ករណី​​ឆ្លង​​កូ​វីដ​១៩​ថ្មី​​នៅ​​ចិន​​កម្រើក​​ឡើង​វិញ ក្រោយ​​បើក​​តំបន់​​ផ្ទុះ​​ជំងឺ​​ជាង​១​ខែ​​

បុរសម្នាក់កំពុងតែស្កេនកម្ដៅលើស្ត្រីម្នាក់ ក្នុងក្រុងវូហាន​ ភាគកណ្ដាលខេត្តហឺប៉ី ប្រទេសចិន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។ (AFP)

ករណី​ឆ្លង​កូ​វីដ១៩ថ្មី​នៅក្នុង​ប្រទេស​ចិន​បាន​កម្រើក​ឡើងវិញ ជាមួយ​ករណី​ចម្លង​ក្នុង​ស្រុក​រក​ឃើញ ១០ករណី​នៅ​ថ្ងៃម្សិលមិញ ក្រោយ​អាជ្ញាធរ​សម្រេច​បើក​ឱ្យ​មានការ​ធ្វើដំណើរ​ចេញចូល​ក្រុង​វូហាន ទី​ដែល​ផ្ទុះ​ជំងឺរាតត្បាត​មុនដំបូង​គេ នៅដើម​ខែមេសា។

តាម​គណ​ៈកម្មការ​សុខាភិបាល​ចិន អាជ្ញាធរ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​សរុប ១៧ករណី​ នៅ​ថ្ងៃទី១០ និង​ទី១១ ខែឧសភា ក្នុង​ដែនដី​គោករបស់​ខ្លួន ក្នុង​នោះ ១០ករណី​ឆ្លង​ក្នុង​ស្រុក ចំណែក ៧ករណី​ទៀត​ជា​ករណី​នាំចូល រក​ឃើញ​លើ​ពលរដ្ឋ​ត្រឡប់​ពីក្រៅ​ប្រទេស​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដោយឡែក ១៤ថ្ងៃ។

តាម​ប្រភព​ដដែល ក្នុងចំណោម ១០ករណី​នោះ មាន ៥ករណី​ជា​ករណី​ឆ្លង​ជា​ចង្កោមរ​កឃើញ​លើ​ពលរដ្ឋ​នៅ​ទីក្រុង​វូហាន ខេត្ត​ហឺប៉ី ៣ករណី​រក​ឃើញ​នៅក្នុង​ក្រុង​ស៊ូ​ឡាន ខេត្ត​ជី​លីន (Jilin​) ១ករណី​នៅ​ខេត្ត​ឡៅ​នីង (Liaoning​) និង១ករណី​ទៀត​នៅ​ខេត្ត​ហី​ឡុង​ជាំ​ង (Heilongjiang)។

តាម​កាសែត​អន​ឡាញ Shanghai Daily ឱ្យ​ដឹង​បន្ថែម​ថា ករណី​ទាំង ៥នោះ​រក​ឃើញ​នៅ​បរិ​វេណអាគារ​ស្នាក់នៅ​តែមួយ ដោយមាន​ម្នាក់​ជា​ភរិយា​អ្នកជំងឺ ​វ័យ ៨៩ឆ្នាំ ដែល​ត្រូវ​បាន​រាយការណ៍​នៅ ១ថ្ងៃមុន ជា​ករណី​ដំបូង រក​ឃើញ​នៅ​ទីក្រុង​ក្នុងរយៈពេល​ជាង ១ខែ​មកនេះ។

អាជ្ញាធរ​ខេត្ត​ហឺ​ប៉ី បានសម្រេច​បើក​យុទ្ធនាការ​តេ​ស្តរ​កករ​ណី​ឆ្លង​លើ​ពលរដ្ឋ​ទូទាំង​ក្រុង​វូ​ហាន​ដែល​មាន​ចំនួន ១១លាន​នាក់ ក្នុង​ពេល ១០ថ្ងៃ ខណៈ​ក្រុង​ស៊ូ​ឡាន​ដែល​មាន​ពលរដ្ឋ ៦សែន​នាក់ ​ត្រូវ​បាន​បិទ​ផ្ទប់ និង​ហាម​គ្រប់គ្នា​មិន​ឱ្យ​ចេញពីផ្ទះ​បើ​គ្មាន​ការចាំបាច់។

តាម​ប្រភព​ពី​សារព័ត៌មាន​រដ្ឋ​ចិន Chinanews នៅ​រសៀល​ថ្ងៃនេះ ​ឱ្យ​ដឹង​ថា ក្រោយ​ប្រជុំ​វាយតម្លៃ​ស្ថាន​ការ​ណ៍រួច គណៈ​កម្មការ​សុខាភិបាល​ខេត្ត បាន​ដាក់កំហិត​ឱ្យ​រដ្ឋបាល​មូលដ្ឋាន​ក្នុង​ទីក្រុង ប្រញាប់​តេ​ស្តរ​កមេរោគ​លើ​ពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​ឱ្យ​អស់​ក្នុងរយៈពេល ១០ថ្ងៃ តាមវិធី​តេ​ស្ត​រហ័ស ដោយ​ផ្តើម​ពីទី​ប្រជុំជន​មុន។

កាលពី​សប្តាហ៍​មុន ប្រធានាធិបតី​ចិន លោក ស៊ី ជីង​ពីង បាន​ក្រើន​រំឭក​ដល់​អាជ្ញាធរ​មិនត្រូវមាន​មោទនភាព​លើ​កិច្ចការ​របស់​ខ្លួន​ខ្លាំងពេក រហូតដល់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នឹង​រលក​ចម្លង​ថ្មី ក្នុង​ដែន​រដ្ឋបាល​របស់​ខ្លួន​នោះ​ទេ បើ​ទោះជា​ករណី​ឆ្លង​ថ្មី​ស្ងប់ស្ងាត់​ជាង ៣០ថ្ងៃ​ក្តី។

លោក ស៊ី មានប្រសាសន៍​ថា៖ «អាជ្ញាធរមិន​អាច​ទទួល​បានការ​ពេញចិត្ត​ចំពោះ​លទ្ធផល​កើត​ចេញពី​កិច្ច​ខំប្រឹង​ប្រែង​ទប់ស្កាត់​មេរោគ​រាតត្បាត​គ្រប់​ដំណាក់កាល​របស់​ពួក​គេ​នោះ​ទេ ហើយក៏​មិន​ត្រូវ​បំផ្លាញ​រាល់​ការ​ខិតខំ​ប្រឹងប្រែង​ដែល​បាន​ធ្វើកន្លង​មក​នោះ​ដែរ»។

គិត​ត្រឹម​ថ្ងៃទី១២ ខែឧសភា​នេះ គណៈ​កម្មការ​សុខាភិបាល​ចិន​ទទួល​បាន​របាយការណ៍​ករណី​អ្នកជំងឺ​កូ​វី១៩ ស្លាប់​សរុប​ជាង ៤ពាន់ ៦រយ​ករណី​ (៤៦៣៣​) ខណៈ​អាមេរិក​មានអ្នក​ស្លាប់​ជាង ៨ម៉ឺន​នាក់ ឯនៅ​ប្រទេស​ធំៗ​ទាំង ៥នៅ​អឺរ៉ុប (អង់គ្លេស បារាំង អ៊ីតាលី អេ​ស្បាញ និង​អាល្លឺម៉ង់​) មានអ្នក​ស្លាប់​សរុប​ជាង ១២ម៉ឺន​នាក់។

ប្រធានាធិបតី​អាមេរិក លោក ដូ​ណាល់ ត្រាំ កាលពី​សប្តាហ៍​មុន​ បាន​ថ្លែង​សារ​ជាថ្មី​ថា លោក​មិន​ជឿ​តួលេខ​ស្លាប់​ដែល​អាជ្ញាធរ​ចិន​បាន​បញ្ចេញ ដោយសារ​លោក​មើលឃើញ​ពី​ភាពយឺត​យ៉ាវ​របស់​អាជ្ញាធរ​ចិន​ក្នុង​ការ​ចេញ​វិធានការ​ទប់ស្កាត់​ការ​រាតត្បាត​របស់​មេរោគ។

កាលពី​ពាក់កណ្តាល​ខែមេសា លោក​បាន​ចោទ​ដូច្នេះ​ម្តងហើយ បន្ទាប់ពី​អាជ្ញាធរ​បូកបន្ថែម​តួលេខ​អ្នកស្លាប់​ជាង ១ពាន់​នាក់​ ដែល​ខ្លួន​អះអាង​ថា ទើប​ប្រមូល​បាន​ពី​មន្ទីរ​ពេទ្យ​ផ្សេង​ៗ និង​ខណៈ​តួលេខអ្នក​ស្លាប់​នៅលើ​ពិភពលោក​កើន​ដល់ ១៥ម៉ឺន​នាក់ រាប់ទាំង​នៅ​អាមេរិក​ជាង ៣ម៉ឺន​នាក់។

លោក ត្រាំ សរសេរ​លើ Twitter កាលពី​ថ្ងៃសុក្រ ​ទី១៧ ខែមេសា​ថា៖ «វា ​[តួលេខ​ស្លាប់​នៅ​ចិន] គឺ​ខ្ពស់​ខ្លាំង​ជាង​ហ្នឹង​ [ជាង​តួលេខ​ផ្លូវការ​] ហើយ​ច្រើនជាង​ [តួលេខ​ស្លាប់​] នៅ​អាមេរិក​ឆ្ងាយ​ទៅទៀត មិន​សូម្បីតែ​ជិត»។

យ៉ាងណា រដ្ឋាភិបាល​ចិន​បាន​ចេញមុខ​ច្រានចោល​ការចោទប្រកាន់​របស់​លោក ​ត្រាំ ហើយ​ថា ខ្លួន​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​បិទបាំង​តួលេខ​ពិតប្រាកដ​របស់​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ១៩នោះ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ