ថៃបានបន្ធូរបន្ថយការយកពន្ធចំនួន ៣ដង លើប្រាក់ខែបុគ្គលិក និងចំនួន ១ដងកន្លះ លើប្រាក់ចំណេញរបស់ក្រុមហ៊ុនក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យម ឬហៅកាត់ថា SME ខណៈវិបត្តិជំងឺកូវីដ១៩ ក្នុងប្រទេស និងនៅជុំវិញសកលលោកបន្តអូសបន្លាយ។
វិធានការនេះ ធ្វើឡើងក្រោមគោលនយោបាយសង្គ្រោះសេដ្ឋកិច្ចពលរដ្ឋមានប្រាក់ចំណូលទាប និងអាជីវកម្មដែលកំពុងរងផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលពីចំណាត់ការប្រយុទ្ធនឹងជំងឺរាតត្បាតសកលក្នុងប្រទេសរបស់រដ្ឋាភិបាលថៃដំណាក់កាលទី៣។
យោងតាមការចុះផ្សាយរបស់គេហទំព័រពន្ធដារអន្តរជាតិនៅសប្តាហ៍មុន ឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុថៃ បានដាក់ចេញវិធានការបន្ថយការដកហូតពន្ធលើបុគ្គលិក និងពីក្រុមហ៊ុនក្នុងប្រទេស ដើម្បីជួយសម្រាលបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុដែលពួកគេកំពុងជួបប្រទះ។
ដំណោះស្រាយពន្ធនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់រដ្ឋការ លោក ប្រាយុទ្ធ ចាន់អូចា ក្នុងការជួយសង្គ្រោះសេដ្ឋកិច្ចក្រុមហ៊ុន និងការងាររបស់ពលរដ្ឋ ដែលកំពុងទទួលរងការប៉ះទង្គិចដោយសារវិបត្តិសុខភាពសកល ក្រោមការវាយលុកពីជំងឺកូវីដ១៩។
តាមប្រភពពី International Tax Review នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឱ្យដឹងថា នាយកដ្ឋានពន្ធដារថៃ នឹងកាត់បន្ថយការយកពន្ធចំនួន ៣ដង លើប្រាក់ខែបុគ្គលិក និង ១ដងកន្លះ លើប្រាក់ចំណេញក្រុមហ៊ុន ធៀបនឹងចំនួនពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ២០២០ ក្នុងរយៈពេល ៤ខែ ដោយគិតពីដើមខែមេសា ដល់ខែកក្កដា។
ប្រភពដដែលឱ្យដឹងបន្ថែមថា បុគ្គលិកទាំងនោះត្រូវមានប្រាក់ខែទាបជាង ១ម៉ឺន ៥ពាន់បាត ឬស្មើប្រមាណ ៤៦០ដុល្លារ និងកាន់ប័ណ្ណធានារ៉ាប់រងរបបសន្តិសុខសង្គម ឯក្រុមហ៊ុនត្រូវរក្សាបុគ្គលិកទាំងអស់ដែលបានចុះឈ្មោះក្នុងប្រព័ន្ធរបបសន្តិសុខសង្គម នៅមុនដំណាច់ឆ្នាំ២០១៩។
គោលនយោបាយនេះដែរ ផ្តល់សម្រាប់តែក្រុមហ៊ុនដែលមានបុគ្គលិកសរុបតិចជាង ២រយនាក់ និងមានប្រាក់ចំណូលប្រចាំឆ្នាំ ក្រោម ៥រយលានបាត រាប់ត្រឹមមុនដំណាច់ខែកញ្ញា ឆ្នាំ២០១៩។
តាមប្រភពពីក្រសួងសុខាភិបាលថៃ គិតត្រឹមថ្ងៃពុធនេះ ករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមួយនេះ បានកើនដល់ជាង ៣ពាន់ករណី (៣០២៨) ហើយ ដោយកើនថែម ៣ករណីនៅថ្ងៃម្សិលមិញ ក្នុងនោះ ករណីស្លាប់មាន ៥៦ករណី និងជាសះស្បើយមានជាង ២ពាន់ ៨រយករណី។
អាជ្ញាធរថៃបានចេញវិធានការបិទប្រទេស ហើយរឹតបន្តឹងការធ្វើដំណើរក្នុងស្រុក និងផ្អាកអាជីវកម្មផ្សេងៗជាបន្តបន្ទាប់ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាតត្បាតក្នុងប្រទេស និងឆ្លងបន្ថែមពីប្រទេសក្រៅ។ ចំណាត់ការទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋ ម្ចាស់អាជីវកម្ម និងសហគ្រាសជាច្រើន។
យ៉ាងណា អាជ្ញាធរបានដាក់ចេញវិធានការសង្គ្រោះ ៣ដំណាក់កាលមកហើយ គិតចាប់តាំងពីករណីឆ្លងដំបូងត្រូវបានរកឃើញនៅអំឡុងចុងខែមករា។
ក្នុងនោះ ក្នុងដំណាក់កាលទី៣ រដ្ឋាភិបាលបានអនុម័តថវិកាចំនួន ១,៩ទ្រីលានបាត ឬស្មើប្រមាណ ៨០ពាន់លានដុល្លារនៅខែមេសា ដើម្បីសង្គ្រោះសេដ្ឋកិច្ច និងសង្គមដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ បន្ថែមពីលើកញ្ចប់លុយ ៤រយពាន់លានបាត និង ១១៧ពាន់លានបាត ដែលបានបញ្ចេញនៅជំហានទី១ និងទី២ ក្នុងខែមីនា។
ក្រោមវិធានការសេដ្ឋកិច្ចនេះ ពលរដ្ឋ កសិករ និងកម្មករក្រីក្ររាប់លាននាក់នៅប្រទេសនេះ ទទួលបានប្រាក់ឧបត្ថម្ភ ១ម៉ឺន ៥ពាន់បាត សម្រាប់រយៈពេល ៣ខែ ហើយពួកគេម្នាក់ៗអាចខ្ចីលុយពីធនាគារពី ១ម៉ឺន ទៅ ៥ម៉ឺនបាត ជាមួយការប្រាក់ពី ០,១ ទៅ ០,៣៥ភាគរយក្នុងមួយខែ។
ដោយឡែក ម្ចាស់អាជីវកម្មក្នុងវិស័យ SME អាចខ្ចីប្រាក់ពីធនាគាររហូតដល់ ៣លានបាត ជាមួយអត្រាការប្រាក់ ៣ភាគរយក្នុង១ឆ្នាំ សម្រាប់រយៈពេល ២ឆ្នាំដំបូង និងទទួលបានការពន្យារពេលសងត្រឡប់ប្រាក់បំណុលចាស់ រយៈពេលពី ៣ខែ ទៅ ៦ខែ ផងដែរ។
គិតត្រឹមថ្ងៃពុធនេះ មេរោគកូវីដ១៩ ដែលមានប្រភពចម្លងចេញពីទីក្រុងវូហាន ប្រទេសចិន បានសម្លាប់មនុស្សអស់ជាង ៣១ម៉ឺននាក់ហើយ និងបានឆ្លងដល់មនុស្សជាង ៤លាន ៧សែននាក់ នៅក្នុងប្រទេស និងដែនដីចំនួន ២១៣ នៅជុំវិញពិភពលោក ក្នុងនោះ ជាសះស្បើយមានជិត ២លានករណី ឯស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមានជាង ៤ម៉ឺនករណី៕