កម្មករជាង ២០០នាក់ បម្រើការងារនៅរោងចក្រ ហ៊ូលូ (HULU Garment Factory) ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្នើបញ្ជូនសំណុំរឿងរបស់ពួកគេទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយបន្ត ក្រោយពីការដោះស្រាយនៅក្រសួងការងារមិនឈានទៅដល់ចំណុចឯកភាពគ្នា។
កាលពីថ្ងៃទី២៨ ខែមេសាកន្លងមកនេះ កម្មករ ២២៤នាក់ បម្រើការងារនៅរោងចក្រ ហ៊ូលូ បាននាំគ្នាផ្តិតមេដៃប្តឹងទៅក្រសួងការងារឱ្យជួយដោះស្រាយវិវាទរបស់ពួកគេ ដោយចោទថា ថៅកែរោងចក្រមួយនេះ បញ្ឈប់ពួកគេពីការងារទាំងមិនបានផ្ដល់សំណងតាមផ្លូវច្បាប់។
កំណត់ហេតុនៃការផ្សះផ្សាវិវាទការងាររួម ចុះថ្ងៃទី៧ ខែឧសភា ដែលវីអូឌីទទួលបាន បង្ហាញថា ការសម្របសម្រួលពីមន្ត្រីក្រសួងការងារជាមួយតំណាងកម្មករ និងតំណាងក្រុមហ៊ុននៅថ្ងៃនេះ មិនបានឈានទៅរកដំណោះស្រាយឡើយ ហើយកម្មករស្នើបញ្ជូនសំណុំរឿងនេះទៅដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្តាលបន្តទៀត។
កំណត់ហេតុបានបញ្ជាក់ថា ចំណុចដែលមិនឯកភាពគ្នានោះ គឺកម្មករទាមទារទៅថៅកែឱ្យទូទាត់ប្រាក់ជូនដំណឹងមុន ប្រាក់បណ្តេញចេញពីការងារ និងប្រាក់សំណងជំងឺចិត្ត ប៉ុន្តែ ភាគីថៅកែបដិសេធផ្តល់សំណងតាមការទាមទារនេះទេ។
ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត ដែលចូលរួមដោះស្រាយជាមួយកម្មករនៅទីស្តីការក្រសួងនៅថ្ងៃនេះ ប្រាប់ថា ករណីថៅកែបញ្ឈប់កម្មករពីការងារនោះ គឺមិនបានជូនដំណឹងត្រឹមត្រូវតាមផ្លូវច្បាប់ឡើយ។
មេដឹកនាំសហជីពរូបនេះ បន្តទៀតថា ភាពខ្វែងគំនិតគ្នាមួយទៀតនោះ គឺកម្មករអះអាងថា ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ថៅកែមិនទាន់បានទូទាត់ប្រាក់អតីតភាពការងារជូនពួកគេទេ។
លោកបន្ថែមថា៖ «ទាក់ទងករណីនេះ យើងទាមទារឱ្យបញ្ជូនសំណុំរឿងទៅដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្តាលបន្ត ដោយសារតែការជូនដំណឹងរបស់ថៅកែហ្នឹង គឺអត់ធ្វើទៅតាមនីតិវិធីច្បាប់។ ហើយអ្វីដែលយើងជជែកខ្វែងគំនិតគ្នាទៀតនោះ គឺនៅចន្លោះពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ខាងភាគីរោងចក្រគាត់ថា បានសងលុយទៅកម្មកររួចហើយ ប៉ុន្តែ ខាងកម្មករថា ខាងរោងចក្រមិនទាន់បានសងទៅកម្មករទេ។ អ៊ីចឹង ដោយសារតែនិយាយមិនត្រូវគ្នា យើងស្នើបន្តនីតិវិធីបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅ»។
កម្មការិនីម្នាក់ អ្នកស្រី យី សុគន្ធា ដែលអះអាងថា បម្រើការងារនៅរោងចក្រ ហ៊ូលូ អស់រយៈពេល ១៥ឆ្នាំមកហើយនោះ និយាយថា ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ គឺអ្នកស្រីមិនទាន់ទទួលបានការទូទាត់ប្រាក់អតីតភាពការងារនៅឡើយទេ។ អ្នកស្រីសង្ឃឹមថា ក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងផ្តល់យុត្តិធម៌សម្រាប់អ្នកស្រី និងកម្មករផ្សេងទៀតដែលកំពុងរង់ចាំដំដោះស្រាយ។
អ្នកស្រីបន្ថែមថា៖ «យើងជួបបញ្ហាច្រើនដោយសារបញ្ហាជំងឺកូវីដ អ៊ីចឹង យើងពិបាករកការងារកន្លែងថ្មីធ្វើ ការចាយវាយ។ បើយើងនៅធ្វើការងារ យើងផ្គត់ផ្គង់ជីវភាពគ្រប់គ្រាន់ ដល់ពេលយើងបាត់បង់ការងារ ការចាយវាយក៏មានការខ្វះខាតដែរ។ ខ្ញុំសូមសំណូមពរទៅខាងអាជ្ញាកណ្តាល ជួយដោះស្រាយដល់ពួកខ្ញុំជាកម្មករដែលខាងរោងចក្របញ្ឈប់ពួកខ្ញុំដោយមិនបានគោរពតាមច្បាប់ការងារ»។
ប្រធានរដ្ឋបាលរោងចក្រ ហ៊ូលូ លោក ជ័យ សុរ័ត្ន ប្រាប់ថា រោងចក្រ ហ៊ូលូ មិនបានបិទទ្វារនោះទេ។ លោកថា ករណីរោងចក្របញ្ឈប់កម្មករ និងព្យួរការងារកម្មករកន្លងមកនេះ ដោយសារខ្វះវត្ថុធាតុដើមសម្រាប់ដំណើរការផលិត និងគ្មានអ្នកបញ្ជាទិញ។
ប្រធានរដ្ឋបាលរោងចក្ររូបនេះបន្តថា ករណីកម្មករបន្តប្តឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលនោះ វាជាសិទ្ធិរបស់កម្មករ ដោយថា កម្មករដែលត្រូវបានបញ្ឈប់នោះ គឺក្រុមហ៊ុនបានដោះស្រាយតាមច្បាប់រួចរាល់ហើយ ដោយទទួលបានប្រាក់ខែចុងក្រោយ ប្រាក់ជូនដំណឹង ១៥ថ្ងៃ ប្រាក់ដំណាច់ឆ្នាំ និងប្រាក់ដំណាច់អតីតភាពការងារ។
លោកបន្ថែមថា៖ «អាហ្នឹងជាសិទ្ធិរបស់ពួកគាត់ ព្រោះខាងដោះស្រាយវិវាទ គាត់បានផ្សះផ្សាដែរ ប៉ុន្តែ គាត់ថា មិនត្រូវ ហើយខាងក្រសួងគេបានពន្យល់ហើយពាក់ព័ន្ធបញ្ហាហ្នឹង។ ប៉ុន្តែ គាត់នៅតែទាមទារចំណុចផ្សេងទៀត ខ្ញុំមិនយល់ដែរ»។
វីអូឌីមិនអាចសុំការបញ្ជាក់ពីតំណាងក្រសួងការងារបានទេ ថាតើសំណុំរឿងនេះនឹងបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលពេលណាបាននោះ។
បើតាមអ្នកស្រី យី សុគន្ធា រោងចក្រ ហ៊ូលូ (HULU Garment Factory) មានកម្មករជាង ១ពាន់នាក់ ប៉ុន្តែ ត្រូវបានថៅកែព្យួរ និងបញ្ឈប់ពីការងារអស់ជាង ៥០០នាក់ហើយ ក្រោមហេតុផលគ្មានអ្នកបញ្ជាទិញ និងខ្វះវត្ថុធាតុដើម។
កាលពីខែមេសាកន្លងមក កម្មករជាង ២០០នាក់ នៅរោងចក្រ ហ៊ូលូ បានផ្ទុះការតវ៉ាជាបន្តបន្ទាប់ ដោយចោទថា ថៅកែរោងចក្រនេះបានក្លែងបន្លំលិខិតបញ្ឈប់ពួកគេពីការងារខុសនីតិវិធី និងមិនបានដោះស្រាយសំណងតាមច្បាប់ជូនពួកគេ។
ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត ឱ្យដឹងថា តាមលោកគណនាបឋម គឺថៅកែរោងចក្រ ហ៊ូលូ នៅជំពាក់សំណងកម្មករក្នុងម្នាក់ប្រហែល ៣ពាន់ដុល្លារ៕