នគរបាល​គ្រោង​​ត្រួត​ពិនិត្យ​​បទ​ល្មើស​ចរាចរណ៍​​ជិត​​៦០០​ទីតាំង​​​នៅ​ទូទាំង​ប្រទេស​ពេល​ចាប់​ផ្ដើម​អនុវត្ត​ការ​ផាក​ពិន័យ​ថ្មី

ពលរដ្ឋធ្វើចរាចរណ៍តាមដងវិថីមួយកន្លែងក្នុងក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ មករា ២០២០)

មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​នឹង​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​ត្រួត​ពិនិត្យ​សរុប​ជិត ៦០០​ទីតាំង​នៅ​ទូទាំង​ប្រទេស​នៅ​ពេល​អនុក្រឹត្យ​ថ្មី​ស្ដី​ពី​ការ​ផាក​ពិន័យ​បទ​ល្មើស​ចរាចរណ៍ នឹង​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​នៅ​ដើម​ខែ​ក្រោយ​នេះ។

សមត្ថកិច្ច​កម្ពុជា​គ្រោង​ចាប់​ផ្ដើម​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ស្ដី​ពីការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​លើ​បទ​ល្មើស​ចរាចរណ៍​ផ្លូវ​គោក​ចាប់​ពី​ថ្ងៃ​ម៉ោង ១២​យប់​ឈាន​ចូល​ថ្ងៃ​ទី​១ ខែ​ឧសភា​ខាង​មុខ​នេះ។

អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​ប្រាប់​វីអូឌីនៅ​ល្ងាច​ថ្ងៃ​នេះ​ថា សមត្ថកិច្ច​នឹង​ដាក់​ពង្រាយ​កម្លាំង​សរុប ៣,៩១៦​រូប នៅ​តាម​គោលដៅ​​ត្រួត​ពិនិត្យ​​ចរាចរណ៍​សរុប ៥៦៨​​ទីតាំង​នៅ​ទូទាំង​ប្រទេស។

បើ​តាម​អនុក្រឹត្យ​ថ្មី អ្នកបើកបរ​ល្មើស​គំនូស​សញ្ញា ភ្លើង និង​ច្បាប់​ចរាចរណ៍ នឹង​ត្រូវ​មន្ត្រី​នគរបាល​ផាកពិន័យ​យ៉ាង​ទាប​បំផុត ៦ម៉ឺន​រៀល រហូតដល់​ចំនួន ៨០ម៉ឺន​រៀល​សម្រាប់​អ្នកបើកបរ​ទោចក្រយាន​យន្ត ឬម៉ូតូ។ សម្រាប់​អ្នកប្រើ​ប្រាស់​រថយន្ត ពួក​គេ​នឹង​ត្រូវ​រង​ការ​ផាក​យ៉ាង​ទាប​បំផុត ៧ម៉ឺន ៥ពាន់​រៀល រហូតដល់​ខ្ពស់​បំផុត ២លាន ៤សែន​រៀល។

ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ លោក ស ថេត បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​ជាង ១,២០០​រូប រួម​មាន​​មន្ត្រី​នគរបាល​ចរាចរណ៍ និង​កម្លាំង​អន្តរាគមន៍​ផង​ដែរ នឹង​ត្រូវ​ដាក់​ពង្រាយនៅ​តាម​គោលដៅ​ត្រួត​ពិនិត្យ​​ចរាចរណ៍​សរុប ៦១​ទីតាំង​នៅ​ទូទាំង​រាជ​ធានី​ភ្នំពេញ។

​លោក ស ថេត បន្ថែម​ថា សមត្ថកិច្ច​ចម្រុះ​នឹង​អនុវត្ត​ការ​ត្រួត​ពិនិត្យ​បទ​ល្មើស​ចរាចរណ៍​​ទាំង​ពេល​ថ្ងៃ ហើយ​នៅ​ពេល​យប់​ចន្លោះ​ពី​ម៉ោង ១១​យប់​ដល់​ម៉ោង ២​កន្លះ​​រំលង​អធ្រាត្រ។

លោក ស ថេត ប្រាប់​ថា​៖ «[អនុវត្ត​ពី]ម៉ោង ១១​[យប់]ដល់​ម៉ោង ២​កន្លះ [រំលង​អាធ្រាត្រ] ដោយសារ​ពួក​ហ្នឹង[អ្នក​បើក​បរ​យាន​យន្ត] ពេល​ស្រវឹង វា​ដើរ​លេង ហើយ​​គ្រោះ​ថ្នាក់​[ចរាចរណ៍]​វា​ច្រើន​តែ​ជួប​ពេល​ហ្នឹង ម៉ោង​ហ្នឹង គន្លាក់​ហ្នឹង​​ ភាគ​ច្រើន»

នៅ​ថ្ងៃនេះ​ផង​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ទៅ​ប្រជាពលរដ្ឋ ជាពិសេសយុវជន មុននឹង​បើកបរ​រថយន្ត ត្រូវ​មាន​បណ្ណ​បើកបរ​ពិតប្រាកដ​ត្រឹមត្រូវ។ រី​ឯរថយន្ត​វិញ ត្រូវ​បង់ពន្ធ និង​បង់ថ្លៃ​សេ​វា​ផ្សេង​ៗឱ្យ​បាន​ត្រឹមត្រូវ ​មុននឹង​បញ្ជា​យានយន្ត​នៅ​លើ​ដងផ្លូវ​សាធារណៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ