើការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិតែប៉ុណ្ណោះ។
ក្រសួងថា៖ «សកម្មភាពបំពានលើច្បាប់យ៉ាងគឃ្លើនបែបនេះ ដោយជ្រកក្រោមស្លាកជាអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ គឺជាចេតនាទុច្ចរិតក្នុងការធ្វើវិទ្ធង្សនាប្រឆាំងនឹងរាជរដ្ឋាភិបាល លើការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិតែប៉ុណ្ណោះ»។
មួយវិញទៀត គម្រោងប្រារព្ធខួប ៨ឆ្នាំលោក ឈុត វុទ្ធី ដែលគ្រោងធ្វើនៅខេត្តព្រះវិហារ ក៏បានរាយការណ៍មកថា អាជ្ញាធរចុះរារាំងមិនឱ្យធ្វើដែរ ក្រោមហេតុផលទប់ស្កាតក់ការឆ្លងជំងឺកូវីដ១៩។
បញ្ហាទាំងនេះបង្កើតជាសំណួរថា ហេតុអ្វីក្រសួង និងអ្នកការពារព្រៃឈើធ្វើការមិនចុះសម្រុងគ្នា?
ការគំរាមរបស់ក្រសួងបរិស្ថានទៅលើអ្នកការពារព្រៃឈើនេះ ធ្វើឡើងស្របពេលដែលសកម្មជនការពារបរិស្ថាន ព្រះសង្ឃ និស្សិត រួមទាំងប្រជាពលរដ្ឋ បាននាំគ្នាធ្វើយុទ្ធនាការមួយ ដើម្បីស្នើទៅរដ្ឋាភិបាលចេញវិធានការបិទរោងចក្រអារឈើនៅជុំវិញតំបន់ព្រៃឡង់ និងនៅទូទាំងប្រទេស។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី បង្ហាញការយល់ឃើញថា ការសម្លាប់លោក ឈុត វុទ្ធី និងការគំរាមកំហែងក្រុមអ្នកការពារព្រៃឈើ ស្របគ្នានឹងបទល្មើសព្រៃឈើកើតឡើង ជាម៉ែត្រវាស់នៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។
លោកថា៖ «សម្រាប់ខ្ញុំ ខ្ញុំមើលទៅរដ្ឋាភិបាលហាក់ដូចមិនទាន់មានចេតនាពិតប្រាកដក្នុងការប្តេជ្ញាការពារព្រៃឈើឱ្យបានគង់វង្សទេ ហាក់ដូចជាក្រុមណាមួយទទួលបានផលប្រយោជន៍ពីព្រៃឈើហ្នឹង ហើយអាចយកប្រយោជន៍ទៅប្រើក្នុងមធ្យោបាយអីផ្សេងទៀតដែលយើងមិនហ៊ាននិយាយ»។
អ្នកឃ្លាំមើលរូបនេះ យល់ថា ភាពមិនច្បាស់លាស់ក្នុងការការពារព្រៃឈើពីសំណាក់រដ្ឋាភិបាល និងមិនចង់ឃើញរលកថ្មីកើតចេញពីចលនាការពារព្រៃឈើ ចំពេលរដ្ឋាភិបាលកំពុងប្រឈមបញ្ហាកូវីដ១៩ វាប្រៀបបានបង្កើតសង្គ្រាមរវាងអាជ្ញាធរ និងក្រុមអ្នកការពារព្រៃឈើដែលមិននៅក្នុងជួររដ្ឋាភិបាល។
លោកថា៖ «ការព្រួយបារម្ភរបស់រដ្ឋាភិបាលនៅពេលនេះ ហាក់ដូចជាបន្ថែមទៅលើការព្រួយបារម្ភពីកូវីដផង ពីបញ្ហាកម្មករអត់ការងារធ្វើផង។ អ៊ីចឹង រដ្ឋាភិបាលក៏មិនចង់ឃើញចលនាការពារព្រៃឈើអីហ្នឹងកើតឡើងទេ»។
លោកបណ្ឌិត មាស នី ផ្តល់ជាយោបល់ថា ដើម្បីឱ្យអ្នកការពារព្រៃឈើក្រៅរដ្ឋាភិបាលធ្វើការចុះសម្រុងជាមួយអាជ្ញាធរពាក់ព័ន្ធ លុះណារដ្ឋាភិបាលចែកឱ្យណាច់រវាងមន្ត្រីការពារព្រឈើ និងមន្ត្រីកាងបទល្មើសព្រៃឈើ។
កាលពីខែមិថុនា ឆ្នាំ២០០៧ អង្គការបរិស្ថានអន្តរជាតិ គ្លុបល វីដណេស (Global Witness) បានបង្ហាញពីខ្សែបណ្តាញប្រព្រឹត្តបទល្មើសព្រៃឈើនេះ ដោយបង្ហាញថា ជាប់ពាក់ព័ន្ធទៅនឹងមន្ត្រីសំខាន់ៗមួយចំនួនក្នុងជួររដ្ឋាភិបាល ដែលក្នុងនោះមានទាំងសាច់ញាតិនាយករដ្ឋមន្ត្រីផងដែរ។
ប៉ុន្តែ ក្រោយមក រដ្ឋាភិបាលបានបណ្តេញទីស្នាក់របស់ Global Witness ចេញពីកម្ពុជា ដោយចាត់ទុករបាយការណ៍នោះថា ជារឿងប្រឌិត ។
ប៉ុន្តែ អំឡុងខែមេសា ឆ្នាំ២០១០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដកតំណែងប្រធានរដ្ឋបាលព្រៃឈើ លោក ទី សុគន្ធ ក្រោយពីរកឃើញថា មានបទល្មើសកាប់បំផ្លាញ និងដឹកជញ្ជូនឈើប្រណិតៗ ដែលត្រូវសមត្ថកិច្ចចម្រុះរុករកឃើញ បង្ក្រាប និងចាប់មេព្រៃមួយចំនួនដាក់ពន្ធនាគារ។
នៅចុងឆ្នាំ២០១៥ទៀតសោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតក្រុមការងារពិសេសដើម្បីបង្ក្រាបបទល្មើសព្រៃឈើ ហៅថា គណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយលោក សៅ សុខា ។
ប៉ុន្តែ ១ឆ្នាំបន្ទាប់ គឺនៅឆ្នាំ២០១៦ លោក ហ៊ុន សែន អះអាងថា បទល្មើសព្រៃឈើនៅតែកើតមាន និងបានបញ្ជាផ្ទាល់មាត់ឱ្យក្រសួងពាក់ព័ន្ធសហការជាមួយសកម្មជនការពារព្រៃឈើ នូវអ្វីដែលលោកហៅថា ដើម្បីពង្រឹងប្រសិទ្ធភាពនេះចំពោះការទប់ស្កាត់បទល្មើសព្រៃឈើ។
លោកថា៖ «បម្រាមនៃការកាប់ឈើហ៊ុបនាំចេញ ត្រូវបានអនុវត្តតាំងពីឆ្នាំ១៩៩៨ រហូតមកដល់ពេលនេះ។ ប៉ុន្តែ ការកាប់ឈើទន្ទ្រានយកដី ការលួចកាប់ឈើនៅតែបន្តកើតមាននេះ យើងត្រូវទទួលស្គាល់ ជាក់ស្តែង យើងកំពុងមានឈើល្មើសច្បាប់ក្នុងដៃ ៧ម៉ឺនម៉ែត្រគូប មិនដឹងកាប់ពីត្រង់ណា។ អញ្ចឹងទេ សមត្ថកិច្ចយើងតែមួយមុខ វាអត់គ្រប់ទេ អញ្ចឹងអំពាវនាវគ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមការពារព្រៃឈើ។ អញ្ចឹង កុំមើលគ្នាជាសត្រូវរវាងអ្នកការពារព្រៃឈើ និងរដ្ឋបាលដែលទទួលបន្ទុកការពារធនធានធម្មជាតិ ត្រូវមើលគ្នាក្នុងភាពជាដៃគូ ដើម្បីការពារធនធានធម្មជាតិរបស់យើង។»
ប្រធានគ្រប់គ្រងកម្មវិធីនៃបណ្ដាញយុវជនកម្ពុជា លោក ស ម៉ូរី និយាយថា ការរារាំងពិធីប្រារព្ធខួបលោក ឈុត វុទ្ធី ក៏ជាផ្នែកមួយបិទបាំងភាពអសកម្មរបស់អាជ្ញាធរដែលគ្មានលទ្ធភាពវែកមុខអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើបាន។
លោកថា៖ «ការំឭកអំពីសកម្មជនបរិស្ថាន ឬក៏វីរជនណា បរិស្ថានណាមួយ ជាការបកអាក្រាតអំពើពុករលួយអ្នកដែលពាក់ព័ន្ធ និងអ្នកកាប់ឈើខុសច្បាប់»។
លោក ស ម៉ូរី វិភាគថា បញ្ហាចំបងដែលសកម្មជនការពារព្រៃឈើ ធ្វើការមិនចុះសម្រុងជាមួយក្រសួងក៏ដូចជាអាជ្ញាធរ ដោយសារតែបទល្មើសវាបានកើតជាបន្តបន្ទាប់ តែវិធានការទប់ស្កាត់ឱ្យទាន់ពេល វាអត់ត្រូវបានធ្វើឡើង ធ្វើឱ្យជនល្មើសរួចពីសំណាញ់ច្បាប់ ។
លោកថា៖ «សហគមន៍គាត់តែងតែរកឃើញជានិច្ចនៃក្រុមលាក់ខ្លួន ដើម្បីសម្ងំកាប់ឈើជាទ្រង់ទ្រាយ លបកាប់ឈើក៏មាន ការទន្ទ្រានដីរាប់រយហិកតាដើម្បីកាប់រានធ្វើកសិកម្ម ក៏ប៉ុន្តែព័ត៌មានទាំងអស់នោះ យើងអត់ឃើញមន្ត្រីឧទ្យានុរក្សនោះគាត់ចាត់វិធានការទេ»។
របាយការណ៍ក្រសួងបរិស្ថានប្រចាំឆ្នាំ២០១៩ បង្ហាញថា កម្ពុជាមានព្រៃឈើ ៥០ភាគរយគ្របដណ្តប់ទូទាំងប្រទេស ដែលជាអត្រាមានព្រៃឈើខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។
ចំណែករបាយការណ៍អង្គការណាសា កាលពីឆ្នាំ២០១៧ បង្ហាញថា កម្ពុជាមានការកាប់បំផ្លាញព្រៃឈើកាន់តែខ្លាំង ចន្លោះឆ្នាំ២០០១ ដល់២០១៤។ របាយការណ៍បញ្ជាក់ថា ការកាប់បំផ្លាញព្រៃឈើធ្វើឡើងក្រោមរូបភាពផ្តល់ដីសម្បទានសេដ្ឋកិច្ច។
បើតាមក្រសួងបរិស្ថាន បច្ចុប្បន្ន កម្ពុជាមានតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ៦០ កន្លែង ដែលគ្របដណ្តប់លើផ្ទៃដី ប្រមាណជាង ៧,២លានហិកាតា ស្មើប្រមាណ ៤១ភាគរយនៃផ្ទៃដីសរុបរបស់កម្ពុជា។
តំបន់ការពារធម្មជាតិ និងអភិរក្សទាំងនោះ មានមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ១២៦០នាក់ ឈរជើងនៅតាមតំបន់ការពារធម្មជាតិនីមួយៗ បាននិងកំពុងធ្វើសកម្មភាពល្បាត ការពារ និងអភិរក្សធនធានធម្មជាតិ ដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍នៅមូលដ្ឋាន។
យ៉ាងនេះក្តី លោក ស ម៉ូរី បង្ហាញការព្រួយបារម្ភថា បទល្មើសព្រៃឈើនឹងមិនថយចុះទេ ដរាបណារដ្ឋាភិបាលនៅតែផ្តល់សិទ្ធិឱ្យមានក្រុមហ៊ុនបង្កើតរោងចក្រកែច្នៃឈើក្នុងតំបន់ព្រៃ និងបន្តផ្តល់អាជ្ញាបណ្ណឱ្យមានការនាំឈើប្រណិតទៅក្រៅប្រទេសនោះ៕