ម្ចាស់​​សណ្ឋាគារ The Great Duke មិន​​ចូល​រួម​​ដោះ​ស្រាយ​​សំណង​​ឱ្យ​​បុគ្គលិក​​

ភាគី​ម្ចាស់​សណ្ឋាគារ The Great Duke ជា​សណ្ឋាគារ​លំ​ដាប់​ផ្កាយ​នៅក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៥ ខែឧសភា​នេះ ​មិន​ចូលរួមប្រជុំ​ដោះស្រាយ​បញ្ហា​សំណង​ឱ្យ​អតីត​បុគ្គលិក​តាម​ការ​កោះហៅ​របស់ក្រ​សួង​ការងារ​ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នោះ​ទេ។

ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​រយៈពេល​ជាង​មួយ​ម៉ោង​នៅក្នុង​ក្រសួងការងារ​រួចមក ប្រធាន​សហព័ន្ធ​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា​ប្រចាំ​នៅ​សណ្ឋាគារ The Great Duke គឺ​លោក ទូច កុសល បាន​ឱ្យ​អ្នកសារព័ត៌មាន​ដឹង​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បីឱ្យ​ម្ចាស់​សណ្ឋាគារ​គោរព​ទៅតាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល ដោយ​ទូទាត់​សំណង​ដល់​បុគ្គលិក​កម្មករ​និយោជិត ខណៈ​ពេល​ដែល The Great Duke អតីត​សណ្ឋាគារ​អាំង​ទែ​កង់​ទី​ណង់​តាល់​ភ្នំពេញ បាន​បិទទ្វារ​ឈប់​ធ្វើអាជីវកម្ម ហើយ​មិនព្រម​ទូទាត់​សំណង​ដល់​បុគ្គលិក​កម្មករ​និយោជិត។

លោក​ ទូច កុសល បន្ត​ថា កន្លងមក ​ក៏​មាន​កិច្ចប្រជុំ​ជាបន្តបន្ទាប់​ជាមួយគ្នា​ផង​ដែរ​ តែ​ភាគី​សណ្ឋាគារ​បាន​ត្រឹម​ឆ្លើយ​បត​ថា ​មិន​មាន​ថវិកា​សម្រាប់​ដោះស្រាយ។ លោក​ឱ្យដឹង​ថា តាមដែល​អ្វី​ដែល​ក្រុមប្រឹក្សា​អាជ្ញា​ក​ណ្ដា​លបាន​សម្រេច​ គឺ​ភាគី​សណ្ឋាគារ​ត្រូវ​ចំណាយ​ថវិកាជាង ៣២ម៉ឺន​ដុល្លារ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

លោក ទូច កុសល៖ «យើងខ្ញុំ​និយាយ​តាមត្រង់​ទៅ បើសិនជា​ម្ចាស់​សណ្ឋាគារ​ហ្នឹង​ចេញមុខចេញមាត់ មក​ជជែកគ្នា​ថា ​ឥឡូវ​គាត់​ពិបាក​យ៉ាងម៉េច ឱ្យពួក​យើង​បានដឹង​ ហើយ​ជជែក​ទល់មុខគ្នា​ថា ​អ្វី​ដែល​យើង​អាច​ជួយ​បាន ​អាហ្នឹង​យើង​ចង់បាន​អញ្ចឹង​ តែ​ផ្ទុយទៅវិញ​ គាត់​បែ​រជា​ព្យាយាម​គេចវេស។»

លោក អ៊ូ រតនា អនុប្រធាន​ផ្នែក​អន្តរាគមន៍ និង​ដោះស្រាយ​បាតុកម្ម​កូដកម្ម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួងការងារ បាន​ឱ្យដឹង​ថា ក្រោយពី​ភាគី​សណ្ឋាគារ​មិនព្រម​ចូលរួម​ប្រជុំ​ដោះស្រាយ​បញ្ហា​នេះ ក្រសួង​នឹង​មាន​វិធានការ​ផ្សេងទៀត​ដើម្បី​អន្តរាគមន៍​ករណីនេះ តែ​ទោះជាយ៉ាងណា ​វិធានការ​នោះ​ជា​អ្វី​ លោក អ៊ូ រតនា​ មិនបាន​ឱ្យដឹង​នោះ​ទេ។

លោក​បន្ត​ថា ​ប្រសិនបើ​ភាគី​ទាំងពី​រ ទាំង​អតីត​បុគ្គលិក និង​ភា​គីម្ចាស់​សណ្ឋា​គា​របន្ទន់ចិត្ត​បន្តិច​ហើយ​ងាក​មក​ចរ​ចាគ្នា​នោះ ​គឺ​ពិតជា​ប្រសើរ​ជាង​អ្វី​ដែល​ក្រុមប្រឹក្សា​អាជ្ញា​ក​ណ្ដាល​សម្រេច​ទៅទៀត។

លោក ​អ៊ូ រតនា៖ «អានេះ​វា​ជា​សិទ្ធិ​សម្រេច​របស់​គូភាគី​ទាំងពីរ ​ប្រសិនបើ​ភាគី​ទាំងពីរ​ចូលរួម​ដោះស្រាយ​ ហើយ​គាត់​ថា​ ពុំ​មានលទ្ធភាព គាត់​ប្រជុំ​ការ​ចរ​ចា​ផ្ទៃក្នុង​រវាង​កម្មករនិយោជិត និង​ភាគី​ថៅកែ បើសិនជា​គាត់​ឯកភាព​ដែរ​ គឺជា​សិទ្ធិ​របស់​គាត់។»

កាលពី​ថ្ងៃទី១១ ខែឧសភា ​អតីត​បុគ្គលិក​ជាង ១០០នាក់ ដែល​បម្រើការ​ងារ​នៅ​សណ្ឋាគារ The Great Duke បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា និង​បិទផ្លូវ​ជិត ១ម៉ោង នៅមុខ​សណ្ឋាគារ​ផ្ទាល់ ដើម្បី​ទាមទារ​ការ​ទូទាត់ប្រាក់​សំណង​ពី​ថៅកែ​សណ្ឋាគារ​នេះ​ផង​ដែរ។ ក្នុង​ឱកាស​នោះ លោក អ៊ូ រតនា មានប្រសាសន៍​ថា ភាគី​ទាំងសងខាង​ព្រម​អនុវត្ត​ទៅតាម​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល ហើយ​ឯកភាព​អនុវត្ត​ទៅតាម​សេចក្តី​បង្គាប់​របស់​អាជ្ញា​កណ្តាល ហើយខាង​ក្រសួងការងារ​ក៏បាន​ចុះ​ដាក់កំហិតដែរ បើសិន​មិន​អនុវត្ត​តាម គឺ​ក្រសួង​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់។

VOD មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ភាគី​ម្ចាស់​សណ្ឋាគារ The Great Duke បាន​នៅឡើយ​ទេ នៅពេល​នេះ។

ជាមួយគ្នា​នេះ ​មេធាវី​ការពារ​ក្តី​ឱ្យថៅកែ​ម្ចាស់​សណ្ឋាគារ The Great Duke គឺ​លោក លី តៃ​សេង ក៏​បដិសេធ​ការ​និយាយ​ទាក់ទង​នឹង​បញ្ហា​នេះ​ផង​ដែរ។

សណ្ឋាគារ The Great Duke ឬអតីត​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណង់​តាល់ (InterContinental​) បាន​ប្រកាស​បិទ​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន កាលពី​ថ្ងៃទី៣១ ខែធ្នូ កាលពី​ឆ្នាំមុន បន្ទាប់ពី​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​អស់​រយៈពេល ២៣ឆ្នាំ។ 

ក្រោយពី​បិទទ្វារ មិនទាន់​ទូទាត់ប្រាក់​អតីតភាព​ការងារ ធ្វើ​ឱ្យ​អតីត​បុគ្គលិក​នៅ​សណ្ឋាគារ​នេះ នាំគ្នា​ធ្វើញត្តិ​ដាក់​ទៅ​ស្ថាប័នរដ្ឋ ដូចជា ក្រសួងការងារ ខុទ្ទកាល័យ​រដ្ឋាភិបាល និង​ដាក់​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល ដើម្បី​ជួយ​អន្តរាគមន៍​ផង​ដែរ។

កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ប្រធាន​លេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សា​កណ្តាល បាន​ចេញ​សេចក្តី​សម្រេច​ជូនដំណឹង​ទៅ​ភាគី​កម្មករ​និយោជិត និង​ភាគី​និយោជក ដើម្បី​ឱ្យ​និយោជក​ផ្តល់​សំណង​ដល់​កម្មករ​នូវ​ប្រាក់​ដំណាច់​ទូទាត់​ជួស​ការ​ជូនដំណឹង​មុន និង​ប្រាក់​រំលឹក​អតីតភាព​ការងារ​មុន​ឆ្នាំ២០១៩ ដោយ​យក​ប្រាក់ឈ្នួល​គោល និង​ប្រាក់​បន្ទាប់បន្សំ​មក​គណនា​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ