សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) អះអាងថា កម្មករប្រមាណជិត ២០ម៉ឺននាក់ នឹងត្រូវព្យួរការងារ ប្រសិនបើនៅតែគ្មានការបញ្ជា។
ក្នុងលិខិតអំពាវនាវមួយទៅអ្នកបញ្ជាទិញ ចុះថ្ងៃទី៤ ខែឧសភា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែឧសភា មានរោងចក្រ ១៨០ បានព្យួរការងារហើយរោងចក្រប្រមាណ ៦០ទៀត កំពុងឈានទៅរកការព្យួរការងារដែរ និងប៉ះពាល់កម្មករជាង ១៥ម៉ឺននាក់ ដោយសារតែគ្មានការបញ្ជាទិញ។
សមាគមមួយនេះ លើកឡើងថា ការព្យួរការងារបណ្តោះអាសន្នរហូតមកដល់ពេលនេះ ដោយមិនដឹងច្បាស់លាស់ថា នឹងបន្តការងារវិញពេលណានោះទេ ខណៈដែលកម្មករជិត ២០ម៉ឺននាក់ទៀត នឹងត្រូវព្យួរការងារនាពេលខាងមុខឆាប់ៗនេះ ហើយថា ការព្យួរការងារកម្មករក្នុងចំនួនច្រើននោះ នឹងធ្វើឱ្យប៉ះពាល់ដល់សមាជិកគ្រួសារប្រមាណ ២លាននាក់ថែមទៀត ដែលរស់ពឹងផ្អែកលើពួកគេ។
GMAC បានអំពាវនាវទៅអ្នកបញ្ជាទិញទាំងអស់ត្រូវគោរពលក្ខខណ្ឌ ដោយទូទាត់ប្រាក់ជំពាក់សម្រាប់ទំនិញដែលបានទទួលរួចហើយ និងប្រាក់ទំនិញដែលកំពុងដឹកទៅឱ្យអ្នកបញ្ជាទិញផងដែរ។
កាលពីថ្ងៃទី២៣ ខែមេសា សហជីពចំនួន ១០ បានដាក់សំណើមួយទៅតំណាងអ្នកបញ្ជាទិញផលិតផលម៉ាកពីកម្ពុជា ឱ្យជួយដោះស្រាយបញ្ហាប្រឈមជូនកម្មករ ខណៈដែលវិស័យកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជា បានជួបវិបត្តិផ្ទួនៗបណ្ដាលមកពីការរីករាលដាលនៃវីរុសកូវីដ១៩ និងការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» (EBA) ២០ភាគរយរបស់សហភាពអឺរ៉ុប។
ក្រុមសហជីព បានស្នើឱ្យអ្នកបញ្ជាទិញបង់ប្រាក់ភ្លាមៗរាល់ការបញ្ជាទិញទំនិញពីកម្ពុជា ដើម្បីការពារប្រាក់ឈ្នួលជូនកម្មករ ៤០ភាគរយ អំឡុងពេលផ្អាក ឬព្យួរការងារ ហើយត្រូវបើកកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយក្នុងការបន្ធូរបន្ថយការផ្អាកការងារ និងការពារសុវត្ថិភាព រួមទាំងផ្តួចផ្តើមពិភាក្សាពីគុណភាពការងារវាយតម្លៃលើស្ដង់ដាររោងចក្រជាដើម។
ប្រធានសម្ព័ន្ធសហជីពស៊ីខៅឌូ លោក គង់ អាទិត្យ មានប្រសាសន៍ថា តាមកាតព្វកិច្ចផ្លូវច្បាប់ គឺរដ្ឋាភិបាល និយោជក អ្នកបញ្ជាទិញ និងសហជីព ត្រូវតែចូលរួមដោះស្រាយវិបត្តិរបស់កម្មករពេលពួកគេអត់ការងារធ្វើ ដោយមិនអាចមានភាគីណាមួយគេចវេសមិនទទួលបានឡើយ។
ប្រធានសម្ព័ន្ធសហជីពរូបនេះ បានទាមទារទៅភាគីពាក់ព័ន្ធទាំងអស់ ត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយជូនកម្មករដែលកំពុងជួបវិបត្តិអត់ការងារធ្វើនេះ។
លោកបន្ថែមថា៖ «ភាគីទាំងអស់ត្រូវបំពេញកាតព្វកិច្ចផ្លូវច្បាប់ ដើម្បីឧបត្ថម្ភប្រាក់ព្យួរការងារដល់កម្មករឱ្យមានគុណភាពខ្ពស់។ បើសិនជាព្យួរការងារលើសពីពីរខែ វាបន្តទៅ៣ ឬ៤ ឬ៥ ឬ៦ខែ យើងត្រូវបង្កើតមូលនិធិ ដោយសហការជាមួយអ្នកបញ្ជាទិញដើម្បីអាចជួយដល់កម្មករ។ អីចឹងភាគីទាំងអស់មិនគួរគេចវេសដកខ្លួនចេញពីវិបត្តិនេះទេ។ បើយើងដកខ្លួន ហើយកេងចំណេញនៅក្នុងវិបត្តិនេះ គឺយើងបន្តឱ្យមានជម្លោះ ហើយបន្តឱ្យមានការបែកបាក់។ ហើយមិនអាចស្តារឡើងវិញនូវប្រព័ន្ធឧស្សាហកម្ម និងសិទ្ធកម្មករល្អ សម្រាប់ប្រទេសជាតិយើងទេ»។
កាលពីថ្ងៃទី១ ខែឧសភា ក្រុមសហជីពមកពីវិស័យផ្សេងៗ បានដាក់លិខិតមួយទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីទាមទារឱ្យរដ្ឋាភិបាលរក្សាការផ្តល់ប្រាក់ឈ្នួលគោលប្រចាំខែយ៉ាងតិច ៦០ភាគរយ ជូនកម្មករ ដោយរដ្ឋាភិបាលចេញ ២០ភាគរយ និងនិយោជក ៤០ភាគរយ នៃប្រាក់ឈ្នួលរបស់កម្មករគ្រប់វិស័យ នៅអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។
កាលពីថ្ងៃទី៧ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា អំឡុងពេលព្យួរការងារ កម្មករទទួលបានប្រាក់ ៧០ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដោយក្នុងនោះ រដ្ឋាភិបាលរួមចំណែក ៤០ដុល្លារ ហើយថៅកែរោងចក្រត្រូវចេញ ៣០ដុល្លារ ប៉ុន្តែ សហជីពថា ប្រាក់ ៧០ដុល្លារនេះ មិនអាចផ្តត់ផ្គង់ជីវភាពគ្រួសារបានគ្រប់គ្រាន់ឡើយ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ប្រាប់វីអូឌីតាមប្រព័ន្ធ Telegram នៅថ្ងៃនេះថា កម្មករដែលព្យួរការងារអាចប្រើប្រាស់សេវាបេឡាជាតិរបបសន្តិសុខសង្គមបានដដែល ខណៈកម្មករដែលត្រូវបានបញ្ចប់កិច្ចសន្យាការងារគឺអាចប្រើប្រាស់បានរយៈពេល ២ខែក្រោយពេលរោងចក្របិទ។
បញ្ហាអត់ការងារធ្វើ និងប្រឈមខ្វះខាតក្នុងជីវភាពគ្រួសារនោះ មិនមែនតែកម្មករនោះទេ គឺពលករជាង ៨ម៉ឺននាក់ដែលទើបត្រឡប់ពីក្រៅប្រទេស ក៏ប្រឈមអត់ការងារធ្វើ និងប្រឈមខ្វះខាតក្នុងជីវភាពគ្រួសារដែរ។
កាលពីថ្ងៃទី២២ ខែមេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង លើកឡើងថា ពលករមកពីក្រៅប្រទេស ពិសេសប្រទេសថៃ មានចំនួនប្រមាណ ៨ម៉ឺន ៥ពាន់នាក់ គឺភាគច្រើនពួកគេអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ខណៈពលករខ្មែរទាំងនោះរំពឹងត្រឡប់ទៅធ្វើការងារនៅស្រុកថៃវិញក្រោយចប់បុណ្យចូលឆ្នាំ។ ប៉ុន្តែ ប្រទេសទាំងពីរបានរឹតបន្តឹងការឆ្លងកាត់តាមព្រំដែន ពិសេសថៃកំពុងរាតត្បាតជំងឺកូវីដ១៩ ក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ រហូតដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយមិនទាន់កំណត់ពេលបើកវិញនៅឡើយ។
បញ្ហាមេរោគកូវីដ ១៩ បច្ចុប្បន្ន ក៏កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកធ្វើការងារក្នុងវិស័យទេសចរណ៍ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ វិស័យសេវាកម្សាន្ត និងវិស័យកសិកម្ម ជាដើម។
ទិន្នន័យដែលផ្តល់ដោយក្រសួងពាណិជ្ជកម្មកាលពីពាក់កណ្ដាលខែកុម្ភៈនេះ ឱ្យដឹងថា គិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៩ កម្ពុជាមានរោងចក្រសរុបប្រមាណជាង ១ ៥០០រោងចក្រនៅទូទាំងប្រទេស ដោយផ្ដល់ការងារដល់កម្មករជាង ៨០ម៉ឺននាក់ ដែលភាគច្រើនលើសលប់ជាស្ត្រី៕