កម្ពុជា​កំពុង​ស្រាវ​ជ្រាវ​​ករណី​បុរស​វៀតណាម​ត្រូវ​បាន​រាយការណ៍​ថា​ ឆ្លង​វីរុស​ក្រោយ​វិល​ត្រឡប់​ពី​កម្ពុជា

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​ ឱ វណ្ណ​ឌីន ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចពិភាក្សា ស្ដីពី “សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាល ឱ្យ​ដឹង​ថា ក្រសួង​​កំពុង​ស្រាវ​ជ្រាវ​ទៅ​លើ​ករណី​បុរស​វៀតណាម​ម្នាក់ ដែល​ត្រូវ​បាន​រាយការណ៍​ថា ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា បន្ទាប់​ពី​វិល​ត្រឡប់​ពី​ប្រទេស​កម្ពុជា។

សារព័ត៌មាន VNExpress របស់​វៀតណាម បាន​​ចុះផ្សាយ​កាល​ពីកាល​ពី​ថ្ងៃ​ម្សិលមិញ​នេះថា បុរស​វៀតណាម​វ័យ ៣៩​ឆ្នាំ នៅ​ស្រុក​តាន់ចូវ ខេត្ត​តាយនិញ ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា ត្រូវ​បាន​រក​ឃើញ​ឆ្លងមេរោគកូវីដ១៩ កាល​ពី​ថ្ងៃទី​១៦ ខែ​ឧសភា។

បើតាម​សារព័ត៌មាន​ដដែល​នេះ បុរស​រូប​នោះ ត្រូវបាន​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា បន្ទាប់​ពី​វិល​ធ្វើ​ដំណើរ​ត្រឡប់​ពី​ប្រទេស​កម្ពុជា​វិញ​​។

ឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មានតាមបណ្តាតេឡេក្រាម អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា មកទល់ពេលនេះ កម្ពុជាមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយពីភាគីវៀតណាម​ចំពោះករណីនេះ​នៅ​ឡើយ​ទេ។

អ្នកស្រីបញ្ជាក់ថា ក្រុមការងាររបស់ក្រសួងសុខាភិបាល ក៏កំពុង​ស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែ មិនទទួលបាននូវព័ត៌មានជាក់លាក់ណាមួយស្ដីអំពីករណីដូចការចុះផ្សាយនោះដែរ។

អ្នកស្រី ឱ វណ្ណឌីន និយាយថា៖«ខ្ញុំគ្រាន់តែសូមជម្រាបជូនថា ករណីនេះមិនមានភាពជាក់លាក់ ហើយក៏មិនអាចនឹងវាយតម្លៃថា ការចម្លងនេះ គឺកើតចេញពីព្រះរាជាណាចក្រកម្ពុជាយើងដែរ ដោយសារបុគ្គលនោះបានទៅដល់ប្រទេសវៀតណាម បើគិតទៅហួសពី ១៤ថ្ងៃទៅហើយមកទល់ពេលដែលចុះផ្សាយថា រកឃើញវិជ្ជមាននោះ»

បុរស​ជន​ជាតិ​វៀត​ណាម​រូប​នោះ បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ហើយ​បាន​​​​ធ្វើ​ដំណើរ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ត្រឡប់​ទៅ​វៀតណាម​វិញ​​កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា មុន​នឹង​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​វីរុស​នៅ ១៤​ថ្ងៃ​ក្រោយ។

បន្ថែមពីនេះ អ្នកស្រី វណ្ណឌីន អះអាងថា ក្រសួងសុខាភិបាល នៅតែប្រកាន់ជំហរសហប្រតិបត្តិការល្អ មានតម្លាភាពជានិច្ច និងបន្តការយកចិត្តទុកដាក់ស្រាវជ្រាវជាបន្តទៀត ខណៈ​ដែល​អ្នកស្រី​ថា កម្ពុជា​ពុំ​ទាន់​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នោះ​ឡើយ​គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​ឧសភា​នេះ។

បើ​តាម​សារព័ត៌មាន​នេះ បុរស​វៀតណាម​រូប​នេះ បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ឌុប​ដឹក​ដោយ​បុរស​ជន​ជាតិ​កម្ពុជា​​ ទៅ​កាន់​ផ្ទះ​ម្ដាយ​មីង​របស់​ខ្លួន​ស្ថិត​នៅ​ស្រុក​តាន់ចូវ។ ក្រោយ​ពី​ម្ដាយ​មីង​​របស់​គាត់​ផ្ដល់​យោបល់ បុរស​រូប​នេះ​បាន​រាយការណ៍​​ពី​ការ​វិល​ត្រឡប់​របស់​ខ្លួន​ទៅ​ស្ថានីយ៍​ប៉ូលិស​​ក្បែរ​នោះ ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា។ សំណាក​ឈាម​របស់​គាត់ ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​​យក​ទៅ​តេស្ត​ ហើយ​លទ្ធផល​បង្ហាញ​ថា គាត់​មិន​បាន​ឆ្លង​ជំងឺ​កូវីដ១៩​នោះ​ឡើយ។

VNExpress រាយការណ៍​បន្ត​ថា ប៉ុន្តែ ការ​ធ្វើ​តេស្ត​លើក​ទី​ពីរ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ បង្ហាញ​ថា លោក​ឆ្លង​វីរុស ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ទូទៅ​ខេត្ត​តាយនិញ។

សារព័ត៌មាន​នេះ​រាយការណ៍​បន្ថែម​ថា មនុស្ស​ ១៧​នាក់​ផ្សេង​ទៀត ដែល​បាន​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​គាត់ ត្រូវ​បាន​មន្ត្រី​សុខាភិបាល​​នាំ​យក​ទៅ​ដាក់​​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ