ប៉ុន្មានសប្តាហ៍បន្ទាប់ពីធនាគារជាតិចេញសេចក្តីណែនាំស្នើឱ្យស្ថាប័នហិរញ្ញវត្ថុពន្យារពេលដល់អ្នកខ្ចីដែលកំពុងជួបការលំបាក គ្រឹះស្ថានផ្ដល់កម្ចីខ្នាតតូចបាននិយាយថា ពួកគេកំពុងបន្ធូរបន្ថយសម្រាប់អតិថិជន ដែលរងផលប៉ះពាល់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ នៅលើផ្អែកតាមករណីនីមួយៗ។
ប៉ុន្តែ ក្រុមសង្គមស៊ីវិលចំនួន ១៣៥ស្ថាប័ន បាននិយាយកាលពីថ្ងៃចន្ទថា វិធានការណ៍របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) នឹងមិនផ្តល់ការបន្ធូរបន្ថយបំណុលឱ្យបានឆាប់រហ័សទេ។
សហជីព អង្គការសិទ្ធិមនុស្ស សហគមន៍មូលដ្ឋាន និងក្រុមដទៃទៀត បានអំពាវនាវទៅរដ្ឋាភិបាល និងធនាគារជាតិ ឱ្យបញ្ជាទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) ឱ្យពន្យាររាល់ការសងប្រាក់កម្ចី និងការប្រាក់យ៉ាងហោចណាស់ ៣ខែ ហើយប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជាទ្រព្យបញ្ចាំដល់កូនបំណុលវិញ ដើម្បីចៀសវាងការគំរាមកំហែងដល់សិទ្ធិកាន់កាប់ដីធ្លី និង «កម្ចីប្រថុយប្រថានបែបបន្ថែមទៀត» ដែលអាចនាំឱ្យមានការរំលោភសិទ្ធិមនុស្ស។
ក្រុមសង្គមស៊ីវិលដដែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានបង្ខំឱ្យលក់ដីរបស់ពួកគេ ដើម្បីសងប្រាក់កម្ចីក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចនេះទេ»។ ប្រទេសកម្ពុជាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង ៨០ ហើយដំណើរការនៃករណីនីមួយៗ នឹងមិនដំណើរការលឿនគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់កម្ចីចំនួន ២,៦លាននាក់ដែលត្រូវការជំនួយបន្ទាន់នោះទេ។
កាលពីថ្ងៃអង្គារ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(ហៅកាត់ថា CMA) និងសមាគមធនាគានៅកម្ពុជា (ហៅកាត់ថា ABC) បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបវិញ ដោយលើកឡើងថា ការទាមទាររបស់សង្គមស៊ីវិលមិនបានឆ្លុះបញ្ចាំងពីការពិត បង្ហាញ «ស្មារតីគ្មានការទទួលខុសត្រូវ» និងបង្កអន្តរាយដល់វិស័យធនាគារ និងហិរញ្ញវត្ថុ រួមទាំងការបន្ថយការជឿទុកចិត្តរបស់វិនិយោគិនទៅលើស្ថាប័នហិរញ្ញវត្ថុថែមទៀតផង។
CMA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដដែលថា អ្នកប្រើកម្ចីនៅតែអាចប្រើដីធ្លី ឬអចលនទ្រព្យផ្សេងទៀតរបស់ពួកគេ ខណៈដែលវាត្រូវបានដាក់ធ្វើជាជាទ្រព្យបញ្ចាំ។ ពួកគេនិយាយថា វាមិនត្រឹមត្រូវទេក្នុងការស្នើថា អ្នកខ្ចីត្រូវការប័ណ្ណកម្មសិទ្ធិរបស់ពួកគេដើម្បីធ្វើអាជីវកម្ម និងចោទប្រកាន់ក្រុមសង្គមស៊ីវិលថា មានគោលបំណងបំភាន់សាធារណជន។
អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុ នៅថ្ងៃអង្គារនេះ បានបង្វែរសំណួរទៅកាន់ធនាគារជាតិនៃកម្ពុជា ដែលមិនបានឆ្លើយតបទៅនឹងការស្នើសុំការអត្ថាធិប្បាយបន្ថែមតាមអ៊ីមែលនោះទេ។
កាលពីដើមខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើទៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឱ្យជួយដល់កម្មករ ដែលត្រូវបានគេបញ្ឈប់ពីការងាររបស់ពួកគេចំពេលមានការរាតត្បាតនៃវីរុសកូរ៉ូណា ដែលពន្យារពេលការទូរទាត់ប្រាក់កម្ចី។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគានៅកម្ពុជា នៅពេលនោះ បានសម្តែងការគាំទ្រចំពោះសំណើស្រដៀងគ្នានេះពីធនាគារជាតិនៃកម្ពុជា ដែលបានអំពាវនាវដល់អ្នកផ្តល់ប្រាក់កម្ចីឱ្យ «អនុវត្តភាពទន់ភ្លន់» ក្នុងការដោះស្រាយការទូរទាត់ប្រាក់កម្ចី។
នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាលោក ផល វ៉ានឌី បាននិយាយនៅថ្ងៃចន្ទនេះថា សមាគម និងសមាជិក បាននិងកំពុងធ្វើការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីសម្រាប់អតិថិជនដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការរំខានសេដ្ឋកិច្ច។ លោកបន្តថា វិធានការណនេះ គឺស្របតាមការណែនាំរបស់ធនាគារជាតិ។
លោក វ៉ាន់ឌី បានឱ្យដឹង តាមអ៊ីមែលថា៖ «ផលប៉ះពាល់នៃជំងឺនេះ បានធ្វើឱ្យប្រជាជនកម្ពុជាមួយចំនួនធំប្រឈមនឹងការបាត់បង់ការងារ និងប្រាក់ចំណូលថយចុះ»។
លោកបានបន្តថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗ មាននីតិវិធីផ្ទាល់ខ្លួន ដើម្បីដោះស្រាយបញ្ហាសម្រាប់អតិថិជន ដែលខុសគ្នាអាស្រ័យលើកម្រិតនៃផលប៉ះពាល់ពីជំងឺកូវីដ១៩។ លោកបានបន្ថែមថា ឧស្សាហកម្មនេះមិនអាចប្រើដំណោះស្រាយតែមួយសម្រាប់អតិថិជនគ្រប់រូបបានទេ។
កាលពីសប្តាហ៍មុន ប្រធាននាយកដ្ឋានទំនាក់ទំនងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បានប្រាប់ VOD ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាសមាជិករបស់សមាគម នឹងជួយអតិថិជន ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងការពន្យារពេលការសងប្រាក់ឬរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញ ដោយផ្អែកលើការវាយតម្លៃរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗលើលក្ខខណ្ឌរបស់អ្នកខ្ចី។
លោក តុងងី ពន្យល់ថា៖ «ករណីធ្ងន់ធ្ងររួមមានអតិថិជន ដែលមានប្រាក់ចំណូលតែមួយមុខ ដែលរងផលប៉ះពាល់ទាំងស្រុង។ ឧទាហរណ៍ ប្រសិនបើពួកគេធ្លាប់មានប្រាក់ចំណូល ៥០០ដុល្លារក្នុងមួយខែ ហើយបន្ទាប់មកវាបានថយចុះមកត្រឹម ១០០ដុល្លារ ពួកគេគ្មានលទ្ធភាពបង់ប្រាក់កម្ចីដូចធម្មតាទេ។ នៅពេលដែលប្រាក់ចំណូលរបស់ពួកគេថយចុះ ពួកគេអាចមកជួបគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលពួកគេបានខ្ចីប្រាក់ ដើម្បីរកវិធីសង ឬពន្យារពេលដោយផ្អែកលើសមត្ថភាពជាក់ស្តែងក្នុងការបង់ប្រាក់»។
ទោះយ៉ាងណា លោក តុងងី កត់សម្គាល់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនមានកាតព្វកិច្ចក្នុងការពន្យារពេលការទូទាត់របស់អ្នកខ្ចីឡើយ។
បែបនេះក្ដី លោកបានមានប្រសាសន៍ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងត្រូវបានបង្ខំឱ្យបន្ធូរបន្ថយបន្ទុកដល់អតិថិជនរបស់ពួកគេក្នុងពេលមានជំងឺរាតត្បាត ដើម្បីរក្សាបាននូវវិជ្ជាជីវៈ និងផលប្រយោជន៍ក្នុងការប្រកួតប្រជែង។ លោកបានបន្ថែមថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភាគច្រើន បានអនុវត្តតាមការណែនាំរបស់ធនាគារជាតិ ដែលកាលពីខែមុន បានណែនាំស្ថាប័នផ្តល់ប្រាក់កម្ចីឱ្យពិចារណាលើវិស័យសំខាន់ៗចំនួន ៤ នៃសេដ្ឋកិច្ចរបស់កម្ពុជាដូចជា សម្លៀកបំពាក់ ទេសចរណ៍ សំណង់ និងដឹកជញ្ជូន ដែលបានរងផលប៉ះពាល់ភាគច្រើនពីវិបត្តិសេដ្ឋកិច្ចសកល ក៏ដូចជាបុគ្គលជាប់បំណុល។
លោក តុងងី បានមានប្រសាសន៍ថា សមាជិកភាគច្រើនបានចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយ និងរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីសម្រាប់អតិថិជន ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺកូវីដ១៩ លើកលែងតែសមាជិកមួយចំនួនតូច ដែលអតិថិជនរបស់ពួកគេមិនរងផលប៉ះពាល់ខ្លាំង ហើយមិនបានស្នើសុំការសម្របសម្រួល។
នាយកប្រតិបត្តិនៃក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុវិថី លោក ប៊ុន មុនី បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុននឹងពិចារណាពន្យារពេលការទូទាត់ ឬរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញសម្រាប់អតិថិជនណា ដែលនិយាយថា ពួកគេត្រូវការជំនួយ ប៉ុន្តែ លោកបាននិយាយថា មានតែអ្នកខ្ចីពី ៥ ទៅ ១០នាក់ប៉ុណ្ណោះ ដែលបានស្នើសុំជំនួយកាលពីសប្តាហ៍មុន។
ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុវិថី មិនទាន់បានរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចី ឬការបង់ប្រាក់យឺតយ៉ាវទេរហូតមកដល់ពេលនេះ ប៉ុន្តែ លោក មុន្នី បាននិយាយថា ក្រុមហ៊ុនអាចនឹងចាប់ផ្តើមធ្វើចាប់ពីខែមេសា។
បន្ទាប់ពីការចេញសេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិលកាលពីថ្ងៃចន្ទ លោក មុនី បាននិយាយថា គាត់មានអារម្មណ៍ថា អ្នកនិពន្ធមិនបាន «យល់ពីសេដ្ឋកិច្ច» ទេ ប៉ុន្តែ លោកបានបដិសេធ ធ្វើអត្ថាធិប្បាយបន្ថែមឡើយ។
យោងតាមរបាយការណ៍ឆ្នាំ២០១៩ ពីអង្គការសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោត ស្ថាប័នទាំងពីរនេះគឺជាអ្នកទទួលស្គាល់សេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិលនោះ បំណុលដែលជំពាក់មីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបង្កឱ្យមាន «ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ» បង្ក «ការគំរាមកំហែងយ៉ាងខ្លាំង» ដល់ការកាន់កាប់ដីធ្លីរបស់គ្រួសារដែលជំពាក់បំណុលគេ និងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការលក់ដីធ្លី ការបង្ខំពលកម្មកុមារ ការធ្វើចំណាកស្រុកដោយបំណុល និងអសន្តិសុខស្បៀង។ មេដឹកនាំវិស័យហិរញ្ញវត្ថុ បានច្រានចោលសេចក្ដីសន្និដ្ឋានរបស់របាយការណ៍នោះ ដោយបានចាត់ទុកថា បាននិយាយហួសហេតុនៅពេលនោះ។
អម្រឹត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេមួយនៅកម្ពុជាគិតតាមទំហំឥណទាន បាននិយាយកាលពីសប្តាហ៍មុនថា ក្រុមហ៊ុនបានផ្តល់រយៈពេលអនុគ្រោះសងប្រាក់កម្ចីដោយស្វ័យប្រវត្តិក្នុងរយៈពេល ៣ខែសម្រាប់អតិថិជនឥណទានក្រុមចំនួន ១២ម៉ឺននាក់ដែលបានស្នើសុំជំនួយ។
ស្ថាប័នផ្ដល់កម្ចីមួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អតិថិជនកម្ចីជាក្រុម ភាគច្រើនជាកសិករខ្នាតតូច ដែលរស់នៅតាមជនបទ និងភាគច្រើនពឹងផ្អែកលើចំណែកនៃប្រាក់ចំណូលរបស់ពួកគេទៅលើសមាជិកគ្រួសារ ដែលធ្វើការនៅក្នុងរោងចក្រកាត់ដេររបស់ប្រទេស ដោយត្រូវបានគេមើលឃើញថាមានការរីករាលដាលយ៉ាងខ្លាំងដោយសារតែជំងឺរាតត្បាត»។
គ្រះស្ថានអម្រឹត និយាយថា អតិថិជនម្នាក់ៗ ដែលមានប្រាក់កម្ចីធំៗនឹងត្រូវបានផ្តល់ជូននូវជម្រើសក្នុងការសងប្រាក់វិញដោយផ្អែកលើ «ការវាយតំលៃករណីនីមួយៗ» រួមទាំងការទូទាត់ការការពារដោយផ្នែក ឬទាំងស្រុងចាប់ពីបីទៅប្រាំមួយខែ។
អ្នកនាំពាក្យគ្រឹះស្ថានអម្រឹត អ្នកនាង ង៉ៃ សុមាលា បាននិយាយតាមអ៊ីមែលថា ទំហំឥណទានឯកជន និងក្រុមរបស់អម្រឹត គឺមានទំហំ ៥០០ដុល្លារ និង ៤៨០០ដុល្លារ ។
នៅពេលសួរថា តើអ្នកខ្ចីប៉ុន្មាននាក់បានស្នើសុំរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញ ឬពន្យារពេលការទូទាត់ប្រាក់ចាប់តាំងពីដើមឆ្នាំមក អ្នកនាង សុមាលា បាននិយាយថា វាឆាប់រហ័សពេកក្នុងការនិយាយ ប៉ុន្តែ អម្រឹតវាយតម្លៃថា អតិជិនស្ថិតក្នុងក្រុមមានប្រាក់ចំណូលទាប និងអតិថិជនស្ថិតក្នុងក្រុមមានប្រាក់ចំណូលតូច ដែលមានចំនួន ១២ម៉ឺននាក់ គឺជាក្រុមដែលត្រូវការគាំទ្របំផុត។
អ្នកនាង សុមាលា បានបន្ថែមថា៖ «អាទិភាពរបស់យើង គឺគាំទ្រអតិថិជនឱ្យអាជីវកម្មរបស់ពួកគេរីកចម្រើន មិនមែនផ្តល់ប្រាក់កម្ចី ដែលពួកគេមិនមានលទ្ធភាពលៃលកសងត្រឡប់មកវិញនោះឡើយ»។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា ដែលជាអង្គការមួយផ្សេងទៀតដែលគាំទ្រសេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិល បាននិយាយកាលពីសប្តាហ៍មុនថា វិធានការណ៍របស់អ្នកផ្តល់ប្រាក់កម្ចីពិតជាមិនបានដោះស្រាយមូលហេតុនៃបំណុលរបស់កម្មករទេ ដោយកត់សម្គាល់ថា កម្មករទាំងអស់ដែលមានបំណុលរួមទាំងកសិករ នៅតែប្រឈមនឹងបន្ទុកហិរញ្ញវត្ថុ ដែលជាលទ្ធផលនៃជំងឺកូវីដ១៩ ទោះបីជាពួកគេអាចទាញយកអត្ថប្រយោជន៍ពីការទូទាត់យឺតយ៉ាវក៏ដោយ។
លោកបានមានប្រសាសន៍ថា៖ «រដ្ឋបានប្រកាសផ្តល់ប្រាក់ ៧០ដុល្លារក្នុងមួយខែដល់កម្មករដែលបានព្យួរ ប៉ុន្តែ ប្រសិនបើយើងក្រឡេកមើល ៧០ដុល្លារនោះ វាមិនអាចជួយពួកគេឱ្យសន្សំ និងសងធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុបានទេ។ ខ្ញុំគិតថា វាមិនមែនជាដំណោះស្រាយច្បាស់លាស់ទេ»។
កម្មករកាត់ដេរ ដែលជំពាក់ប្រាក់ បានប្រាប់វីអូឌីក្នុងខែនេះថា ពួកគេព្រួយបារម្ភពីការកាត់បន្ថយម៉ោងធ្វើការងារ ឬព្យួរកិច្ចសន្យាការងារ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដែលនឹងជះឥទ្ធិពលដល់លទ្ធភាពក្នុងការសងប្រាក់កម្ចី ជាអ្វីដែលពួកគេមានកង្វល់ច្រើនជាងការភ័យខ្លាចឆ្លងវីរុសកូរ៉ូណាទៅទៀត។
លោក Stephen Higgins ដៃគូគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាវិនិយោគ Mekong Strategic Partners ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ បាននិយាយថា ការផ្អាកបង់បំណុល គឺជា«សេចក្ដីសម្រេចដ៏សមស្រប»សម្រាប់អ្នកខ្ចី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខណៈដែលជម្រសើផ្សេងពីនេះ អាចជាការសងត្រឡប់កាន់តែយឺតយ៉ាវ និងបំណុលជាប់គាំងគ្មានសំណងត្រឡប់មកវិញតែម្ដង។
លោក Higgins បាននិយាយតាមអ៊ីមែលថា៖ «ការមិនឆ្លើយតបនឹងការសងប្រាក់កម្ចីក្នុងរយៈពេល ៣-៦ខែ នឹងកាត់បន្ថយសម្ពាធយ៉ាងច្រើនពីប្រជាជនដែលរងគ្រោះដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩ទៅលើសេដ្ឋកិច្ច»។
លោកក៏បានចង្អុលបង្ហាញពីការថយចុះដ៏សម្បើបនៃការប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់អ្នកខ្ចី និងការបង្កកការផ្ដល់ការប្រាក់ដូចទៅនឹងការអំពាវនាវដោយក្រុមសង្គមស៊ីវិល។
លោនបានមានប្រសាសន៍ថា៖ «ប្រសិនបើប្រជាជនចង់បានកម្ចីដោយដាក់ ប្លង់ដីធ្លីជាទ្រព្យតម្កល់ទុក ហើយទទួលបានការពន្យារបង់ប្រាក់សងត្រឡប់ទៅវិញនោះ ដូច្នេះ ពួកគេមិនមានហានិភ័យក្នុងការប្រឈមមុខនឹងការរឹបអូសទ្រព្យសម្បត្តិនោះឡើយ។ ខ្ញុំពិតជាមិនយល់ថាហេតុអ្វី គួរតែប្រគល់ប្លង់ដីធ្លីទៅវិញនោះ ឬក៏ប្លង់កម្មសិទ្ធិនោះអាចយកទៅធ្វើអ្វីកើត»។
លោក Higgins បានបន្ថែមទៀតថា៖ «លើសពីនេះ ប្រសិនបើគេប្រគល់ប្លង់កម្មសិទ្ធិឱ្យវិញមុនពេលទូទាត់បំណុលរួចរាល់នោះ វាបង្ហាញឱ្យឃើញថា យ៉ាងហោចណាស់ អ្នកខ្ចីមួយចំនួននឹងយកប្លង់កម្មសិទ្ធិនោះទៅខ្ចីប្រាក់បន្ថែមទៀត ជាពិសេសទទួលយកកម្ចីដែលមានអត្រាការប្រាក់កាន់តែខ្ពស់»។
លោក Higgins បាននិយាយថា លើសពីនេះទៀត វិស័យមីក្រូហិរញ្ញវត្ថុទាំងមូល នឹងត្រូវប្រឈមនឹងហានិភ័យ ប្រសិនបើមិនយកការប្រាក់សម្រាប់កម្ចីចន្លោះពី ៣ ទៅ ៦ខែនោះទេ ដោយលោកកត់សម្គាល់ថា ប្រជាជនកម្ពុជារាប់លាននាក់បានដាក់ប្រាក់សន្សំនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលយកប្រាក់បញ្ញើសន្សំ ហើយរំពឹងថា ប្រាក់បញ្ញើសន្សំរបស់ពួកគេមានសុវត្ថិភាព ហើយសម្រាប់មនុស្សជាច្រើនរំពឹងថា នឹងទទួលបានការប្រាក់ត្រឡប់ទៅវិញ ៕
រាយការណ៍បន្ថែមដោយលោក អ៊ូច សូនី
(ប្រែសម្រួលដោយកញ្ញា នីន សុផារី ពីអត្ថបទដើមនៅលើ VOD English)