មន្ត្រីជាន់ខ្ពស់នៃកងកម្លាំងមួកខៀវកម្ពុជា បានឱ្យដឹងថា ទាហានកម្ពុជា ៣រូប ដែលស្ថិតក្នុងបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋម៉ាលី ក្រោមឆ័ត្រអង្គការសហប្រជាជាតិ (អ.ស.ប) បានជាសះស្បើយពីជំងឺកូវីដ១៩វិញហើយ និងត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការតាមដានបន្ត។
ទាហានមួកខៀវកម្ពុជា ៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ផងដែរ ត្រូវបានរកឃើញឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃទី១៩ ខែមេសាកន្លងមកនេះ។
អ្នកនាំពាក្យនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព អ្នកស្រី កុសល ម៉ាលីដា ប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រុមគ្រូពេទ្យកម្ពុជា បានសហការជាមួយក្រុមគ្រូពេទ្យ អ.ស.ប ព្យាបាល និងថែទាំទាហានមួកខៀវកម្ពុជាចំនួន ៣នាក់ ដែលឆ្លងជំងឺកូវីដ១៩។
អ្នកស្រី ម៉ាលីដា បញ្ជាក់ថា ទាហានមួកខៀវកម្ពុជាចំនួន ៣នាក់ ដែលឆ្លងជំងឺកូវីដ១៩ បច្ចុប្បន្ននេះ សុខភាពរបស់គាត់ល្អដូចដើមវិញហើយ។ ប៉ុន្តែ អ្នកស្រីប្រាប់ថា ពួកគេត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យស្ថិតនៅក្រោមការតាមដានសុខភាពដាច់ដោយឡែកសិន និងឱ្យលេបថ្នាំចំនួន ១០ថ្ងៃបន្ថែមទៀត មុននឹងក្រុមគ្រូពេទ្យ អ.ស.ប យកសំណាកទៅធ្វើតេស្តជាថ្មីទៀត ដើម្បីបញ្ជាក់ថា គ្មានផ្ទុកមេរោគកូវីដ១៩។
អ្នកស្រី កុសល ម៉ាលីដា មានប្រសាសន៍ថា៖ «ក្រុមគ្រូពេទ្យ អ.ស.ប បានឱ្យបន្តលេបថ្នាំ១០ថ្ងៃ ប៉ុន្តែ ពួកគាត់បានឆ្លងផុតហើយ ហើយអត់ឃើញអាការអ្វីគួរឱ្យសង្ស័យទេ បានន័យថា គាត់សុខភាពល្អដូចដើមធម្មតា ប៉ុន្តែ គេបន្តឱ្យពួកគាត់នៅបន្តដាក់នៅដាច់ដោយឡែកទៀត ដើម្បីយកសំណាកទៅធ្វើតេស្ត គឺយើងរង់ចាំ អ.ស.ប ចុះមកយកសំណាកធ្វើតេស្ត តែមិនដឹងថ្ងៃណាទេ ដោយសារគ្រូពេទ្យកំពុងមមាញឹកពិនិត្យអ្នកជំងឺផ្សេងទៀតដែរ»។
មន្ត្រីយោធាជាន់ខ្ពស់រូបនេះ ឱ្យដឹងទៀតថា មនុស្ស ១១នាក់ផ្សេងទៀតដែលបានប្រាស្រ័យទាក់ទងជាមួយទាហានមួកខៀវកម្ពុជាទាំង ៣នាក់នោះ ក៏ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ ដើម្បីបន្តតាមដានសុខភាពដែរ ប៉ុន្តែ រហូតមកដល់ថ្ងៃនេះ លោកស្រីថា ក្រុមគ្រូពេទ្យ អ.ស.ប បានយកសំណាកពួកគេទាំងនោះទៅធ្វើតេស្តដែរ តែមិនមានរោគសញ្ញាអ្វីនោះទេ។
លោកស្រី ម៉ាលីដា មានប្រសាសន៍ទៀតថា នៅពេលដែលទ័ពមួកខៀវទាំងនោះជាសះស្បើយ ក្រុមគ្រូពេទ្យ អ.ស.ប នឹងបញ្ជូនឱ្យទៅបំពេញបេសកកម្មបន្តទៀត។
ទាហានមួកខៀវកម្ពុជា ដែលទៅបំពេញបេសកកម្មនៅសាធារណរដ្ឋម៉ាលីក្រោមឆ័ត្រអង្គការសហប្រជាជាតិ មានចំនួន ២៩៩រូប ក្នុងនោះរួមមាន កងវិស្វកម្មព្រលានយន្តហោះ ១៥៤រូប កងកម្ទេចគ្រាប់មិនទាន់ផ្ទុះ ១៤៤រូប និង នាយទាហានសេនាធិកា ១រូប៕