អាមេរិករៀបចំសាកល្បងអាវុធនុយក្លេអ៊ែទ្រង់ទ្រាយធំ​

មេដឹកនាំសហរដ្ឋអាមេរិកកំពុងរៀបចំផែនការបាញ់សាកល្បងអាវុធនុយក្លេអ៊ែដោយបើកចំហទ្រង់ទ្រាយធំដែលមិនធ្លាប់មានរយៈពេល២៨ឆ្នាំមកហើយ គឺការសាកនេះក្រោមហេតុផលពង្រឹងសមត្ថភាពការពារជាតិ។​

សារព័ត៌មានWashington Post ចុះផ្សាយថា មេដឹកនាំអាមេរិកបានបើកការពិភាក្សាពីការបាញ់សាកល្បងអាវុធនុយក្លេអ៊ែនេះកាលពីថ្ងៃទី១៥ខែឧសភា។ សារព័ត៌មានដដែលដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកបញ្ជាក់ថា ការបាញ់សាកល្បងអាចនឹងចាប់ផ្តើមនៅពេលឆាប់ខាងមុខនេះ។​

បើទោះជាសហរដ្ឋអាមេរិកប្រើហេតុផលថា ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែនេះជាការអនុវត្តគោលនយោបាយការពារជាតិក៏ដោយ ប៉ុន្តែរូបភាពហាក់បង្ហាញពីការគំរាមដល់ចិន និង រុស្ស៊ី ដោយអាមេរិក​ចោទចិន និងរុស្ស៊ីថា បានចរចាដោយសម្ងាត់ពីសហប្រតិបត្តិការអាវុធនុយក្លេអ៊ែ។​

សញ្ញាថ្មីៗនៃភាពរកាំរកូសរវាងមហាអំណាចអាវុធនុយក្លេអ៊ែនេះ នាំឱ្យសហគមន៍អន្តរជាតិបារម្ភខ្លាចមានការសកម្មភាព ប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរវាងប្រទេសមហាអំណាចដែលនាំឱ្យមានអន្តរាយដល់ពិភពលោក។​

នាយកប្រតិបត្តិសមាគមគ្រប់គ្រងអាវុធលោក Daryl Kimball ថ្លែងថា នេះជាសកម្មភាពចាប់ផ្តើមប្រកួតប្រជែងអាវុធនុយក្លេអ៊ែដ៏គ្រោះថ្នាក់។ លោកបន្តថា សកម្មភាពប្រឈមគ្នារវាងអាមេរិក ចិន និងរុស្ស៊ីនេះ ហាក់ដូចជា បង្ហាញថា ពួកគេឈប់ចរចារឿងបញ្ហាអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងហើយ នឹងនាំឱ្យមានការបាញ់សាកល្បងអាវុធដ៏គ្រោះថ្នាក់នេះកើតឡើងផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយរបស់Channel News Asia។​

ថ្មីៗនេះលោកដូណាល់ ត្រាំ បានប្រកាសលុបចោលកិច្ចព្រមព្រៀង«លំហអាកាស»ជាមួយ​រុស្ស៊ី។ កិច្ចព្រមព្រៀងនេះ បង្កើតឡើងដើម្បីបង្ហាញតម្លាភាពកងទ័ព និងទំនុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសមហាអំណាចទាំងពីរ។

នៅដើមខែឧសភានេះ លោក ដូណាល់ ត្រាំ ក៏បានប្រាប់ទៅលោកវ្លាឌីមៀ ពីទីម​ មេដឹកនាំរុស្ស៊ី ឱ្យចៀសវាងចំពោះ ការចរចាពង្រឹងសមត្ថភាពអាវុធរវាងចិននិងរុស្ស៊ីក្លាយទៅជា ការប្រណាំងប្រជែងសព្វាវុធ។​

ការសម្រេចចិត្តថ្មីៗរបស់លោកត្រាំ ពីបញ្ហាអាវុធនុយក្លេអ៊ែនេះ ត្រូវបានសហភាពអឺរ៉ុបជំរុញឱ្យមានការពិចារណាឡើងវិញ ដើម្បីរកដំណោះស្រាយឱ្យបានប្រសើរជាងនេះ។​

កាលពីខែកុម្ភៈមន្ទីរបង់តាហ្គោន ជាទីបញ្ជាការដ្ឋានកងទ័ពអាមេរិកធ្លាប់បានប្រកាសថា ខ្លួនបានរៀបចំនាវាមុជទឹក ដោយបំពាក់អាវុធនុយក្លេអ៊ែបាញ់បានចម្ងាយឆ្ងាយ ដើម្បីត្រៀមទប់ស្កាត់បើរុស្ស៊ីបាញ់សាកល្បងអាវុធប្រហាក់ប្រហែលគ្នានេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ