មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អះអាងថា អ្នកឆ្លងជំងឺកូវីដ១៩ ចំនួនពីរនាក់ ដែលបន្តស្ថិតក្រោមការព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យនៅតាមខេត្តនៅឡើយនោះ មានសុខភាពល្អធម្មតា បើទោះបីជាធ្វើតេស្តជាង ១០ដង ហើយនៅតែរកឃើញមានផ្ទុកវីរុសកូរ៉ូណាក៏ដោយ។
ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ថ្លែងថា ប្រជាពលរដ្ឋខ្មែរពីរនាក់ ដែលឆ្លងជំងឺកូវីដ១៩ គឺម្នាក់អាយុ ៣៦ឆ្នាំ នៅខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតអាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង គឺស្ថិតនៅក្នុងចំណោមពលរដ្ឋផ្សេងទៀតដែលវិលត្រឡប់ពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី។
លោក សូវ៉ាន់ បញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកជំងឺទាំងពីរនាក់នោះ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក រីឯសុខភាពនៅល្អធម្មតា បើទោះបីជាក្រុមគ្រូពេទ្យជំនាញយកកំហាកទៅធ្វើតេស្តជាង ១០ដង នៅតែទទួលបានផលវិជ្ជមានក៏ដោយ។
លោក លី សូវ៉ាន់ ថ្លែងថា៖ «នៅកំពង់ឆ្នាំង វ័យគាត់ចាស់ដែរ គាត់អាយុ ៧៥ឆ្នាំ ដែលគាត់ធ្វើដំណើរមកពីប្រទេសម៉ាឡេ ដែលគាត់វិជ្ជមាននៃជំងឺកូវីដ១៩នេះ ហើយគាត់មិនអាចចេញក្រៅទេ ដោយសារគាត់នៅតែបន្តវិជ្ជមានបន្តទៀត ហើយសុខភាពរបស់គាត់នៅល្អ តែឯកឧត្តមសាស្ត្រាចារ្យ [លោក ម៉ម ប៊ុនហេង] យើងបានបញ្ជូនជំនាញដើម្បីធ្វើម៉េច ដើម្បីឱ្យគាត់ឆាប់ជា ហើយសុខភាពគាត់ទាំងពីរអត់អីទេបាទ»។
ទោះជាបែបនេះក្តី លោកអះអាងថា ក្រសួងសុខាភិបាលកំពុងរៀបចំបញ្ជូនអ្នកជំងឺទាំងពីរនាក់នោះមកព្យាបាលនៅរាជធានីភ្នំពេញវិញ នាពេលឆាប់ៗខាងមុខនេះផងដែរ។
ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកស្រីវេជ្ជបណ្ឌិត លី អៃលីន (Dr. Li Ailan) មានប្រសាសន៍តាមរយៈអ្នកបកប្រែជាភាសាខ្មែរថា ទោះជាកម្ពុជាព្យាបាលអ្នកឆ្លងកូវីដ១៩ ជាសះស្បើយបាន ១២០នាក់ក៏ដោយ ប៉ុន្តែ លោកស្រីថា បើបញ្ហាជំងឺកូវីដនៅលើពិភពលោកនៅតែបន្តកើតមាន នោះកម្ពុជា គឺជាប្រទេសដែលងាយនឹងផុយស្រួយឆ្លងជំងឺកូវីដ១៩នេះផងដែរ។
លោកស្រី លើកទឹកចិត្តឱ្យក្រសួង និងប្រជាពលរដ្ឋ ត្រូវសហការគ្នា ចេះអនាម័យ រក្សាគម្លាតឆ្ងាយពីគ្នាតាមការណែនាំរបស់ក្រសួង ដើម្បីរួមចំណែកទប់ស្កាត់ជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយសារបច្ចុប្បន្ននេះ ពិភពលោកមិនទាន់រកឃើញវ៉ាក់សាំង និងថ្នាំកម្ចាត់ជំងឺនេះបាននៅឡើយ។
លោកស្រីវេជ្ជបណ្ឌិតនិយាយថា៖ «នាងខ្ញុំចង់ជម្រាបថា ស្ថានភាពបច្ចុប្បន្ន សម្រាប់ជំងឺកូវីដ១៩ នៅលើពិភពលោកនេះ គឺនៅមានក្នុងរយៈពេលឆ្ងាយណាស់ក្នុងការបញ្ចប់ ហើយដរាបណាប្រទេសផ្សេងៗនៅក្នុងពិភពលោកនៅតែមានបញ្ហាផ្ទុះជំងឺកូវីដ១៩នេះ ប្រទេសកម្ពុជានៅតែប្រឈមមុខដដែល»។
លោក លី សូវ៉ាន់ អះអាងថា បច្ចុប្បន្ននេះ ចំនួនអ្នកធ្វើតេស្ត និងការហៅទូរសព្ទឱ្យជួយប្រឹក្សាយោបល់តាមរយៈលេខទូរសព្ទ ១១៥ ក៏បានថយចុះច្រើនជាងមុនដែរ បន្ទាប់ពីកម្ពុជាបានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ បានចំនួន ១២០នាក់ជាសះស្បើយ និងនៅសល់តែពីរនាក់ទៀត។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី៣ ខែឧសភា កាលពីម្សិលមិញនេះ ក្រសួងរកមិនឃើញអ្នកឆ្លង និងអ្នកជាសះស្បើយជំងឺកូវីដ១៩នោះទេ ខណៈបច្ចុប្បន្ន អ្នកជាសះស្បើយសរុបចំនួន ១២០នាក់។
កម្ពុជាបានប្រកាសពីការរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ១២២នាក់ ចាប់តាំងពីចុងខែមករាមក ក្នុងនោះមានពលរដ្ឋកម្ពុជា ៥១នាក់ និងជនបរទេស ៧១នាក់។ ក្នុងចំណោមអ្នកឆ្លង ១២២នាក់ ត្រូវបានគ្រូពេទ្យព្យាបាលជាសះស្បើយចំនួន ១២០នាក់ ហើយនៅសល់ ២នាក់(បុរសម្នាក់ និងស្ត្រីម្នាក់) ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋថ្នាក់ខេត្ត៕