កម្ពុជាស្នើទៅភាគីវៀតណាមបកស្រាយជុំវិញរឿងដែលសារព័ត៌មានវៀតណាម VNExpress ចុះផ្សាយថា បុរសវៀតណាមម្នាក់ឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីធ្វើដំណើរវិលត្រឡប់ពីប្រទេសកម្ពុជាវិញ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្ថែមថា កម្ពុជាបានទំនាក់ទំនងទៅភាគីវៀតណាមរួចហើយ ដើម្បីឱ្យបកស្រាយជុំវិញរឿងដែលថា ជនជាតិវៀតណាមឆ្លងកូវីដចេញពីកម្ពុជា។ ប៉ុន្តែ លោកស្រីថា ភាគីវៀតណាមមិនឆ្លើយតបនោះទេ។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំបានអំពាវនាវគាត់ [ភាគីវៀតណាម] បើគេមិនឆ្លើយរឿងគេ មានន័យថា គេមិនឆ្លើយ មានន័យថា វាមិនពិត គេ [ក្រសួងសុខាភិបាល] ទំនាក់ទំនងហើយ បានគេចេញប្រកាសព័ត៌មានហ្នឹង»។
កាលពីម្សិលមិញនេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីជូនព័ត៌មានថា សារព័ត៌មាន VNExpress របស់វៀតណាម បានចុះផ្សាយកាលពីចុងសប្តាហ៍មុនថា បុរសវៀតណាមវ័យ ៣៩ឆ្នាំ នៅស្រុកតាន់ចូវ ខេត្តតាយនិញ ស្ថិតនៅជាប់ព្រំដែនកម្ពុជា ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ កាលពីថ្ងៃទី១៦ ខែឧសភា បន្ទាប់ពីត្រឡប់ពីខេត្តសៀមរាប ទៅប្រទេសវៀតណាមវិញ។
ករណីនេះ ក្រសួងបានចាត់មន្ត្រីជំនាញ សហការជាមួយអាជ្ញាធរខេត្តសៀមរាប ចុះស្រាវជ្រាវ ប៉ុន្តែ មិនមានឈ្មោះជនជាតិវៀតណាមរស់នៅទឹកដីខេត្តសៀមរាប និងឆ្លងជំងឺកូវីដ១៩ ដូចការចុះផ្សាយរបស់សារព័ត៌មាន VNExpress នោះទេ គឺជនជាតិវៀតណាមរូបនោះឆ្លងជំងឺកូវីដ១៩ នៅក្នុងទឹកដីវៀតណាមផ្ទាល់តែម្តង។
និយាយជារួម ក្រសួងសុខាភិបាលអំពាវនាវទៅភាគីវៀតណាមគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍និយ័តកម្មអន្តរជាតិលើករណីជំងឺឆ្លង មុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយ កុំឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេស។
ក្រសួងសុខាភិបាលអះអាងថា បើក្រសួងស្រាវជ្រាវរកឃើញករណីឆ្លងថ្មី នឹងជម្រាបជូនប្រជាពលរដ្ឋជ្រាបជាសាធារណៈផងដែរ។
វីអូឌី មិនអាចសុំការបំភ្លឺពីស្ថានទូតវៀតណាមប្រចាំកម្ពុជាបានទេនៅថ្ងៃនេះ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា កុំឱ្យមានមន្ទិលសង្ស័យ ភាគីវៀតណាមត្រូវធ្វើការបំភ្លឺតាមការស្នើសុំរបស់ភាគីកម្ពុជា ដើម្បីបង្ហាញពីតម្លាភាពនៃការទំនាក់ទំនងគ្នាកាន់តែល្អ ទើបរួមគ្នាទប់ស្កាត់កូវីដ១៩ មានប្រសិទ្ធភាព។
លោកមានប្រសាសន៍ថា៖ «វៀតណាមគួរតែឆ្លើយមកកម្ពុជាវិញថា ជនជាតិវៀតណាមនោះ គេឆ្លងកាត់កម្ពុជាដោយរបៀបណា ដោយការធ្វេសប្រហែសរបស់អាជ្ញាធរវៀតណាម ឬក៏ឆ្លងកាត់ពីកម្ពុជាទៅដោយសារតែអំពើពុករលួយនៅតាមច្រករបៀងតូចតាចណាដែលគេមិនអាចគ្រប់គ្រងបាន អញ្ចឹងច្បាស់ណាស់ ពេលវេលានេះ ភាគីវៀតណាមគួរតែមានការបង្ហាញឱ្យគ្រប់ជ្រុងជ្រោយ ហើយបើការបង្ហាញនោះមានហេតុផលគ្រប់គ្រាន់ វាគួរតែមានវិធានការរួមបន្ថែមទៀត ដើម្បីការពារកូវីដ១៩»។
បើតាមសារព័ត៌មាន VNExpress បុរសវៀតណាមរូបនេះ បានធ្វើដំណើរតាមម៉ូតូឌុបដឹកដោយបុរសជនជាតិកម្ពុជា ទៅកាន់ផ្ទះម្ដាយមីងរបស់ខ្លួនស្ថិតនៅស្រុកតាន់ចូវ។ ក្រោយពីម្ដាយមីងរបស់គាត់ផ្ដល់យោបល់ បុរសរូបនេះបានរាយការណ៍ពីការវិលត្រឡប់របស់ខ្លួនទៅស្ថានីយប៉ូលិសក្បែរនោះ ហើយត្រូវបានដាក់ឱ្យស្ថិតនៅដាច់ដោយឡែកនៅថ្ងៃទី៣ ខែឧសភា។ សំណាកឈាមរបស់គាត់ ត្រូវបានក្រុមគ្រូពេទ្យយកទៅធ្វើតេស្ត ហើយលទ្ធផលបង្ហាញថា គាត់មិនបានឆ្លងជំងឺកូវីដ១៩នោះឡើយ។
VNExpress រាយការណ៍បន្តថា ប៉ុន្តែ ការធ្វើតេស្តលើកទីពីរកាលពីថ្ងៃសុក្រកន្លងមកនេះ បង្ហាញថា លោកឆ្លងវីរុស ហើយត្រូវបានដាក់ឱ្យស្ថិតក្រោមការព្យាបាលនៅមន្ទីរពេទ្យទូទៅខេត្តតាយនិញ។
សារព័ត៌មាននេះរាយការណ៍បន្ថែមថា មនុស្ស ១៧នាក់ផ្សេងទៀត ដែលបានប្រាស្រ័យទាក់ទងជាមួយគាត់ ត្រូវបានមន្ត្រីសុខាភិបាលនាំយកទៅដាក់ក្នុងបន្ទប់ដាច់ដោយឡែកផងដែរ៕