អ្នកជំងឺរ៉ាំរ៉ៃដែលទទួលការព្យាបាលជាប្រចាំឬ ជួបពេទ្យតាមការណាត់ជាមួយពេទ្យថៃ និងវៀតណាម បង្ហាញការព្រួយបារម្ភថា ពួកគេអាចនឹងប៉ះពាល់ដល់អាយុជីវិតដោយសារមិនអាចទៅពិនិត្យនិងទទួលថ្នាំតាមការកំណត់របស់វេជ្ជបណ្ឌិតជំនាញព្រោះតែការបិទព្រំដែន។
ប្រជាពលរដ្ឋនៅខេត្តសៀមរាប អ្នកស្រី អ៊ុង សារាមី មានប្រសាសន៍ថា ម្ដាយរបស់អ្នកស្រីមានជំងឺរលាកថ្លើមធ្ងន់ធ្ងរដែលត្រូវព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃជាប្រចាំ។
អ្នកស្រី អ៊ុង សារាមី៖ គាត់កើតថ្លើមប្រភេទCអីចឹង នៅសៀមរាបហ្នឹងយើងទៅមន្ទីរពេទ្យហ្នឹងគេថាអត់មានលទ្ធភាពព្យាបាលក៏សម្រេចចិត្តទៅសុរិន្ទព្យាបាលទាល់គាត់ជាអស់មេរោគថ្លើមអស់អីអីចឹងហើយពោះគាត់ក៏ស្រកទៅ តែគាត់ត្រូវប្រើថ្នាំរហូត បានន័យថា នៅក្នុងមួយជីវិតគាត់ហ្នឹងត្រូវប្រើប្រាស់ថ្នាំ ហើយនៅនេះ(សៀមរាប)អត់មានថ្នាំ ខំដើររកទិញរកមើលដែរអត់មានថ្នាំហ្នឹង ជារៀងរាល់ខែត្រូវទៅយកថ្នាំនៅហ្នឹង(សុរិន្ទ)។
អ្នកស្រីបន្តថា ក្រុមគ្រួសារគាត់កំពុងបារម្ភពីស្ថានភាពជំងឺម្ដាយព្រោះតែមិនអាចទៅជួបពេទ្យតាមការកំណត់និងជិតអស់ថ្នាំលេប។
អ្នកស្រី អ៊ុង សារាមី៖ ខ្ញុំសំណូមពរឱ្យភាគីទាំងពីរខ្មែរថៃជួយសម្រួលឱ្យមានមធ្យោបាយឱ្យអ្នកជំងឺទទួលថ្នាំក៏បានដែរ ព្រោះយើងក៏បារម្ភរឿងកូវីដហ្នឹងដែរ។
ប្រជាពលរដ្ឋម្នាក់ទៀតនៅខណ្ឌដង្កោរាជធានីភ្នំពេញ ស្ត្រីវ័យជាង ៦០ឆ្នាំ អ្នកស្រី សែន សុផានី ថ្លែងប្រាប់វីអូឌីថា អ្នកស្រីមានជំងឺប្រចាំកាយរយៈពេលជិត ៥ឆ្នាំមកហើយ ដែលត្រូវចុះឡើងទៅព្យាបាលជំងឺនៅទីក្រុងហូជីម៉ិញ ប្រទេសវៀតណាម។ អ្នកស្រីបន្តថា ខ្លួនកំពុងបារម្ភខ្លាចស្លាប់ បើសិនជាមិនបានទៅជួបពេទ្យតាមការកំណត់។
អ្នកស្រីសែន សុផានី៖ ខ្ញុំឈឺតាំងពីឆ្នាំ២០១៥មក ខ្ញុំដេកកាល់ម៉ែត្រជាង១ខែ អស់លុយរាប់ពាន់មិនបានធូរ ទើបទៅស្រុកយួន។ នៅពេទ្យព្រៃនគរហ្នឹងគេមើលមួយអាទិត្យចេញពីពេទ្យវិញតែត្រូវលេបថ្នាំរហូត និងទៅជួបពេទ្យបីខែម្ដង ពាក់កណ្ដាលខែប្រាំនេះដល់ពេលជួបពេទ្យនិងអស់ថ្នាំហើយ ខ្ញុំកំពុងភ័យខ្លាចរឿងដាច់ថ្នាំហ្នឹង។
អ្នកប្រកបរបរជូនអ្នកជំងឺទៅរកសេវាព្យាបាលនៅប្រទេសថៃ ដែលសុំលាក់អត្តសញ្ញាណបានប្រាប់វីអូឌីថា ក្រុមការងាររបស់លោកបានទទួលសំណើជាច្រើនពីពលរដ្ឋទាក់ទង ទៅព្យាបាលនៅប្រទេសថៃក្នុងរយៈពេល១ខែចុងក្រោយនេះ ប៉ុន្តែក្រុមការងារមិនអាចជួយពួកគាត់បានឡើយ។
បុរសលាក់អត្តសញ្ញាណ៖ ឃើញមានតែផ្ញើថ្នាំផ្ញើអីមកហ្នឹងទេ អត់បានចេញចូលអីហ្នឹងតាមហ្នឹងតាំងពីបិទហ្នឹងមក គេឆែកឆេរតឹងរឹង ។
លោកថា ស្ថានភាពកូវីដនេះពិតជាបង្កការលំបាកខ្លាំងចំពោះអ្នកជំងឺដែលត្រូវជួបផ្ទាល់ជាមួយពេទ្យ។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍ថា មុនមានកូវីដ១៩នេះយើងមានអនុស្សារណៈយោគយល់គ្នាជាមួយភាគីបរទេស ក្នុងការព្យាបាលជំងឺ ប៉ុន្តែក្រោយកូវីដផ្ទុះជារឿងមួយផ្សេងទៀត ដែលពលរដ្ឋមិនអាចទៅព្យាបាលនៅបរទេសបានទៀតទេ។
លោក លី សូវ៉ាន់៖ សូមបងប្អូនយកឯកសារពិនិត្យព្យាបាលទាំងអស់នោះទៅជួបគ្រូពេទ្យបង្ហាញគ្រូពេទ្យ ក្នុងស្រុកពេទ្យយើងព្យាបាលបានដូចគ្នាទេ។ យើងអត់ទាន់មានកិច្ចព្រមព្រៀងអីថ្មីនៅឡើយ បើទៅដល់ស្រុកគេ គេដាក់យើងដាច់ដោយឡែក១៤ថ្ងៃ នាំឱ្យប៉ះពាល់សុខភាពយើងទៅវិញទេ យកល្អគួររកការផ្ដល់សេវាក្នុងស្រុកវិញ។
កាលពីចុងឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងជាសាធារណៈដោយអំពាវនាវ ឱ្យប្រជាពលរដ្ឋងាកមករកសេវាព្យាបាលនៅក្នុងប្រទេស។ លោកលើកឡើងថា រាជរដ្ឋាភិបាលខិតខំអភិវឌ្ឍន៍វិស័យសុខាភិបាល ពង្រឹងគុណភាពសេវាព្យាបាល ដោយរំពឹងថា ពលរដ្ឋខ្មែរដែលនិយមព្យាបាលនៅក្រៅប្រទេសនឹងត្រលប់មកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងស្រុកវិញ។
របាយការណ៍របស់ក្រសួងទេសចរណ៍ឆ្នាំ២០១៨ បង្ហាញថា ប្រជាជនកម្ពុជា ប្រមាណ១លាន៧សែននាក់ នៅឆ្នាំ២០១៧ បានធ្វើដំណើរទៅបរទេស ក្នុងគោលបំណងពិនិត្យ ព្យាបាលជំងឺ និងសម្រាប់វិស្សមកាល។ ពលរដ្ឋខ្មែរភាគច្រើន ធ្វើដំណើរទៅកាន់ប្រទេសថៃ សិង្ហបុរីនិងវៀតណាម។
កាលពី ខែមិថុនា ឆ្នាំ២០១៨ នាយកផ្នែកសុខាភិបាលអន្ដរជាតិនៃក្រសួងសុខាភិបាលសាធារណៈរបស់ថៃ លោកស្រី សៅវ៉ាផា ចុងគីទិពង្ស (Saowapa Jongkitipong) បានបង្ហាញរបាយការណ៍ថា ប្រទេសថៃទទួលបានប្រជាជនកម្ពុជាចំនួនប្រមាណជាង ២២ម៉ឺននាក់ មកពិនិត្យនិងព្យាបាលជំងឺនៅប្រទេសថៃ ដែលមានកំណើនប្រមាណជាង ១០% ធៀបនឹងឆ្នាំ២០១៧។
វីអូឌី មិនអាចស្វែងរកតួរលេខអ្នកទៅព្យាបាលជំងឺនៅវៀតណាម និងប្រទេសដ៏ទៃទៀតបាននៅឡើយនៅថ្ងៃនេះ។
ប្រទេសវៀតណាម និងកម្ពុជាសម្រេចបិទព្រំដែន មិនអោយទេសចរឆ្លងកាត់ជាស្ថាពរកាលពីយប់ ថ្ងៃទី២០ ខែមីនា ខណៈដែលថៃ និងកម្ពុជាបិទព្រំដែនមិនអោយមនុស្សឆ្លងកាត់ត្រឹមថ្ងៃទី២៦ ខែមីនា ក្នុងបំណងទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩៕