ក្រសួង​សុខាភិបាល​អះ​អាង​ថា អ្នក​ប្រាស្រ័យ​ទាក់​ទង​នឹង​ស្ត្រី​កម្ពុជា​ផ្ទុក​កូវីដ១៩​មិន​មាន​បញ្ហា​សុខភាព

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលកម្ពុជា អះអាងថា អ្នកប្រាស្រ័យទាក់ទងជាមួយស្ត្រីកម្ពុជាម្នាក់ ដែលត្រូវបានរកឃើញឆ្លងវីរុសកូវីដ១៩នាពេលថ្មីៗនេះ មិន​មានបញ្ហា​សុខភាពនោះ​ឡើយ។

ស្ត្រី​កម្ពុជា​ម្នាក់​វ័យ ៣៩​ឆ្នាំ ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ១៩​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា បន្ទាប់​ពី​គាត់​បាន​ធ្វើ​ដំណើរ​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក ឆ្លង​កាត់​កូរ៉េ​ខាង​ត្បូង មុន​នឹង​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ទី៨ ​ខែ​ឧសភា​នេះ។

អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន មានបក​ស្រាយ​ប្រាប់អ្នកសារព័ត៌មានតាមតេឡេក្រាមនាថ្ងៃនេះថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី២៤ ខែឧសភានេះ លទ្ធផលដែលទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅម៉ោង ២២៖៣០នាទី នាថ្ងៃទី២៣ ខែឧសភា បង្ហាញថា ​ ក្នុងចំណោមមនុស្ស ៦៨​នាក់ ដែលធ្វើដំណើរតាមយន្តហោះហើរត្រឡប់ពីអាមេរិកឆ្លងកាត់កូរ៉េត្រឡប់មកកម្ពុជា មានជនជាតិខ្មែរម្នាក់ មានវីរុសកូវីដ១៩។

ចំណែក មនុស្ស៦៧នាក់ផ្សេងទៀត ក្នុង​នោះ​ខ្មែរ ៣០​នាក់ កូរ៉េ ៣៣​នាក់ និង​ជន​ជាតិ​រុស្ស៊ី ស្វីស និង​អូទ្រីស រួមទាំងស្វាមីស្ត្រីកម្ពុជាដែលឆ្លងកូវីដ១៩ផងនោះ ក្រសួងសុខាភិបាលអះអាងថា គិតត្រឹមថ្ងៃទី២៤ ខែឧសភានេះ មិនមានអ្នកឆ្លងកូវីដ១៩នោះទេ ពោលពួកគេមានសុខភាពល្អធម្មតា។

អ្នកស្រីមាន​​ប្រសាសន៍ថា៖ «ពួកគេទាំងអស់គ្នាមិនមានបញ្ហាសុខភាព  ហើយផុតកំណត់ ១៤ថ្ងៃហើយ»

នៅ​ពេល​សាក​សួរ​ថា តើ​អ្នក​ដំណើរ​ទាំង​អស់​នោះ ស្នាក់នៅ​ទីណា និង​មាន​លិខិត​បញ្ជាក់​សុខភាព​ដែរ​ឬ​យ៉ាងណា​នោះ អ្នកស្រី ឱ វណ្ណឌីន មិន​បាន​ឆ្លើយ​តប​នោះ​ឡើយ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៣ ខែឧសភានេះ បញ្ជាក់ថា អ្នកដែលទើបរកឃើញមានផ្ទុកមេរោគកូវីដ១៩នេះ ជាស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកមានកូវីដ១៩ គិតមកត្រឹមថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២០នេះ មានចំនួន ​១២៤នាក់ក្នុងនោះ ស្រ្តី៣៨នាក់។ ក្នុងចំណោមអ្នកដែលមានកូវីដ១៩ទាំងនេះ ក្រសួងព្យាបាលជាសះ​ស្បើយ​ចំនួន ​១២២នាក់ និងនៅសល់ ២នាក់(ស្ត្រីម្នាក់) ជា​ករណី​ទើប​រក​ឃើញ​ថ្មី ដែល​ស្ថិត​ក្រោម​ការ​ព្យាបាលនៅមន្ទីរពេទ្យមិត្តភាព-សូវៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ