ពលរដ្ឋខ្មែរក្រោមបារម្ភបាត់ដីស្រែកេរបន្សល់ពីដូនតាជាង១ពាន់ហិកតា

ពលរដ្ឋខ្មែរកម្ពុជាក្រោមរងរបួសក្នុងពេលប៉ះទង្គិចជាមួយអាជ្ញាធរវៀតណាមក្នុងពេលតវ៉ារឿងដីធ្លីកាលពីថ្ងៃទី៥ខែឧសភាឆ្នាំ២០២០(រួបភាព ពី សមាគមខ្មែរកម្ពុជាក្រោម អភិវឌ្ឍន៍និងសិទ្ធិមនុស្ស)

ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម១៤៥គ្រួសារអះអាងថា  ដីស្រែសម្រាប់ធ្វើកសិកម្មចិញ្ចឹមជីវិតដែលជាកេរដូនតាពួកគាត់ចែកឱ្យនោះ ត្រូវអាជ្ញាធរវៀតណាមនៅក្នុងខេត្តកៀងយ៉ាង Tinh Kieng Giang (ក្រមួនស)ប្រើហិង្សាមិនឱ្យពួកគាត់គ្រប់គ្រងបន្តដោយថានោះជាដីរបស់រដ្ឋ។​

ដីមានជម្លោះនេះ ស្ថិតនៅភូមិហ្វក Ap Phot (ប៉ប្រក់) ឃុំភូមី Xa Phu My (ប៉ប្រក់) ស្រុកយ៉ាងថាន់ Huyen Giang Thanh (ព្រៃមេង) ខេត្តកៀងយ៉ាង Tinh Kieng Giang (ក្រមួនស)ក្រោមការគ្រប់គ្រងរបស់វៀតណាម។​ទីតាំងនេះមានព្រំប្រទល់​ជាប់ស្រុក​បន្ទាយមាស ខេត្តកំពត។

ពលរដ្ឋខ្មែរ​ក្រោម​មួយចំនួនប្រាប់​វីអូឌីថា ពួកគាត់កំពុងព្រួយបារម្ភខ្លាចបាត់​ដីធ្លី​ទាំងនោះ បន្ទាប់ពីសមត្ថកិច្ចជាង១រយនាក់ ប្រដាប់ដោយ​ដំបង​​វាយបណ្ដេញ​អ្នក​ភូមិចេញពី​ដី​ស្រែកាល​ពីថ្ងៃទី០៥ឧសភាកន្លង​ទៅ។

ពលរដ្ឋខ្មែរក្រោមម្នាក់អាយុ២៩ឆ្នាំ លោក តៀង ដាង ថ្លែងថាលោកត្រូវរបួសធ្ងន់​ ​ក្នុងពេលដែលអាជ្ញាធរវៀតណាមដាក់កម្លាំងមកវាយបណ្ដេញអ្នកភូមិឱ្យ​រើគោ​យន្តចេញពីដីស្រែក្រោម(ដីលិចទឹក) ដែលធ្លាប់អាស្រ័យផល។

 លោកតៀង ដាង ៖ គេ(អាជ្ញាធរវៀតណាម)​ឱ្យយើងយកម៉ាស៊ីនយើងឡើងពីដីស្រែគេអត់ឱ្យយើងធ្វើទេ ដីហ្នឹងដីរបស់រដ្ឋ ប្រជាពលរដ្ឋឆ្លើយថា ដីហ្នឹងយើងធ្វើពីដើមពីដែកមក។ គេថាគេ​​ចាប់យកម៉ាស៊ីនទាំងអស់ទៅសាលាឃុំ ដល់ពលរដ្ឋមិនព្រមគេចុះមកគេវាយ យើងយកតែម្ដងសុទ្ធតែដំបងដែកឆក់ កាំភ្លើងទៀតតែគេអត់បាញ់ទេ គេបាញ់តែកាំភ្លើងផ្សែងបែកផ្សែងមកផ្សារភ្នែកមើលអីអត់ឃើញ។ ដូចខ្ញុំជាវាយបែកក្បាល បាក់ដៃ អ្នករបួសមានជាង១០នាក់។

លោកតៀង ដាងបន្ថែមថាក្ដីបារម្ភចំពោះការបាត់បង់ដីកេរដូនតានេះ ឈឺខ្លាំងជាងស្នាមរបួសដែលត្រូវអាជ្ញាធរវៀតណាមវាយទៅទៀត។

លោកតៀង ដាង៖ ខ្ញុំឡើងទៅខេត្ត ខេត្តគេឱ្យធ្វើក្រដាសស្នាមម្នាក់១សន្លឹកៗឡើងពីឃុំ ទៅស្រុក ទៅខេត្តតទៀតយើងនៅទាមទារដីហ្នឹងអីចឹង។ ខាងវៀតណាមគេបិទអស់ហើយគ្មានផ្សាយគ្មានអីទេគេបិទជិតឈឹងគេមិនចង់ឱ្យខាងក្រៅដឹងរឿងនេះទេ។

បុរសវ័យជាង៦០ឆ្នាំ ត្រូវជាឪពុករបស់ទៀង ដាងគឺលោក  តៀង​ ស៊ីន​បានថ្លែង​ប្រាប់វីអូឌីតាមទូរស័ព្ទ​ថា ដីធ្លីនេះជាញើសឈាមរបស់គ្រួសារគាត់ដែលខំរុករាន​គាស់កាយតាំងពីឆ្នាំ១៩៧៣មក។ លោកថា អ្នកភូមិបារម្ភខ្លាចបាត់ដីនេះ​ណាស់​។

តៀង ស៊ីន ៖ យួនវាធ្វើបាប យើងតវ៉ាយើងខ្លាចបាត់ដីនេះ។ដីនេះយើងធ្វើតាំងពី៧៣មកម៉េស។

អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម អភិវឌ្ឍន៍និងសិទ្ធិមនុស្ស លោក សឺន ជុំជួន មានប្រសាសន៍ថា ករណីប្រើប្រាស់ហិង្សាពីសំណាក់អាជ្ញាធរវៀតណាម​មកលើពលរដ្ឋខ្មែរក្រោមនេះ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

លោក សឺន ជុំជួន៖ អំពើទាំងនេះមិនស្របនិងគោលការណ៍សិទ្ធិមនុស្សនោះទេ ជាការរំលោភសិទ្ធិទទួលបានកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋខ្មែរក្រោម។អាជ្ញាធរវៀតណាមគួរតែមានដំណោះស្រាយដោយសន្តិវិធីចំពោះរឿងនេះ សមាគមយើងនឹងតាមដាននិងស្វែងរកអន្តរាគមន៍បន្តទៀតទៅដល់អង្គការអន្តរជាតិនានា ពិសេសបណ្ដាស្ថានទូតនានាប្រចាំនៅប្រទេសវៀតណាម។

កំណត់ត្រារបស់សមាគមខ្មែរកម្ពុជាក្រោម អភិវឌ្ឍន៍និងសិទ្ធិមនុស្ស បង្ហាញថា ផ្ទៃដីប្រមាណជា ១ពាន់ហិកតានេះ ជាកម្មសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោម១៤៥គ្រួសារ ដែលបានកាន់កាប់ដី តាំងពីឆ្នាំ១៩៧៣ដោយកាប់ឆ្ការដីព្រៃលិចទឹក ធ្វើសែ្រចំការពីជំនាន់ជីដូនជីតារៀងមក។ រហូតដល់ឆ្នាំ២០០០ ពលរដ្ឋខ្មែរក្រោមក៏បានផ្អាកធ្វើស្រែអស់រយៈពេល៣ឆ្នាំដោយសារដីនោះមាន ជំនន់ជន់លិចពេក។

សមាគមបន្តទៀតថា ក្រោយមកក៏មានក្រុមហ៊ុនមួយឈ្មោះថា “Dong Co Ban” បានប្រាប់ឱ្យពលរដ្ឋខ្មែរក្រោមដាំស្មៅអន្ចូត លក់ឱ្យក្រុមហ៊ុន ប៉ុន្តែស្មៅនោះមិនបានលូតលាស់ល្អ ទៅតាមស្ដង់ដារក្រុមហ៊ុនក៏មិនបានទិញ។ នៅឆ្នាំ២០០៤ ពលរដ្ឋខ្មែរក្រោមក៏នាំគ្នាកាប់ស្មៅនោះចោលហើយនាំធ្វើស្រែ ប៉ុន្តែត្រូវបានអាជ្ញាធរមូលដ្ឋានហាមមិនឱ្យធ្វើស្រែ ដោយអាជ្ញាធរទាំងនោះបានប្រាប់ថារង់ចាំបួនឆ្នាំទៀត។

ការប្រឈមគ្នារវាងពលរដ្ឋខ្មែរកម្ពុជាក្រោម និងអាជ្ញាធរវៀតណាមនៅលើដីមានជម្លោះនៅថ្ងៃទី៥ខែឧសភាឆ្នាំ២០២០(រូបភាព ពី សមាគមខ្មែរកម្ពុជាក្រោម អភិវឌ្ឍន៍និងសិទ្ធិមនុស្ស)

នៅឆ្នាំ២០០៨ ពលរដ្ឋខ្មែរក្រោមបានធ្វើលិខិតផ្ញើទៅអាជ្ញារខេត្តកៀងយ៉ាង (ក្រមួនស) ដើម្បីស្នើកាន់កាប់ដីស្រែទាំងនោះ ប៉ុន្តែអាជ្ញាធរខេត្ត បានបញ្ជូនមកឱ្យអាជ្ញាធរស្រុកដោះស្រាយ រីឯអាជ្ញាធរស្រុកក៏បានឱ្យពលរដ្ឋរង់ចាំ៤ឆ្នាំទៀត រហូតដល់ឆ្នាំ២០១២ ពលរដ្ឋក៏នាំគ្នាចុះធ្វើស្រែទៀតក៏ត្រូវបានហាមឃាត់ ទៀត។

នៅឆ្នាំ២០១៤ ពលរដ្ឋខ្មែរក្រោមក៏បានដាក់ញត្តិស្នើអន្តរាគមន៍ទៅដល់រដ្ឋធានីហាណូយ ពេលនោះអាជ្ញាធរថ្នាក់មជ្ឈឹមក៏បានបញ្ជូនមកឱ្យអាជ្ញាធរស្រុកស្រុកដោះស្រាយបន្ត។ នាឆ្នាំ២០១៤ ដដែលនោះ ពលរដ្ឋក៏មានអង្គប្រជុំជាមួយអាជ្ញាធរស្រុក ដោយមានអ្នកចូលរួម ៥៣ គ្រួសារ។ លទ្ធផលនៃអង្គប្រជុំ ដំណោះស្រាយផ្ទាល់មាត់របស់អាជ្ញាធរស្រុក បានប្រាប់ប្រជាពលរដ្ឋថា ឱ្យរង់ចាំដល់ថ្ងៃទី១០ ខែ០៥ ២០១៥ បើមិនឃើញដំស្រាយទេ ប្រជាពលរដ្ឋអាចនាំគ្នាធ្វើស្រែបាន ផ្ទុយទៅវិញនៅពេលដែលប្រជាពលរដ្ឋមកធ្វើស្រែ អាជ្ញាធរនៅតែហាម​ឃាត់។

នៅឆ្នាំ២០១៩ អាជ្ញាធរវៀតណាម បានយកគ្រឿងចក្រមកឈូសឆាយដី ប្រជាជនក៏បានទៅតវ៉ា ។ នៅឆ្នាំ២០២០ ថ្ងៃទី០៥ ខែ០៥ ប្រជាជនយកបានយកគ្រឿងចក្រមកឈូសឆាយដីនោះដើម្បីធ្វើស្រែ អាជ្ញាធរវៀតណាមបង្ក្រាប។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹងសែនករុណា មាន​ប្រសាសន៍ថា ខ្មែរក្រោមជាជនជាតិដើមរស់នៅលើដីកំណើតខ្លួនរាប់​ពាន់​ឆ្នាំ​មក​ហើយ ដូច្នេះអាជ្ញាធរវៀតណាមចាំបាច់ត្រូវគោរពសិទ្ធិពួកគាត់តាម​ច្បាប់អន្តរ​ជាតិ​។ លោកថា អាជ្ញាធរកម្ពុជាក៏មានតួនាទីជំរុញឱ្យវៀតណាមគោរពសិទ្ធិខ្មែរ​ក្រោម​ដូចដែលមេដឹកនាំវៀតណាមស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាការពារជនអន្តោ​ប្រវេសន៍វៀតណាមរស់នៅក្នុងប្រទេសកម្ពុជាដូច្នោះដែរ។

លោក ស៊ឹង សែនករុណា៖ ក្នុងនាមជាអ្នកមានឈាមជ័ររួមឈាមខ្មែរតែមួយហ្នឹង អ្នកដឹកនាំរដ្ឋយើង(រាជរដ្ឋាភិបាលកម្ពុជា)អាចនិយាយក្នុងន័យការទូត ក្នុងការទំនាក់ទំនងអន្តរជាតិ ធ្វើយ៉ាងណាជួយការពារដល់ជនជាតិរបស់ខ្លួនដែលកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់វៀតណាមនេះ។

វីអូឌីមិនអាចទាក់ទង ស្ថានទូតវៀតណាមនិងមន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបនឹងបញ្ហានេះបានទេនៅថ្ងៃទី០៩ ខែឧសភា នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ