ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់​​ផ្ដល់​ពាន​ «សេរីភាព​បញ្ចេញ​មតិ» ​ដល់​លោក សុវណ្ណ រិទ្ធី

លោក សុវណ្ណ រិទ្ធី និពន្ធនាយក​​នៃសារព័ត៌មាន​ TVFB ត្រូវបានប៉ូលីសនាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)

អ្នក​សារព័ត៌មាន​កម្ពុជា​ម្នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោយ​សម្រង់​សម្ដី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ ត្រូវ​បាន​ផ្ដល់​ពាន ​​​«សេរីភាព​បញ្ចេញ​មតិ»​ ដោយ​ស្ថាប័ន​លើក​ស្ទួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់។

និពន្ធ​នាយក​សារព័ត៌មាន TVFB លោក សុវណ្ណ រិទ្ធី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា​កន្លង​មក ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ ក្រោយ​ពី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​ពី​បទ ​«ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍»

សារព័ត៌មាន​អនឡាញ​របស់​លោក ក៏​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​សម្រេច​ដក​ហូត​អាជ្ញា​ប័ណ្ណ​ភ្លាមៗ​ផងដែរ ក្រោយ​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន។

សារព័ត៌មាន Deutsche Welle (DW) របស់​អាល្លឺម៉ង់ បាន​ចុះ​ផ្សាយ​ថា លោក សុវណ្ណ រិទ្ធី គឺ​ស្ថិត​ក្នុង​ចំណោម​អ្នកសារព័ត៌មាន​ ១៧​រូប ​នៅ​តាម​បណ្ដា​ប្រទេស​ចំនួន ១៤ ដែល​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​ពាន «សេរីភាព​បញ្ចេញ​មតិ»

អគ្គ​នាយក​ DW លោក Peter Limbourg ត្រូវ​បាន​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា ពាន​«សេរីភាព​បញ្ចេញ​មតិ»​ឆ្នាំ​២០២០​នេះ ត្រូវ​បាន​ផ្ដល់​ជូន​ទៅ​ដល់​អ្នកសារព័ត៌មាន​​ប្រកប​ដោយ​សេចក្ដី​ក្លាហាន​ទាំង​អស់​នៅ​ទូទាំង​ពិភព​លោក ដែល​ពួកគេ​​រង​ការ​បង្ក្រាប​ដោយសារ​តែ​បាន​​ធ្វើ​សេចក្ដី​រាយការណ៍​អំពី​​ជំងឺ​រាត​ត្បាត។

ក្រៅ​ពី​លោក សុវណ្ណ រិទ្ធី អ្នកសារព័ត៌មាន​​ចំនួន ១៦​នាក់​ទៀត​ ក៏​ត្រូវ​បាន​ផ្ដល់​ពាន​នេះ​ផង​ដែរ ក្នុង​នោះ​មាន​អ្នកសារព័ត៌មាន​ ១​រូប​នៅ​ប្រទេស​ស៊ែប៊ី ស្លូវ៉ានី បេឡារុស រុស្ស៊ី វេណេហ៊្សុយអេឡា អ៊ីរ៉ង់ ហ្ស៊ីមបាវ៉េ អ៊ូហ្គាន់ដា ហ្សក់ដង់ ឥណ្ឌា ហ្វីលីពីន អ្នកសារព័ត៌មាន ២​រូប ​នៅ​ប្រទេស​តួកគី និង​អ្នកសារព័ត៌មាន ៣​រូប ​នៅ​ប្រទេស​ចិន។

DW គឺ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អាល្លឺម៉ង់ ដែល​ត្រូវ​បាន​ផ្សាយ​ទៅ​ពិភពលោក​ចំនួន ៣០​ភាសា និង​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ពី​វិជ្ជា​ជីវៈ​សារព័ត៌មាន​​ដល់​អ្នកសារព័ត៌មាន​នៅ​បណ្ដា​ប្រទេស​ជាច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ