កម្មករ​​រាប់​ពាន់​​នាក់​​នៅ​​រោង​ចក្រ​​មួយ​​នៅ​​ក្រុង​​តាខ្មៅ​ ប្រឈម​​ជួប​​បញ្ហា​​ជីវភាព​​ក្រោយ​​បាត់​បង់​​ការងារ​​ទាំង​ស្រុង​​

កម្មករ-កម្មការិនីដែល​បម្រើការ​ងារ​នៅ​រោងចក្រ​ ប្រឹ​ភី​សឹស (Propitious Cambodia Garment Ltd​) ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ (កម្មកររោងចក្រប្រឹ​ភី​សឹស)

កម្មករ​-កម្មការិនី​មួយចំនួន​បម្រើការ​ងារ​នៅ​រោងចក្រ ប្រឹ​ភី​សឹស (Propitious Cambodia Garment Ltd​) ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ប្រឈម​ជួប​បញ្ហា​ជីវភាព ក្រោយ​ថៅកែ​បញ្ឈប់​ពួក​គេ​ពី​ការងារ​ក្រោម​ហេតុផល​គ្មាន​អ្នកបញ្ជា​ទិញ។

កម្មករ​-កម្មការិនី​ជាង ២៤០០នាក់ ដែល​បម្រើការ​ងារ​នៅ ប្រឹ​ភី​សឹស ត្រូវ​បាន​ថៅកែ​ប្រកាស​បញ្ឈប់​ពី​ការ​ងារ​ភ្លាម​ៗកាលពី​ថ្ងៃទី២២ ខែមេសា និង​បាន​បើកលុយ​សំណង​ជូន​ពួក​គេ​ចំនួន ៤ចំណុច​ កាលពី​ថ្ងៃទី២៥ ខែមេសា។

កម្មការិនី​ម្នាក់​ដែល​ប្រាប់​ត្រឹម​ឈ្មោះ ស៊ី​យ៉ា និង​បម្រើការ​ផ្នែក​វេច​ខ្ចប់​នៅ​រោងចក្រ ​ប្រឹ​ភី​សឹស ឱ្យដឹង​ថា អ្នកស្រី និង​ស្វាមី​បាន​បម្រើការ​ងារ​នៅ​រោងចក្រ​នេះ​ទាំងអស់គ្នា ហើយ​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ។ អ្នកស្រី​កំពុងតែ​បារម្ភ​ពី​ផល​ប៉ះពាល់​ជីវភាព និង​ការ​ចំ​ណាយ​ផ្សេងៗក្រោយ​បាត់បង់​ការងារ​ធ្វើ។

កម្មការិនី​រូប​នេះ​បន្ត​ថា អ្នកស្រី និង​ស្វាមី​ មិនដឹង​ទៅ​ធ្វើអ្វី និង​រក​ការងារ​ថ្មី​កន្លែងណា​ធ្វើ​នោះ​ទេ ខណៈ​ដែល​រោងចក្រ​ជាច្រើន​កំពុង​ប្រកា​សព្យួ​រការងារ​កម្មករ​ដែរ​នោះ។

អ្នកស្រី ស៊ី​យ៉ា បន្ថែម​ថា៖ «សម្រាប់​គ្រួសារ​ខ្ញុំ​ ទាំង​ប្តី​ទាំង​ប្រពន្ធ គឺ​ធ្វើការងារ​នៅ​រោងចក្រ​ហ្នឹង​តែមួយ ហើយ​គេ​បញ្ឈប់​ពី​ការងារ​ទាំងពីរ​នាក់​អ៊ីចឹង មានតែ​ប្រឈម​នឹង​ការ​ខ្វះ​លុយទឹក​ដោះ​គោ​ឱ្យ​កូន​ប៉ៅ ព្រោះ​មិនដឹង​រោងចក្រ​ហ្នឹង​គេ​បើក​វិញ​ថ្ងៃណា​ផង។ ហើយ​ឥលូវ​ក៏​អត់​ទាន់​ទៅ​ធ្វើតេស្ត​នៅ​រោងចក្រ​ណា​ទៀតផង។ បើ​ជីវភាព​ឥលូវ​នេះ​មិនទាន់​អី​ទេ ប៉ុន្តែ បន្តិចទៀត បើ​យើង​នៅតែ​អត់​ការងារ​ធ្វើ​អ៊ីចឹង វា​មិនដឹង​ម៉េច​ដែរ។ ហើយ​ខ្ញុំ​នៅផ្ទះ​ជួល ​ត្រូវការ​ចំណាយ​បង់​ផ្ទះ​ជួល ទឹក​ភ្លើង និង​ហូបចុក​ប្រចាំថ្ងៃ​ ជាដើម»។

អ្នកស្រី ស៊ី​យ៉ា ឱ្យដឹង​ថា សំណង ៤ចំណុច​ដែល​ថៅកែ​ទូទាត់​ឱ្យ​អ្នកស្រី​ក្រោយ​បញ្ឈប់​ពី​ការងារ​នោះ គឺ​សរុប​បានតែ ១៧០ដុល្លារ​ប៉ុណ្ណោះ។

កម្មការិនី​ម្នាក់ទៀត អ្នកស្រី អ៊ី​ង សំណាង អះអាង​ថា បម្រើការ​ងារនៅ​រោច​ក្រ ​ប្រឹ​ភី​សឹស រយៈពេល ៦ឆ្នាំ​ហើយ។ អ្នកស្រី រៀបរាប់​ថា អ្នកស្រី​មិនមែន​ប្រឈម​តែ​ខ្វះ​លុយ​ចាយវាយ​ប្រចាំថ្ងៃ​ប៉ុណ្ណោះទេ គឺ​អ្នកស្រី​ក៏​ប្រឈម​ជំ​ពាក់​បណុល​ធនាគារ​ទ្វេដង​ផង​ដែរ ប្រសិន​វិស័យ​មួយ​នេះ​ពុំ​មានការយោគយល់​ក្នុង​ការ​សង​ត្រឡប់​ ពេល​អ្នកស្រី​អត់​ការងារ​ធ្វើ​នោះ។

អ្នកស្រី អ៊ឹ​ង សំណាង បន្ថែម​ថា៖ «អ៊ីចឹង ខ្ញុំ​ចង់​ឱ្យ​ខាង​ធនាគារ​មានការ​យោគយល់​ខ្លះ​ចំពោះ​កម្មករ​ដែល​អត់​ការងារ​ធ្វើដូចជា​ពួក​ខ្ញុំ​នេះ ចំពោះ​ការ​បង់​សង​ការប្រាក់ និង​បង់​សង​ត្រឡប់។ ឥលូវ ពួក​ខ្ញុំ​កំពុង​អត់​ការងារ​ធ្វើ ហើយ​លុយ​ក៏​អត់។ អត់​ម៉ា​ចប់ ហើយ​ប្រឈម​ច្រើនណាស់»។

ប្រធាន​រដ្ឋបាល​រោងចក្រ​ ប្រឹ​ភី​សឹស អ្នកស្រី គួច ដា​វី ប្រាប់​វី​អូ​ឌី​ថា ករណី​ថៅកែ​បញ្ឈប់​កម្មករ​ក្នុង​ចំនួន​ច្រើន​នេះ គឺ​ដោយសារ​គ្មាន​អ្នកបញ្ជា​ទិញ។ អ្នកស្រី​ថា ​រោងចក្រ​បាន​បញ្ឈប់​កម្មករ​ចំនួន​ជាង ២,៤០០នាក់ ហើយ​កម្មករ​បាន​ព្រមព្រៀង​ទទួល​សំណង​អស់ហើយ​កាលពី​ថ្ងៃទី២៥ ខែមេសា។

ប្រធាន​រដ្ឋបាល​រោងចក្រ​រូប​នេះ អះអាង​ថា រោងចក្រ​មិនបាន​បិទទ្វារ​នោះ​ទេ គឺ​គ្រាន់តែ​បញ្ឈប់​កម្មករ​មួយ​ផ្នែក​ប៉ុណ្ណោះ ហើយ​ថា នៅពេល​ការ​បញ្ជាទិញ​វិលត្រឡប់​មកវិញ​នោះ ខាង​រោងចក្រ​នឹង​ទូរសព្ទ​ហៅ​កម្មករ​ដែល​បាន​បញ្ឈប់​ទាំងនោះឱ្យ​ចូល​បម្រើការងារ​វិញ។

អ្នកស្រី​បន្ថែម​ថា៖ «ប្រសិនជា​មានការ​បញ្ជាទិញ​វិញ ហើយ​កូ​វីដ​ត្រូវ​បាន​បញ្ចប់ ហើយ​ខាង​អាមេរិក និង​សហភាព​អឺរ៉ុប​ទម្លាក់​ការ​បញ្ជាទិញ​វិញ ក្រុមហ៊ុន​នឹង​ជ្រើសរើស​ពួក​គាត់​មក​ធ្វើការងារ​វិញ ប៉ុន្តែ ឥឡូវនេះ​ យើង​អត់​អាច​កំណត់​បាន​ថា​ពេលណា​ទេ»។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មានប្រសាសន៍​ថា ការ​បិទទ្វារ​រោងចក្រ​ជាបន្តបន្ទាប់ និង​ការបញ្ឈប់​កម្មករ​ពី​ការងារ​ដូច​ពេលនេះ វា​ជា​សញ្ញា​មិនល្អ​មួយ​សម្រាប់​កម្មករ​វិស័យ​កាត់ដេរ។ 

មេ​សហជីព​រូប​នេះ បាន​លើកទឹកចិត្ត​ឱ្យថៅកែ​រោងចក្រ​ព្យួរការងារ ហើយ​ទូទាត់​ឱ្យ​កម្មករ​ទទួល​បាន ៧០ដុល្លារ ជាជាង​បញ្ឈប់​កម្មករ​ពី​ការងារ។ លោក អាត់ ធន់ ក៏​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យជួយ​កម្មករ​តាមរយៈ​ការជំរុញ​ឱ្យ​ក្រុមហ៊ុន ឬរោងចក្រ​ព្យួរការងារ​កម្មករ ជាជាង​បិទ​រោងចក្រ និង​ជំរុញ​ឱ្យគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​រួម​ទាំង​ធនាគារ ពន្យារពេល​ឱ្យ​កម្មករ​សងបំណុល​ទាំង​ថ្លៃដើម និង​ការប្រាក់​បណ្ដោះអាសន្ន​សិន។

លោក អាត់ ធន់ បន្ថែម​ថា៖ «ប្រសិនជា​ក្រុមហ៊ុន​មានលទ្ធភាព ឬរដ្ឋាភិបាល​ជជែក​ជាមួយ​ក្រុមហ៊ុន​បាន​ត្រឹមតែ​ព្យួរ ខ្ញុំ​គិតថា វា​ជា​រឿង​មួយ​ល្អ ដែល​បាន​បង់លុយ​ឱ្យ​គាត់ ៧០ដុល្លារ​ហ្នឹង។ ក្នុងករណី​ក្រុមហ៊ុន​បិទទ្វារ​ដោយក្រុម​ហ៊ុន​មិន​ដំណើរ​បាន អាហ្នឹង​ខ្ញុំ​គិតថា ត្រូវ​គុណ​លុយ​ឱ្យ​គេ​ទៅតាមច្បាប់ ៥ចំណុច​ហ្នឹង​ទៅ។ ប៉ុន្តែ យើង​មិន​លើកទឹកចិត្ត​ដាច់ខាត​ចំពោះ​ការបញ្ឈប់​កម្មករ​ដោយក្រុម​ហ៊ុន​មិនបាន​បិទ ហើយ​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​ដោយសារ​ការ​រើស​អើង​ផ្សេង​ៗ ព្រោះ​អាហ្នឹង​វា​ជា​ឥរិយាបថ​មិនល្អ​របស់​ក្រុមហ៊ុន»។

មេ​សហជីព​រូប​នេះ ឱ្យដឹង​ថា តាមផ្លូវ​ច្បាប់​ ពេល​ដែល​ក្រុមហ៊ុន​បញ្ឈប់​កម្មករ​ពី​ការងារ ​ត្រូវ​ទូទាត់​សំណង​ជូន​កម្មករ​ចំនួន ៥ចំណុច មាន​ប្រាក់ខែ​ចុងក្រោយ ប្រាក់សំណង​ជំងឺចិត្ត ប្រាក់​ជូនដំណឹង ប្រាក់​អតីតភាព​ការងារ និង​ប្រាក់ដំណាច់​ឆ្នាំ​ដែល​នៅ​សេសសល់។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​កាលពី​ម្សិលមិញ​នេះ អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​លោក ហេង សួរ ឱ្យដឹង​ថា មាន​រោងចក្រ​ជាង ១៣០ បាន​ដា​ក់​ពាក្យ​ព្យួ​រការងារ និង​ប៉ះពាល់​កម្មករ​ប្រហែល ១០ម៉ឺន​នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ