សត្វទន្សោងព្រៃឈ្មោលមួយក្បាល បានស្លាប់ ក្រោយពីរងរបួសជើងម្ខាងដោយសារជាប់អន្ទាក់របស់ព្រានព្រៃនៅក្នុងភូមិសាស្រ្តចំណុចអូរថ្ម ស្ថិតក្នុងដែនជម្រកសត្វព្រៃនៃព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត។
ព្រះប្រធានព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ព្រះតេជគុណ ប៊ុន សាលួត បានមានសង្ឃដីកាប្រាប់វីអូឌីនៅថ្ងៃនេះថា សត្វទន្សោងព្រៃដែលមានអាយុចន្លោះពី ១៣ ទៅ ១៥ឆ្នាំ បានស្លាប់ម៉ោង ៣:២០នាទីទៀបភ្លឺថ្ងៃទី២៤ ខែឧសភា បន្ទាប់ពីក្រុមគ្រូពេទ្យពុំអាចជួយសង្គ្រោះជីវិតវាបាន។
ព្រះតេជគុណ សាលួត បានឱ្យដឹងថា សត្វទន្សោងមួយក្បាលនេះ បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានរងរបួសជើងម្ខាងធ្ងន់ធ្ងរ ដោយសារតែជាប់អន្ទាក់ព្រានព្រៃនៅក្នុងព្រៃសហគមន៍នោះ។
ព្រះអង្គមានសង្ឃដីកាបន្ថែមថា ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះសត្វទន្សោងមួយក្បាលនេះ ដោយបានកាត់ជើងដែលមានរបួស ប៉ុន្តែ នៅតែពុំអាចជួយសង្គ្រោះជីវិតរបស់វាបាន។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបង្ហាញការសោកស្ដាយចំពោះការបាត់បង់សត្វទន្សោងឈ្មោលមួយក្បាលនេះ ដោយថា សត្វព្រៃមួយក្បាលនេះមានទឹកមុខគួរឱ្យអាណិតអាសូរ មុននឹងវាស្លាប់។
ព្រះតេជគុណ សាលួត បានឱ្យដឹងថា ក្នុងរយៈពេលជិត ២០ឆ្នាំមកនេះដែលព្រះអង្គបានការពារសហគមន៍មួយនេះ ព្រះសង្កេតឃើញមានសត្វទន្សោងចន្លោះពី ៨០ ទៅ ១២០ក្បាល រស់នៅក្នុងព្រៃសហគមន៍មួយនេះ។
យើងទៅតាមទំព័រហ្វេសបុកក្រសួងបរិស្ថាន សាកសពសត្វទ្សោងនេះនឹងត្រូវមន្ត្រីឧទ្យានុរក្ស និងព្រះតេជគុណ ប៊ុន សាលួត បញ្ចុះនៅទីស្នាក់ការកណ្តាលនៃព្រៃសហគមន៍សង្ឃរុក្ខវ័ននៅម៉ោង ៧ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០៕