រដ្ឋ​មន្ត្រី​​សុខា​ភិបាល​​ថា​ ពលរដ្ឋ​​កម្ពុជា​​ពីរ​​នាក់​​ដែល​​បន្ត​​ព្យា​បាល​​វីរុស​​កូ​រ៉ូ​ណា​​មាន​​សុខ​ភាព​​ល្អ​

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​រដ្ឋមន្ត្រី​សុខាភិបាល អះអាង​ថា ពលរដ្ឋ​កម្ពុជា ២នាក់​ដែល​បន្ត​ស្ថិតនៅ​ក្រោម​ការ​ព្យាបាល​វីរុស​កូ​រ៉ូ​ណា​នៅឡើយ​នោះ មាន​សុខភាព​ល្អ​ធម្មតា ហើយ​លោក​រំពឹង​ថា អ្នក​ទាំងពីរ​នឹងអាច​ចាកចេញ​ពី​មន្ទីរពេទ្យ​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ ក្រោយពី​ត្រូវ​បាន​ផ្ទេរ​មក​ព្យាបាល​នៅ​ភ្នំពេញ។

បុរស​កម្ពុជា​អាយុ ៧៥ឆ្នាំ ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​ឯខេត្ត​កំពង់ឆ្នាំង​កាលពី​ថ្ងៃទី១៧ ខែមីនា​កន្លងមក បន្ទាប់ពី​គាត់​វិលត្រឡប់​ពី​ការចូលរួម​ពិធី​សាសនា​មួយ​នៅ​ឯប្រទេស​ម៉ាឡេស៊ី។ រី​ឯស្ត្រី​ម្នាក់​អាយុ ៣៦ឆ្នាំ​ នៅ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​កាលពី​ថ្ងៃទី២៩ ខែ​មី​នា​កន្លង​មក។

អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ទាំងពីរ​រូប​នេះ ត្រូវ​បាន​ក្រសួងសុខាភិបាល​សម្រេច​ផ្ទេរ​ពី​មន្ទីរពេទ្យ​នៅ​តាម​ខេត្ត​ មក​ទទួ​លការព្យ​បាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត កាលពី​ថ្ងៃទី៨ ខែឧសភា​សប្ដាហ៍​មុន​នេះ។

រដ្ឋមន្ត្រី​សុខាភិបាល លោក ម៉ម ប៊ុ​នហេង ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃនេះ​ថា អ្នក​ទាំងពីរ​ត្រូវ​បាន​ផ្ទេរ​មក​ទទួលការ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ ជាទី​ដែល​លោក​ថា មាន​វេជ្ជបណ្ឌិត​ឯកទេស​ច្រើន ដែល​អាច​ផ្ដល់​ការពិគ្រោះ​យោបល់ និង​ផ្ដល់​ការ​ព្យាបាល​ជូន​ពួក​គាត់​ឱ្យ​ឆាប់​ជាសះស្បើយ។

លោក ម៉ម ប៊ុ​នហេង ថ្លែង​ថា៖ «[ក្រុម​គ្រូពេទ្យ​] ពិនិត្យ​ឃើញថា សុខភាព​ពួក​គាត់​ថ្ងៃនេះ​ល្អ ហើយ​យើង​សង្ឃឹមថា គាត់​នឹងអាច​ជាសះស្បើយ និង​ចេញ​ [ពី​មន្ទីរពេទ្យ​] នា​ពេលថ្ងៃ​មុន​នេះ»។

រដ្ឋមន្ត្រី​សុខាភិបាល​បាន​ថ្លែង​បន្ត​ថា អ្នក​ទាំង​ពីរ​ត្រូវការ​ពេល​វេលា​សម្រាប់​ការ​ព្យាបាល ក៏​ព្រោះ​តែ​ពួកគាត់​មាន​ជំងឺ​ប្រចាំកាយ​ផង​ដែរ។

លោក​ ម៉ម ប៊ុនហេង ថ្លែងបន្ត​​ថា​៖ «មាន​បញ្ហា​មួយ​ចំនួន​ដោយសារ​តែ​មីង​មួយ​[ស្ត្រី​វ័យ ៣៦​ឆ្នាំ​មក​ពី​ខេត្ត​កំពង់ឆ្នាំង]​ មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ដូច្នេះ យូរ​ណាស់​ ទឹក​នោម​ផ្អែម​នេះ។ ដូច្នេះ ត្រូវការ​ព្យាបាល​ពី​អ្នក​ឯកទេស​ជំងឺ​ទឹម​នោម​ផ្អែម​ផង និង​ជំងឺ​ឆ្លង​ផង​រួម​គ្នា។ ហើយ​នៅ​បន្ទាយមានជ័យ ដោយសារ​គាត់​មាន​បញ្ហា​ផ្លូវ​ចិត្ត។ ដូច្នេះ គាត់​មក​ពេទ្យ​មជ្ឈឹម​មក គាត់​នឹង​នរ គាត់​សប្បាយ​ចិត្ត​»

កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ទៅលើ​មនុស្ស​សរុប ១២២នាក់​ ចាប់តាំងពី​ចុងខែ​មករា​មក ក្នុង​នោះ​បាន​កើតឡើង​លើពលរដ្ឋ​កម្ពុជា ៥១នាក់ និង​ជនបរទេស ៧១នាក់។ ប៉ុន្តែ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ដល់ទៅ ១២០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ខណៈ​នៅសល់​តែ ២នាក់​ទៀត​ប៉ុណ្ណោះ ដែល​ស្ថិត​ក្រោម​ការ​ព្យាបាល​ដាច់ដោយឡែក​នៅឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ