មន្ត្រី​ទូត​វៀតណាម​ថា មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ប្រភព​នៃ​ការ​ឆ្លង​វីរុស​លើ​បុរស​ម្នាក់​ត្រឡប់​ពី​កម្ពុជាទេ​

មន្ត្រី​សុខាភិបាល​វៀតណាម ស្ថិត​នៅ​ខាង​ក្រៅ​នៃ​មន្ទីរ​ពេទ្យ​ខេត្ត​តាយនិញ នៅ​ជិត​ព្រំដែន​ជាមួយ​កម្ពុជា កាល​ពី​ខែ​មីនា ឆ្នាំ​២០២០។ (VNExpress)

មន្ត្រី​ការទូតវៀតណាមប្រចាំកម្ពុជា និយាយ​ថា អាជ្ញាធរ​វៀតណាម​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា បុរស​វៀតណាម​ម្នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា​នោះ បាន​ឆ្លង​វីរុស​នេះ​ពី​ប្រទេស​កម្ពុជា ឬ​ក៏​ឆ្លង​នៅ​វៀតណាម​ដោយ​ផ្ទាល់​នោះ។

សេចក្ដី​រាយការណ៍​សារព័ត៌មាន VNExpress​ បាន​ចុះ​ផ្សាយ​ថា បុរស​វៀតណាម​វ័យ ៣៩​ឆ្នាំ​ រស់​នៅ​ស្រុក​តាន់ចូវ ខេត្ត​តាយនិញ ត្រូវ​បាន​​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា។ សារព័ត៌មាន​បន្ត​ថា បុរស​វៀតណាម​រូប​នេះ ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​នេះ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ដោយ​ខុស​ច្បាប់​ត្រឡប់​ពី​កម្ពុជា​ចូល​ទៅ​វៀតណាម​វិញ​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា​។

វៀតណាម បាន​សម្រេច​បិទ​ទ្វារ​ព្រំដែន​ជាមួយ​កម្ពុជា​ និង​ផ្អាក​ការ​ឆ្លង​កាត់​ព្រំដែន​ទៅ​មក​ចាប់​តាំង​ពី​ខែ​មេសា​កន្លង​មក ហើយ​កម្ពុជា​បាន​សម្រេច​​បែប​នេះ​​តាម​ក្រោយ​វៀតណាម​ផង​ដែរ។

អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា អ្នកស្រី ឱ វណ្ណឌីន អះ​អាង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ក្រសួង​បាន​ស្នើ​ទៅ​ភាគី​វៀតណាម​បក​ស្រាយ​ចំពោះ​ករណី​នេះ។

ក្នុង​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA អគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក វ៉ូ ក្វាង មិញ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​និយាយថា ភាគី​វៀតណាម​មិន​ទាន់​អាច​បញ្ជាក់​បាន​អំពី​ប្រភព​ និង​ទីកន្លែង​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ទៅ​លើ​បុរស​វៀតណាម​នោះ​នៅ​ឡើយ​ទេ។

បើ​តាម​សេចក្ដី​រាយការណ៍​របស់ VNExpress មន្ត្រី​សុខាភិបាល​វៀតណាម បាន​ប្រមូល​យក​មនុស្ស ១៧​នាក់​ផ្សេង​ទៀត​ដែល​បាន​ប្រាស្រ័យ​ទាក់​ទង​នឹង​បុរស​វ័យ ៣៩​ឆ្នាំ​នោះ យក​ទៅ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ និង​ស្ថិត​ក្រោម​​ការ​ត្រួត​ពិនិត្យ​សុខភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ