មន្ត្រី​រដ្ឋា​ភិបាល​​ព្យាករ​​ថា ការ​​នាំ​​ចេញ​​ផលិត​​ផល​​កាត់​ដេរ​​នឹង​​ធ្លាក់​​ចុះ​​លើស​​ពី​​​៥០​​ភាគ​រយ​​នៅ​​ត្រី​មាស​​ទី​​ពីរ​

ទិដ្ឋភាពនៅក្នុងរោងចក្រកាត់ដេរមួយនៅរាជធានីភ្នំពេញ

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ថ្លែង​ថា ទំហំនៃ​ការនាំ​ចេញ​ផលិតផលកាត់ដេរ​កម្ពុជា អាចនឹង​ធ្លាក់​ចុះ​ចន្លោះ​ពី ៥០ ទៅ ៦០​ភាគរយ ​នៅត្រីមាសទី២ នៃឆ្នាំ២០២០នេះ បន្ទាប់​ពី​​ការ​នាំ​ចេញ​នៅ​ក្នុង​ត្រី​មាស​ទី​១​កន្លង​មក​នេះ មាន​ទំហំ​ត្រឹម​តែ ៨០​ភាគរយ​​ប៉ុណ្ណោះ បើធៀប​នឹង​តួលេខ​នាំ​ចេញ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

លោក ហេង សួរ បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​កាសែត​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ឯ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​កាល​ពី​រសៀល​ថ្ងៃ​ម្សិល​មិញ​នេះ។

លោកបន្តថា គិតត្រឹមថ្ងៃទី២៧ ខែមេសា កម្ពុជាមិនទាន់ទទួលបានការបញ្ជាទិញពីអ្នកបញ្ជាទិញនៅឡើយទេ ហើយខែបន្ទាប់ក៏​អាចការប៉ះពាល់ខ្លាំងផងដែរ ដោយលោកប៉ាន់ប្រមាណថា ការនាំចេញ​ក្នុងត្រីមាសទី២ អាចមាន​ទំហំ​ចន្លោះ​ពី ៥០ ទៅ៦០​ភាគរយ នៃទំហំ​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ២០១៩។

លោក ហេង សួរ ថ្លែង​ថា​៖ «អ្នកបញ្ជាទិញខ្លះគាត់សុខចិត្ត​បន្តបង់នូវអ្វីដែលបានដេររួចហើយ ទោះបីគាត់មិនទាន់ឱ្យនាំចេញ ប៉ុន្តែ គាត់សុខចិត្តបង់។ ប៉ុន្តែ គាត់មិនឱ្យបន្ថែមវត្ថុធាតុដើម ឬមួយដាក់ការបញ្ជាទិញបន្ថែម​នោះទេ។ អ៊ីចឹងហើយបានជាធ្វើឱ្យខែ៤ ខែ៥ និងខែ៦ តាមការទំនាក់ទំនងជាមួយអ្នកបញ្ជាទិញ គឺគាត់អត់ទាន់ហ៊ានកំណត់ និងដាក់តួលេខនៃការបញ្ជាទិញណាមួយទេ»

បើ​តាម​មន្ត្រី​នាំ​ពាក្យ​រូប​នេះ ទំហំ​នៃ​ការនាំ​ចេញ​បាននិង​កំពុង​ធ្លាក់​ចុះ​ក៏​ព្រោះ​តែ​ការ​ផ្ទុះ​ឡើង និង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ១៩​ ទាំង​នៅ​ប្រទេស​កម្ពុជា និង​នៅ​ទូទាំង​ពិភព​លោក។

ក្រសួង​សុខាភិបាល​កម្ពុជា បាន​ប្រកាស​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ១៩ ​ចំនួន ១២២នាក់​ នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៧ ខែ​មករា រហូត​មក​ដល់​ថ្ងៃ​នេះ ក្នុង​នោះ​ពលរដ្ឋ​កម្ពុជា​ដល់​ទៅ ៥១​នាក់ ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​នេះ​ផង​ដែរ ហើយ​អ្នក​ឆ្លង​វីរុស​នេះ​ផ្សេង​ទៀត គឺ​ជា​ជន​បរទេស។ ទោះជាយ៉ាងណា កម្ពុជា​ប្រកាស​ថា អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ដល់ទៅ ១១៩នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ។

ទន្ទឹម​នឹង​នេះ តួលេខ​ធ្វើ​បច្ចុប្បន្នភាព​ដោយ​អង្គការ​សុខភាព​ពិភព​លោក បង្ហាញ​ថា មនុស្ស​ដល់​ទៅ ៣​លាន ៦​ម៉ឺន​នាក់​ហើយ បាន​ឆ្លង​វីរុស​ដ៏​រាត​ត្បាត​នេះ​ ក្នុង​នោះ​មនុស្ស​ដល់​ទៅ​ជាង ២១​ម៉ឺន ២​ពាន់​នាក់ បាន​ស្លាប់ គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ។

អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក កាំង ម៉ូនីកា មានប្រសាសន៍ថា​ បញ្ហាធំដែលកើតមាន​​ចំពោះ​​​​ការ​​​​​បញ្ជា​ទិញនេះ គឺនៅអឺរ៉ុប និងអាមេរិកតែម្ដង។ តែទោះយ៉ាងណា លោកថា ការធ្លាក់ចុះនេះ គឺមិនមែនមាន​​តែកម្ពុជា​​នោះទេ គឺមានគ្រប់ប្រទេសដែលផលិតទាំងអស់ ព្រោះជំងឺកូវីដ១៩នេះ បាន​​ធ្វើឱ្យប៉ះពាល់ជាសកលជាពិសេស​​ប្រទេស​​​​ដែលបញ្ជាទិញ។

លោក កាំង ម៉ូនីកា៖ «យើងក៏យល់ស្របដែរថា ខែ៤ និង​ខែ៥នេះ វាប្រាកដណាស់នឹងធ្លាក់ ហើយ​​នៅ​​ក្នុ​​ងខែ១ ខែ​២ ខែ៣ ក៏នៅយើងក៏មិនទាន់មានវិធានការធ្ងន់ធ្ងរដែលឧទាហរណ៍ដូចជាបិទចរាចរណ៍ ឬ Lockdown អីដែរណា»

ក្នុងសន្និសីទកាសែតដដែល លោក ហេង សួរ ឱ្យដឹងថា មានរោងចក្រជាង ១៣០ បានដាក់ពាក្យព្យួរការងារ​រហូតដល់ពេល​​នេះ ដោយសារកូវីដ១៩ ហើយបានធ្វើឱ្យប៉ះពាល់ដល់កម្មករនិយោជិតជិត ១០ម៉ឺននាក់។

ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ មានប្រសាសន៍ថា ការ​ធ្លាក់​ចុះ​នៃ​ការ​បញ្ជា​ទិញ​នេះ គឺ​ជា​និន្នាការ​សកល ប៉ុន្តែ លោក​ស្នើ​ទៅ​ភាគី​ពាក់​ព័ន្ធ​ឱ្យ​ជួយ​សម្រប​សម្រួល ដើម្បី​ធានា​សុខភាព និង​សុវត្ថិភាព​របស់​កម្មករ​និយោជិត​ទាំង​អស់។

មួយវិញទៀត លោក អាត់ ធន់ ក៏​អំពាវ​នាវ​ទៅ​ភាគី​ទាំង​អស់ឱ្យ​គោរព​តាម​ច្បាប់​ដូចជា ការបិទរោងចក្រ ហើយមិន​ផ្តល់​​ប្រាក់ឱ្យកម្មករតាមផ្លូវច្បាប់ ដើម្បីកេងចំណេញ​​ពីពេល​​ដែលកំពុង​​ផ្ទុះកូវីដ១៩នេះជាដើម។

លោក​ អាត់ ធន់ មាន​ប្រសាសន៍​ថា​៖ «ជាទូទៅ រដ្ឋាភិបាលក៏អាចប៉ះពាល់ដែរ ព្រោះបាត់បង់​​ចំណូល​​សេដ្ឋ​​កិច្ច​​មួយដែរ។ អ៊ីចឹងអ្វីដែលខ្ញុំគិត ខ្ញុំមើលឃើញ គឺយើងត្រូវពិនិត្យមើលអ្វីដែលយើងអាចធ្វើបាន។ ឧទាហរណ៍ ការប្រឈម​​រយៈពេលខ្លី ឧទាហរណ៍ កម្មករគាត់នឹងបាត់បង់ការងារ ២ខែ ឬក៏៣ខែ។ អ៊ីចឹង​ភាគី​​ទាំងអស់ត្រូវតែរក​​យុទ្ធសាស្រ្តដើម្បី​​ឆ្លើយ​​តប​ការប្រឈមរយៈពេលខ្លីហ្នឹង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ